ទីប្រឹក្សាគណបក្សកម្លាំងជាតិស្នើតុលាការឲ្យលោកបង់ប្រាក់សំណងប្រមាណ១០ម៉ឺនដុល្លារជាដំណាក់កាល
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ អះអាងថា លោកមិនមានលទ្ធភាពបង់សំណងជាប្រាក់ប្រមាណ ១០ ម៉ឺនដុល្លារទាំងអស់ក្នុងពេលតែមួយទៅតុលាការឡើយ។ លោកស្នើសុំតុលាការអនុញ្ញាតឱ្យលោកបង់ប្រាក់សំណងការខូចខាតចំនួន ៤០០ លានរៀល ឬស្មើនឹងប្រមាណជា ១០ ម៉ឺនដុល្លារអាមេរិកឱ្យទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ជាដំណាក់កាលៗ។ លោកបញ្ជាក់ថា លោកមិនគេចវេះចំពោះការបង់សងឡើយ។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ៕