ប្រទេសតង់សានី (Tanzania) បានដំឡើងអ៊ីនធឺណិតល្បឿនលឿននៅលើភ្នំ Kilimanjaro ដែលជាកំពូលភ្នំខ្ពស់បំផុតនៅទ្វីបអាហ្វ្រិក។
រដ្ឋមន្ត្រីក្រសួងព័ត៌មានតង់សានី លោក Nape Nnauye បានសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿនកាលពីថ្ងៃអង្គារ ទី១៦ ខែសីហាកន្លងទៅ។ ប្រព័ន្ធអ៊ីនធឺណិតនេះ ត្រូវបានដំឡើងដោយក្រុមហ៊ុនទូរគមនាគមន៍គ្រប់គ្រងដោយរដ្ឋ ដែលជាផ្នែកមួយនៃគម្រោងលើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសតង់សានី។
រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះនិយាយថា ពេលនេះអ្នកទេសចរអាចធ្វើការទំនាក់ទំនងជាមួយផ្នែក ផ្សេងៗទៀតនៃពិភពលោកពីតាំងចំនួនបីនៅលើភ្នំនេះ។
លោក Nnauye បាននិយាយក្នុងសម្តីដើមថា៖ «តាមរយៈការដំឡើងប្រព័ន្ធទំនាក់ទំនងនេះ យើងអាចទទួលបានភ្នាក់ងារដោយឥតគិតថ្លៃជាច្រើន ដែលនឹងផ្សព្វផ្សាយពីភ្នំរបស់យើង។ លោកបានបន្ថែមថា ជាឧទាហរណ៍ នៅពេលដែលពួកគេថតរូប និងចែករំលែករួបថតទៅកាន់ពិភពលោក នោះគឺជាអត្ថប្រយោជន៍សម្រាប់យើង។ អ្នកទេសចរនិងអ្នកផ្តល់សេវាឥឡូវនេះ នឹងទទួលបានអ៊ីនធឺណិតពីមជ្ឈម Mandara ទៅកាន់កំពូលភ្នំ Uhuru»។
សេវាអ៊ីនធឺណិតនេះរហូតមកដល់ពេលនេះ ក៏បានទៅដល់កំពូលភ្នំ Horombo ដែលជាចំណុចកំពូលភ្នំខ្ពស់បំផុតទីពីរ បន្ទាប់ពីកំពូលភ្នំ Uhuru ។ រដ្ឋាភិបាលតង់សានីនិយាយថា សេវាអ៊ីនធឺណិតគ្រោងនឹងឡើងទៅដល់កំពូលភ្នំ Uhuru នៅខែតុលាខាងមុខនេះ។
រដ្ឋាភិបាលនិយាយទៀតថា នៅពេលដែលសេវាកម្មអ៊ីនធឺណិតចាប់ផ្តើមនៅលើកំពូលភ្នំនោះ វានឹង ក្លាយជាចំណុចខ្ពស់បំផុតនៅលើពិភពលោក ដែលអាចប្រើប្រាស់សេវាអ៊ីនធឺណិតបាន។
ប្រែសម្រួលដោយ អ៊ុន សុដាវី