ខ្មាន់កាំភ្លើងវ័យក្មេងអាមេរិកាំងដែលបានបាញ់សម្លាប់កុមារសិស្សសាលា១៩នាក់និងមនុស្សពេញវ័យ២នាក់នោះបានព្រមានតាមសាររបស់ខ្លួននៅក្នុងបណ្តាញសង្គម មុនពេលហេតុការណ៍បាញ់ប្រហារកើតឡើងបន្តិចថា ខ្លួនប្រហែលនឹងចូលទៅបាញ់ប្រហារនៅក្នុងសាលាបឋមសិក្សាមួយ។ នេះបើតាមការលើកឡើងរបស់អភិបាលរដ្ឋ Texas លោក Greg Abbott កាលពីថ្ងៃពុធម្សិលមិញ។
លោក Abbott បានបញ្ជាក់ថា ជនដៃដល់មានឈ្មោះ Salvador Ramos មានអាយុ១៨ឆ្នាំជាក្មេងដែលបានបោះបង់ការសិក្សានៅវិទ្យាល័យ។ លោក Abbott និយាយថា ជនល្មើសនេះ មានបញ្ហាផ្លូវចិត្ត ដែលធ្វើឱ្យមានការបាញ់ប្រហារកាលពីថ្ងៃអង្គារនៅក្នុងសាលាបឋមសិក្សា Robb Elementary School នៅក្នុងទីក្រុង Uvalde រដ្ឋ Texas សហរដ្ឋអាមេរិក។ ជនដៃដល់រូបនេះត្រូវបានទីភ្នាក់ងារល្បាតព្រំដែនអាមេរិកម្នាក់បាញ់សម្លាប់នៅកន្លែងកើតហេតុ។
ក៏ប៉ុន្តែ លោកអភិបាលរដ្ឋរូបនេះនិយាយថា ពួកមន្ត្រីមិនបានរកឃើញឯកសារផ្លូវការណាមួយដែលបានបញ្ជាក់ថា ក្មេងប្រុសរូបនេះមានបញ្ហាផ្លូវចិត្តនោះឡើយ បើទោះបីជាមានព័ត៌មានមួយចំនួនធ្លាប់បានចុះផ្សាយថា ជនដៃដល់រូបនេះធ្លាប់បានប្រើកាំភ្លើងខ្យល់បាញ់ទៅលើមនុស្សមួយចំនួន និងធ្លាប់បានគប់ពងមាន់ដាក់រថយន្តគេមួយចំនួននៅតាមដងផ្លូវក្នុងទីក្រុង Uvalde នោះក៏ដោយ។ ទន្ទឹមនឹងនោះដែរ មិត្តភក្តិមួយចំនួនរបស់ជនដៃដល់បាននិយាយថា ក្មេងជំទង់ដែលជាខ្មាន់កាំភ្លើងរូបនេះមានការខឹងសម្បា ដោយសារតែខ្លួនមិនបានចូលរៀនគ្រប់ម៉ោងក្នុងការបញ្ចប់ការសិក្សានៅសប្តាហ៍នេះ ដូចមិត្តភក្តិផ្សេងៗទៀតក្នុងថ្នាក់របស់ខ្លួននោះ។
អភិបាលរដ្ឋ Texas លោក Abbott បន្តទៀតថា រយៈពេល៣០នាទីមុនពេលជនដៃដល់រូបនេះសម្រុកចូលទៅសាលារៀននោះ ជននេះបានបង្ហោះសារនៅលើហ្វេសប៊ុកដោយនិយាយថា «ខ្ញុំនឹងបាញ់ជីដូនរបស់ខ្ញុំ» ដែលខ្លួនរស់នៅជាមួយ ហើយក៏បានបាញ់ទៅលើមុខជីដូនតែម្តង។ ជីដូនរបស់ជនរូបនេះឈ្មោះ Celia Martinez អាយុ៦៦ឆ្នាំបាននៅរស់រានមានជីវិត ហើយកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដោយមានស្ថានភាពរបួសធ្ងន់ធ្ងរ។
បន្ទាប់ពីបាញ់ជីដូនរបស់ខ្លួនមក ជននោះក៏បានបង្ហោះសារទៀតថា៖ «ខ្ញុំបានបាញ់ជីដូនរបស់ខ្ញុំរួចហើយ»។
ក្នុងសារបង្ហោះទី៣របស់ខ្លួន ជនល្មើសដែលមានឈ្មោះ Ramos រូបនេះបានព្រមានទៀតថា៖ «ខ្ញុំនឹងទៅបាញ់ប្រហារនៅសាលាបឋមសិក្សាមួយ»។ នេះបើតាមការលើកឡើងវិញរបស់អភិបាលរដ្ឋ Texas លោក Abbott។
លោក Andy Stone អ្នកនាំពាក្យរបស់ក្រុមហ៊ុន Facebook បានបញ្ជាក់ថា ជនដៃដល់រូបនេះបានបញ្ជូនសារទាំងនេះទៅឱ្យមនុស្សម្នាក់។
អភិបាលរដ្ឋ Texas ក៏បាននិយាយផងដែរថា មនុស្ស១៧នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារនៅក្នុងសាលារៀននោះ ក៏ប៉ុន្តែពួកគេមិនគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP និង Reuters។