ក្រុមតាលីបង់ (Taliban) បានសម្រុកមកដល់រដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្កានីស្ថាន និងបាននិយាយថា ពួកគេកំពុងរង់ចាំការផ្ទេរអំណាចដោយសន្តិវិធី។
ប្រភពពីក្រុមតាលីបង់បានប្រាប់ VOA ថា ក្រុមតាលីបង់ព្រមទទួលយកការលាចេញពីតំណែងរបស់ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani នៅក្នុងអំឡុងពេលនៃការចរចានៅក្នុងរដ្ឋធានីកាប៊ុល។
ប្រភពនោះប្រាប់ឲ្យដឹងថា ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់មកពីប្រទេសអាហ្វហ្កានីស្ថាននឹងធ្វើដំណើរទៅកាន់រាជធានីដូហានៃប្រទេសកាតា ដែលជាកន្លែងដែលការផ្ទេរអំណាចទៅឲ្យក្រុមតាលីបង់នឹងធ្វើឡើង។ គេមិនទាន់ឃើញមានការបញ្ជាក់ភ្លាមៗណាមួយពីខុទ្ទកាល័យរបស់លោកប្រធានាធិបតី Ghani នៅឡើយទេ។
កាលពីព្រឹកថ្ងៃអាទិត្យ ក្រុមតាលីបង់បានដណ្ដើមកាន់កាប់ទីក្រុង Jalalabad ដែលជាទីរួមខេត្តរបស់ខេត្ត Nangarhaនិងជាទីក្រុងធំចុងក្រោយបង្អស់នៅក្រៅរដ្ឋធានីកាប៊ុល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។
របាយការណ៍នានាបានបញ្ជាក់ថា កងកម្លាំងសន្តិសុខក៏បានដកចេញពីស្រុកនានានៃខេត្ត Nangarhar ផងដែរ។ ខេត្ត Nangarhar នេះមានព្រំប្រទល់ជាប់ជាមួយប្រទេសប៉ាគីស្ថាននិងមានច្រកព្រំដែនឆ្លងកាត់ដ៏សំខាន់មួយចូលទៅក្នុងប្រទេសប៉ាគីស្ថានតាមតំបន់ Torkhem។
អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid ក៏បាននិយាយកាលពីថ្ងៃអាទិត្យផងដែរថា ក្រុមយុទ្ធជនរបស់ខ្លួនបានកាន់កាប់មូលដ្ឋានទ័ពអាកាស Bagram និងពន្ធនាគារនៅទីនោះ ហើយបានដោះលែងអ្នកទោស។ អ្នកទោសមួយចំនួនដែលជាសមាជិកល្បីឈ្មោះរបស់ក្រុមតាលីបង់ក៏បានជាប់ឃុំឃាំងនៅក្នុងពន្ធនាគារនោះនៅឯមូលដ្ឋានទ័ពអាកាស Bagram ផងដែរ។ មូលដ្ឋានទ័ពអាកាសនេះគឺជាមូលដ្ឋានដ៏ចម្បងសម្រាប់បេសកកម្មយោធាបរទេសដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។
សន្ទុះនៃការវាយប្រហាររបស់ក្រុមតាលីបង់បានធ្វើឲ្យទាំងពលរដ្ឋនៅក្នុងប្រទេសអាហ្វហ្កានីស្ថាននិងទាំងសហគមន៍អន្តរជាតិមានការភ្ញាក់ផ្អើល។
ទោះបីជាអំពើហិង្សានៅក្នុងប្រទេសអាហ្វហ្កានីស្ថានបានឡើងដល់កម្រិតខ្ពស់ចាប់តាំងពីឆ្នាំ ២០២០ មក បន្ទាប់ពីក្រុមតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយនឹងសហរដ្ឋអាមេរិកក៏ដោយ ក៏យុទ្ធនាការវាយប្រហារថ្មីៗបំផុតចុងក្រោយនេះរបស់ក្រុមតាលីបង់លើទីក្រុងនានារបស់ប្រទេសអាហ្វហ្កានីស្ថានបានធ្វើឡើងលឿនហួសពីការរំពឹងទុក។
ការរុលទៅមុខរបស់ក្រុមតាលីបង់បានចាប់ផ្តើមនៅទីរួមខេត្តរបស់ខេត្ត Nimruz កាលពីថ្ងៃសុក្រ ទី ៦ ខែសីហា ហើយ ៩ ថ្ងៃក្រោយមក ពួកគេបានឡោមព័ទ្ធរដ្ឋធានីកាប៊ុលពីគ្រប់ទិសទីទាំងអស់។
នៅក្នុងសារជាសំឡេងមួយកាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ghani បានថ្លែងទៅ កាន់ប្រជាជាតិថា លោកបានពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងជាតិនិងអន្តរជាតិអំពីស្ថានការណ៍នេះ ដែលជាស្ថានការណ៍ដែលលោកហៅថា «សង្គ្រាមចាប់បង្ខំ»។
លោក Ghani បាននិយាយថា៖ «ក្នុងស្ថានភាពបច្ចុប្បន្ននេះ អាទិភាពចម្បងរបស់យើងគឺត្រូវស្រោចស្រង់សន្តិសុខនិងកងកម្លាំងការពាររបស់ប្រទេសអាហ្វហ្កានីស្ថាន»។
ការសម្រុកមកដល់របស់ក្រុមតាលីបង់នៅឯគ្រប់ច្រកល្ហកទាំងអស់នៃរដ្ឋធានីកាប៊ុល បានធ្វើឲ្យស្ថានទូតនានាប្រញ៉ាប់ប្រញ៉ាល់ជម្លៀសបុគ្គលិករបស់ខ្លួនចេញ។
សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពចំនួន ១.០០០ នាក់ទៀត បន្ថែមពីលើកងទ័ពចំនួន ៣.០០០ នាក់ ដែលត្រូវបានបញ្ជាកាលពីសប្ដាហ៍មុនឲ្យទៅកាន់ទីក្រុងកាប៊ុល ដើម្បីជួយជម្លៀសបុគ្គលិកស្ថានទូតសហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្កានីស្ថាន។ គេបានរាយការណ៍ថា ឧទ្ធម្ភាគចក្របានដឹកបុគ្គលិកស្ថានទូតទៅកាន់អាកាសយានដ្ឋានក្រុងកាប៊ុល។
បើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា៖ «យើងបានបញ្ជាក់ប្រាប់អ្នកតំណាងក្រុមតាលីបង់ក្នុងទីក្រុងដូហា ប្រទេសកាតា តាមរយៈមេបញ្ជាការសឹករបស់យើងថា សកម្មភាពណាមួយដែលពួកគេធ្វើឡើងផ្ទាល់នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលធ្វើឲ្យបុគ្គលិកឬបេសកកម្មរបស់យើងមានគ្រោះថ្នាក់នៅទីនោះ នឹងត្រូវប្រឈមនឹងការឆ្លើយតបបន្ទាន់ខ្លាំងក្លាពីយោធារបស់សហរដ្ឋអាមេរិក»៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន