ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹកនាំ​ថៃ​លើក​ចិន​ជា​គំរូ​វិជ្ជមាន​នៅ​ក្នុង​សារ​បញ្ចប់ឆ្នាំ


នាយករដ្ឋមន្រ្តី​ថៃ​លោកប្រាយុទ្ធ​ ចាន់អូឆា (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក ស៊ី​ ជីនពីង​ប្រធានាធិបតី​ចិន​មុន​កិច្ចប្រជុំ​មួយ​នៅ​សាល​ Great Hall of Peopleនៅ​ក្នុង​ទីក្រុង​ប៉េកាំង​ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០១៤។
នាយករដ្ឋមន្រ្តី​ថៃ​លោកប្រាយុទ្ធ​ ចាន់អូឆា (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក ស៊ី​ ជីនពីង​ប្រធានាធិបតី​ចិន​មុន​កិច្ចប្រជុំ​មួយ​នៅ​សាល​ Great Hall of Peopleនៅ​ក្នុង​ទីក្រុង​ប៉េកាំង​ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០១៤។

នាយករដ្ឋមន្រ្តី​ថៃ​ លោកប្រាយុទ្ធ​ ចាន់អូឆា (Prayuth Chan-ocha)​ បាន​លើក​យក​ប្រទេស​ចិន​ធ្វើ​ជា​គំរូ​ល្អ​មួយ​ផ្នែក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​សុន្ទរកថា​បញ្ចប់​ឆ្នាំ​មួយ​ដែល​ថ្លែង​ទៅ​កាន់​ក្រុម​មន្រ្តី​រាជរដ្ឋាភិបាល​៧ខែ​បន្ទាប់​ពី​លោក​បាន​ទទួល​បាន​អំណាច​តាម​រយៈ​រដ្ឋ​ប្រហារ​យោធា​មួយ។

លោក ប្រាយុទ្ធ ដែល​ជា​អតីត​មេ​បញ្ជាការ​កងទ័ព​ដែល​បាន​ដឹកនាំ​រដ្ឋប្រហារ​នោះ និយាយ​ថា​ «ឈប់​ឈ្លោះ​គ្នា​ទៅ​លើ​រឿង​អត់​ប្រយោជន៍​ទៅ» ហើយ​សម្លឹង​មើល​ទៅ​ប្រទេស​មហា​អំណាច​ចិន​ជា​គំរូ។

សុន្ទរកថា​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ ខែធ្នូ ធ្វើ​ឡើង​បន្ទាប់​ពី​ទស្សនៈកិច្ច​ថ្នាក់​ប្រមុខ​រដ្ឋ​រយៈ​ពេល​២ថ្ងៃ​មួយ​ទៅ​កាន់​ប្រទេស​ចិន ដែល​ទស្សនៈកិច្ច​នោះ​មាន​គោល​បំណង​បង្កើត​ទំនាក់ទំនង​ឲ្យ​កាន់​ជិតស្និទ្ធ​ជាង​នេះ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បន្ទាប់​ពី​មាន​ភាព​រកាំរកូស​ក្នុង​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។

ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​បាន​ដាក់​ទណ្ណកម្ម​ ហើយ​បន្ថយ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ថៃ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​រដ្ឋប្រហារ​នោះ។ កាលពី​អាទិត្យ​មុន​ រដ្ឋាភិបាល​លោក​ ប្រាយុទ្ធ ​បាន​ប្រើប្រាស់​កិច្ច​ប្រជុំ​កំពូល​ក្នុង​តំបន់​មួយ​នៅ​ក្នុង​ក្រុង​បាងកក​ ធ្វើ​ជា​ភស្តតាង​ទៅ​លើ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ការ​ផ្តល់​ទំនុក​ចិត្ត​សារ​ជា​ថ្មី​ពី​សហគមន៍​អន្តរជាតិ​ទៅ​លើ​ប្រទេស​ថៃ។​

លោក ប្រាយុទ្ធ និយាយ​ថា​ «ខ្ញុំ​បាន​និយាយ​ទៅ​ប្រធានាធិបតី​ចិន​ លោក ស៊ី​ ជីនពីង (Xi Jinping) ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​កាលពី​៦០ឆ្នាំ​មុន​ប្រទេស​របស់​គាត់​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​នៅ​ក្នុង​ពិភពលោក។ នៅ​ក្នុង​រយៈ​ពេល​៣០ឆ្នាំ​ គេ​អាច​ធ្វើ​ឲ្យ​ប្រទេស​គេ​ក្លាយ​ទៅ​ជា​ប្រទេស​មហាអំណាច​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ពិភពលោក។ ប៉ុន្តែ​ យើង​នៅ​តែ​ប្រកែក​គ្នា​ទៅ​លើ​រឿង​អត់​ប្រយោជន៍»។

កងទ័ព​បាន​កាន់​កាប់​ប្រទេស​ថៃ​តាម​រយៈ​អ្វី​ដែល​ខ្លួន​ហៅថា​ជា​ការ​ប៉ុន​ប៉ង​ដើម្បី​ឲ្យ​មាន​ភាព​ស្ងប់​ស្ងាត់​បន្ទាប់ពី​មាន​វិបត្តិ​អស់​រយៈ​ពេល​ជាង​៦ខែ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​សា្លប់​ជិត​៣០នាក់។

ក្នុង​ចំណោម​ការងារ​ជាច្រើន​ដែល​លោក ប្រាយុទ្ធ ជួប​ប្រទះ​នៅ​ក្នុង​ឆ្នាំ​២០១៥ គឺជា​របៀប​ក្នុង​ការ​ស្តារ​វិបត្តិ​សេដ្ឋកិច្ច និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​មាន​គោល​បំណង​ការពារ​មិន​ឲ្យ​មាន​ការ​វិល​ត្រឡប់​របស់​អតីត​នាយករដ្ឋមន្រ្តី​ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ( Thaksin Shinawatra) ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​តំណែង និង​សម្ព័ន្ធ​មិត្ត​របស់​លោក។

លោក ថាក់ស៊ីន​ ដែល​ជា​អតីត​មហាសេដ្ឋី​ផ្នែក​ទូរ​គមនាគមន៍​ ត្រូវ​បាន​គេ​បណ្តេញ​ពី​តំណែង​ក្នុង​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០០៦ ហើយ​កំពុង​ប្រឈម​ជាមួយ​ការ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​ពី​បទ​អំពើ​ពុករលួយ។ ប្រទេស​ថៃ​ត្រូវ​បាន​ពុះ​ជ្រែក​អស់​រយៈពេល​១ទស្សវត្សរ៍​រវាង​អ្នក​គាំទ្រ​លោក ថាក់ស៊ីន និង​យោធា​របស់​ព្រះមហាក្សត្រ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​បាងកក ហើយ​ក្រុម​យោធា​នោះ​បាន​ចាត់​ទុក​លោក​ ថាក់ស៊ីន ជា​ការ​គំរាមកំហែង​មួយ។

ទោះ​ជា​មាន​ការ​វិល​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ​ក៏​ដោយ ក៏​សេដ្ឋកិច្ច​របស់​ថៃ​ដែល​ជា​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២​នៅ​ក្នុង​អាស៊ីអាគ្នេយ៍​ឋិត​នៅ​នឹង​មិន​ទៅ​មុខ។​

សេដ្ឋកិច្ច​មាន​ការ​ងើប​ឡើង​ត្រឹម​តែ​០.២ភាគរយ​ប៉ុណ្ណោះ​សម្រាប់​រយៈពេល​៩ខែ​ដំបូង​សម្រាប់​ឆ្នាំ​នេះ។ ធានាគារ​កណ្តាល​បាន​កាត់​បន្ថយ​ការ​ព្យាករណ៍​អត្រា​កំណើនសេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១៤ និង​២០១៥។

ប្រទេស​ថៃ​នៅ​តែ​ស្ថិត​នៅ​ក្រោម​ច្បាប់​អាជ្ញាសឹក​បន្ទាប់​ពី​រដ្ឋ​ប្រហារ​នោះ​ ដែល​ជា​អ្វី​មួយ​ដែល​បាន​រុញ​ច្រាន​អ្នក​ទេសចរណ៍​ឲ្យ​ឋិត​នៅ​ឆ្ងាយ​ពី​ប្រទេស​ថៃ​ និង​ធ្វើ​ឲ្យ​បាត់​បង់​ថវិកា​ទេសចរណ៍​ដែល​មាន​ប្រមាណ​១០ភាគរយ​នៃ​សេដ្ឋកិច្ច​ជាតិ។

​នា​ដើម​សប្តាហ៍​នេះ​ សហរដ្ឋអាមេរិក​បាន​ចាត់​ទុក​ការ​ពន្យារពេល​ការ​បោះ​ឆ្នោត​ជា​សកល​នៅ​ប្រទេស​ថៃ​ដែល​នឹង​ធ្វើ​នៅ​ខែ​កុម្ភៈ ឆ្នាំ២០១៦ ជា​ទង្វើ​មិន​ត្រឹមត្រូវ និង​មិន​សម​ហេតុផល៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG