ប៉ូលិសកុបកម្មក្នុងប្រទេសនេប៉ាល់ បានប្រើដំបងឆក់និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមមនុស្សជាច្រើនម៉ឺននាក់ ដែលគាំទ្រអតីតព្រះមហាក្សត្ររបស់នេប៉ាល់ ដែលបានព្យាយាមដង្ហែរក្បួនចូលមកកណ្តាលរដ្ឋធានីរបស់ប្រទេសនេះ កាលពីថ្ងៃព្រហស្បតិ៍ដើម្បីទាមទារឱ្យបង្កើតឡើងវិញនូវស្ថាប័នព្រះមហាក្សត្រ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ក្រុមអ្នកប្រឆាំងតវ៉ា ដែលបានក្រវីទង់ជាតិនេប៉ាល់ និងបានស្រែកពាក្យស្លោកគាំទ្រអតីតព្រះមហាក្សត្រនេប៉ាល់ Gyanendra បានជួបជុំគ្នានៅជាយរដ្ឋធានី Kathmandu និងបានប៉ុនប៉ងដើរចូលទៅក្នុងរដ្ឋធានី។
ក្រុមប៉ូលិសកុបកម្មបានរារាំង និងបានប្រើដំបងឫស្សីវាយពួកគេ និងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងបាញ់ទឹកដាក់ផងដែរ។ មានអ្នករងរបួសបន្តិចបន្តួចលើភាគីទាំងសងខាង។ ក្រុមអាជ្ញាធរ បានហាមឃាត់មិនឱ្យក្រុមប្រឆាំងតវ៉ា ដើរទៅទីតាំងសំខាន់ៗមួយចំនួនក្នុងក្រុង មុនការជួបជុំចាប់ផ្តើមឡើង។ របបរាជានិយមនៅក្នុងប្រទេសនេប៉ាល់ ត្រូវបានលុបបំបាត់កាលពីឆ្នាំ២០០៨។
ក្រុមអ្នកប្រឆាំងតវ៉ាបានចោទប្រកាន់រដ្ឋាភិបាលនេប៉ាល់និងគណបក្សនយោបាយថា បានប្រព្រឹត្តអំពើពុករលួយ និងបរាជ័យក្នុងការគ្រប់គ្រង។ ព្រះមហាក្សត្រចុងក្រោយរបស់នេប៉ាល់ គឺព្រះបាទGyanendra បានរស់នៅជាពលរដ្ឋសាមញ្ញមួយរូប ដោយគ្មានអំណាចឬការការពារពីរដ្ឋនោះឡើយ។
ព្រះអង្គនៅតែមានការគាំទ្រមួយចំនួនពីបណ្តាប្រជារាស្ត្រនេប៉ាល់ ប៉ុន្តែមានឱកាសតិចតួចណាស់ ដែលព្រះអង្គនឹងត្រូវឡើងគ្រប់គ្រងអំណាចវិញនោះ៕