ក្រុម Jamaat-ul-Ahrar ដែលជាផ្នែកមួយនៃក្រុមភេរវកម្ម Tehreek-i-Taliban ប៉ាគីស្ថាន (TTP)បានបញ្ជាក់កាលពីថ្ងៃសុក្រថា មេដឹកនាំរបស់ខ្លួនឈ្មោះ Umar Khalid Khorasani បានស្លាប់ហើយ។
Khorasani ត្រូវចោទថា បានដឹកនាំការវាយប្រហារដ៏គ្រោះថ្នាក់ជាច្រើនក្នុងតំបន់ជាច្រើននៅប៉ាគីស្ថាន ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមមានការវាយប្រហារដ៏មហអន្តរាយលើសហគមន៍គ្រិស្តសាសនានៅទីក្រុង Lahore កាលពីឆ្នាំ២០១៦ មុនថ្ងៃបុណ្យ Easter ដោយបានសម្លាប់មនុស្សយ៉ាងតិច៧៥នាក់។
អ្នកនាំពាក្យក្រុម Jamaat-ul-Ahraar ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងថា Umar Khalid Khorasani មេដឹកនាំរបស់ខ្លួនបានស្លាប់កាលពីល្ងាចថ្ងៃពុធដោយសាររបួសក្នុងការវាយប្រហារដោយយន្តហោះ drone របស់អាមេរិកនៅខេត្ត Paktia ប្រទេសអាហ្វហ្កានីស្ថាន។ អ្នកនាំពាក្យរូបនេះបញ្ជាក់បន្ថែមថា អ្នកជិតស្និទ្ធនឹង Khorasani ចំនួន៩នាក់បានស្លាប់ក្នុងការវាយប្រហារនោះដែរ។
កាលពីមុនក្រុម Tehreek-i-Taliban ប៉ាគីស្ថានក៏បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានប៉ាគីស្ថានអំពីការស្លាប់របស់ Umar Mansoo មេបញ្ជាការកំពូលរបស់ខ្លួនដែរ។ តាមរបាយការណ៍ព័ត៌មានក្នុងស្រុក ការវាយប្រហារពីរលើកដោយយន្តហោះ drone នៅតំបន់ព្រំដែនប៉ាគីស្ថាននិងអាហ្វហ្កានីស្ថានត្រូវគេរាយការណ៍ថា បានសម្លាប់ពួកសកម្មប្រយុទ្ធ៣១នាក់ រួមមាន Mansoor និង Khorasani។
មន្ត្រីអាមេរិកមិនធ្វើអធិប្បាយអំពីសេចក្តីថ្លែងការណ៍របស់ក្រុម Jamaat-ul-Ahraar ទាក់ទងនឹងការស្លាប់របស់មេដឹកនាំទាំងនេះទេ៕