ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ថៃ​ថា កម្ពុជា​យល់​ពី​សុខទុក្ខ​គ្នា​នៃ​ប្រទេស​ទាំងពីរ​ ​ក្រោយ​កម្ពុជា​ប្រកាស​លុប​ចោល​លិខិត​ឆ្លងដែន​ការទូត


លោក​​ Don Pramudwinai​ ​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ។
លោក​​ Don Pramudwinai​ ​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ។

រដ្ឋាភិបាល​ថៃ​បាន​ប្រាប់​កាសែត​បាងកកប៉ុស្តិ៍​ថា​ កម្ពុជា​​យល់​ពី​សុខទុក្ខ​របស់​ខ្លួន​​ ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​​បាន​ចេញ​សារាចរ​ណែនាំ​មួយ​​ឲ្យ​មាន​ការ​លុប​ចោល​លិខិត​ឆ្លង​ដែន​ការទូត​របស់​កម្ពុជា​ ដែល​ចេញ​ជូន​ជន​បរទេស​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ។

រដ្ឋាភិបាល​ទីក្រុង​បាងកក​របស់​ប្រទេស​ថៃបាន​សាទរកម្ពុជា​ចំពោះ​ការ​ធ្វើ​មោឃ​កម្មលិខិត​ឆ្លង​ដែន​ការទូត​កម្ពុជា​ ដែល​ចេញ​ជូន​ទីប្រឹក្សា​ និង​ជំនួយ​ការ​ដែល​គ្មាន​សញ្ជាតិ​ខ្មែររបស់​ក្រុម​មន្ត្រី​កម្ពុជា​ ហើយ​ថា​ ទង្វើ​នេះបាន​បញ្ជាក់​ពីការ​រឹត​ចំណង​ខ្លាំង​ឡើង​រវាង​ប្រទេស​ថៃ​ និង​កម្ពុជា​ ដែល​មាន​ភូមិ​ផង​របង​ជាមួយ​គ្នា​នោះ។​ ​នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍​ (Bangkok Post)ដែលបាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។​

កាសែត​បាងកក​ប៉ុស្តិ៍​ បាន​ធ្វើ​សេចក្តី​រាយ​ការណ៍ដោយ​ស្រង់​សម្តី​របស់​លោក Don Pramudwinai​ ​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ​ ​ដែល​បាន​និយាយកាលពីថ្ងៃ​អង្គារ​ថា​ សេចក្តី​សម្រេច​ចិត្ត​របស់​ប្រទេស​កម្ពុជា​ ដែល​បាន​លុប​ចោល​លិខិត​ឆ្លង​ដែន​ការទូត​របស់​ពលរដ្ឋ​ដែល​គ្មាន​សញ្ញាតិ​ខ្មែរ«បង្ហាញ​ពីចំណង​ទាក់​ទង​រឹងមាំ​រវាង​ប្រទេស​កម្ពុជានិង​ថៃ»។​

កាលពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ២០១៩​ ​លោក​ហ៊ុន សែន​ ​នាយរដ្ឋ​មន្ត្រី​កម្ពុជា​ បាន​ចេញសារាចរ​ណែនាំមួយ​ ដោយ​បាន​លើក​ឡើងថា ការ​ចេញ​លិខិត​ឆ្លងដែន​ទៅ​ឲ្យ​ពល​រដ្ឋ​បរទេស​ដែល​ជា​ទី​ប្រឹក្សា​ និង​ជំនួយ​ការ​របស់​មន្ត្រី​កម្ពុជាគឺ​មិន​ចាំបាច់​ទេ។​

លោក​ ហ៊ុន សែនក៏បាន​ស្នើ​ឲ្យអាជ្ញាធរ​ពាក់ព័ន្ធ​របស់​កម្ពុជាប្រមូល​លិខិត​ឆ្លង​ដែន​ការទូត​ដែល​ក្រសួង​ ស្ថាប័ន​កម្ពុជាបានស្នើ​សុំ​ជូន​ទីប្រឹក្សា​ និង​ជំនួយ​ការ​របស់​ខ្លួន ​ដែល​ពុំមាន​សញ្ជាតិ​ខ្មែរ​ ហើយ​ប្រគល់​លិខិត​ឆ្លងដែន​ការ​ទូត​ទាំង​នោះ​ជូន​ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ មិន​ឲ្យ​ហួស​ពី​រយ:ពេល​មួយ​ខែ​ គិត​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​សារាចរ​នេះ។​

ការ​សម្រេច​របស់​លោក ហ៊ុន សែន​ ​ដែល​គេ​ដឹង​ថា​ មាន​ទំនាក់​ទំនង​ជិត​ដិត​ជា​មួយ​ក្រុម​គ្រួសារ​អតីត​លោក ថាក់ស៊ីន​ ស៊ីណាវ៉ាត​ (Thaksin Shinawatra)នាយក​រដ្ឋមន្ត្រី​ថៃនោះ​ ​កើតមាន​ឡើង​ បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​របស់​កាសែត​South China Morning នៅ​ទី​ក្រុង​ហុងកុង​ដែល​ថា ​អ្នក​ស្រីយីងឡាក់​ ស៊ីណាវ៉ាត​ ​ដែល​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ផង​នោះ​ និង​ជាប្អូន​ស្រី​បង្កើត​របស់​លោក​ថាក់​ស៊ីន​ បាន​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ចេញ​ដោយ​អាជ្ញាធរ​របស់​ប្រទេស​កម្ពុជា​ ទៅ​ធ្វើ​ជំនួញក្នុង​ទីក្រុង​ហុងកុង។​

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយ​ការណ៍​ថា​ ការ​សម្រេច​របស់​កម្ពុជា​ធ្វើ​ឡើង​ ​បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​ដែល​ថា​ អ្នក​ស្រី​យីងឡាក់​អតីត​នាយក​រដ្ឋ​មន្ត្រី ដែល​បាន​លួចរត់​ចេញ​ពី​ប្រទេស​នោះ​ បាន​ទទួល​ផល​ប្រយោជន៍ពី​បុព្វ​សិទ្ធិ​នេះ។​

កាសែត​បាង​កក​ប៉ុស្តិ៍​បានស្រង់​សម្តី​លោក​ ​Don Pramudwinai​ ​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​ដែល​បន្ថែម​ថា៖​

«វាជា​ការបង្ហាញច្បាស់​លាស់​ និង​ផ្លូវការ​មួយ»​នៃ​គោល​ជំហររបស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​បង្ហាញ​ពី​ការណ៍​ដែល​ថា​«យើង​យល់​ពី​អារម្មណ៍​គ្នា​ទៅវិញ​ទៅ​មក»។​

រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (VOA)
រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (VOA)

នាយ​ឧត្តម​សេនីយ៍ ​ខៀវ សុភ័គ​ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ ​សុំមិន​ធ្វើ​ការ​អធិប្បាយ​ទៅលើ​អ្វី​ដែល​គេ​ចោទ​ថា ​កម្ពុជា​បាន​ចេញ​លិខិត​ឆ្លង​ដែន​ឲ្យ​អ្នកស្រី​យីងឡាក់ទេ។ ​ប៉ុន្តែ​លោក​ថា កម្ពុជា​កំពុង​បន្ត​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ថៃ។

«បាទ​ ធម្មតា​ប្រទេស​កម្ពុជា​ មិន​ដែល​ចង់​ធ្វើ​សត្រូវ​ជាមួយ​ប្រទេស​ណា​ជាពិសេស​មិត្ត។ មិត្ត​ជិត​ខាង​ហ្នឹង​គឺ​យើង​រីករាយ​ណាស់ដើម្បី​នឹង​ពង្រីក​ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ។ ​និយាយ​រួម ​អ្នកជិត​ខាងយើង​គឺបាន​សេចក្តី​ថា ​បើ​នៅ​ផ្ទះ​វិញ​គឺ​ថា​ មាន​សម្ល​មួយ​ចាន​ឲ្យ​គ្នា​រឹត​តែ​ល្អ​ទៀត​ ​ហើយ​ហ្នឹង​ហើយ​ ស្រឡាញ់​គ្នា​ រាប់​អាន​ជា​គ្នា​ ល្អ​ប្រសើរ ដូចយើង​បាន​តែង​តែលើក​ឡើង​ថា​ ព្រំដែន​សន្តិភាព​ ព្រំដែន​មិត្តភាព​ ព្រំដែន​កិច្ច​សហ​ប្រតិបត្តិការ​ហ្នឹង​ឯង»។

កាសែត​បាងកកប៉ុស្តិ៍​បាន​យោង​ទៅ​លើកាសែត South China Morning Post ​របស់​ទីក្រុង​ហុងកុង​ដែលបាន​ចេញ​ផ្សាយ​សេចក្តី​រាយ​ការណ៍​មួយ​កាល​ពី​សប្តាហ៍​មុន​ថា​ អ្នកស្រី​យីងឡាក់បាន​ប្រើ​ប្រាស់​លិខិត​ឆ្លងដែន​កម្ពុជាដើម្បី​ចុះឈ្មោះ​ជា​ប្រធាន​ក្រុមហ៊ុន​សារ​ជីវកម្ម​ PT Corporation ​គឺ​មួយឆ្នាំ​បន្ទាប់​ពី​អ្នកស្រី​បាន​ចាក​ចេញ​ពី​ប្រទេស​ថៃ​ កាល​ពី​ខែ​សីហាឆ្នាំ​២០១៧។ ​អតីត​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​បាន​ចាក​ចេញ​ពី​ប្រទេស​ថៃ ​នៅ​មុន​ការ​កាត់​ទោស​ក្រោម​បទ​ឧក្រិដ្ឋ​នៃ​ការ​ចាត់​ចែង​មិន​ត្រឹមត្រូវ​ក្នុង​ឧស្សាហ​កម្ម​ស្រូវ​អង្ករ​ដែល​ញាំញី​ដោយ​អំពើ​ពុក​រលួយ៕

XS
SM
MD
LG