ក្រុមយុទ្ធជនតាលីបង់ (Taliban) ដែលអនុវត្តវិធីសាស្ត្រវាយសម្រុកបន្ទាន់ភ្លាមៗនៅទូទាំងប្រទេសអាហ្វហ្កានីស្ថាន ហាក់ទំនងជាកំពុងប្រឹងប្រែងដើម្បីដណ្ដើមកាន់កាប់រដ្ឋធានីកាប៊ុល ដោយបានជម្រុលឆ្ពោះទៅកាន់ទីក្រុងនោះ ទោះបីជាក្រុមដំបូងនៃទាហានសហរដ្ឋអាមេរិករាប់ពាន់នាក់ដែលត្រៀមបញ្ជូនទៅកាន់ប្រទេសអាហ្វហ្កានីស្ថានវិញ បានធ្វើដំណើរទៅដល់ទីនោះហើយក៏ដោយ។
ក្រុមតាលីបង់បានដណ្ដើមកាន់កាប់ក្រុង Asadabad ដែលជាទីរួមខេត្ត Kunar នៅភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន កាលពីរសៀលថ្ងៃសៅរ៍កន្លងទៅនេះ ដោយធ្វើឲ្យចំនួនទីរួមខេត្តសរុបដែលធ្លាក់ទៅក្នុងដៃរបស់ក្រុមតាលីបង់នៅក្នុងរយៈពេលជាងមួយសប្ដាហ៍កន្លងមកនេះ ឡើងដល់ចំនួន ២០។ នេះបើតាមការបញ្ជាក់របស់ក្រុមតាលីបង់និងពលរដ្ឋនៅតំបន់ទាំងនោះ។
កាលពីថ្ងៃសុក្រ ក្រុមតាលីបង់បានអះអាងថាខ្លួនដណ្ដើមកាន់កាប់បានទីរួមខេត្តធំៗចំនួន ៥ ដែលក្នុងនោះមានទាំងទីក្រុង Kandahar នៅភាគខាងត្បូង និងទីក្រុង Herat នៅភាគខាងលិច ដែលជាទីក្រុងធំបំផុតទី ២ និងទី ៣ នៅក្នុងប្រទេសអាហ្វហ្កានីស្ថានផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមតាលីបង់បានដណ្ដើមកាន់កាប់ទីក្រុង Ghazni ដែលជាទីក្រុងសំខាន់មួយនៅចន្លោះផ្លូវពីទីក្រុង Kandahar ទៅកាន់រដ្ឋធានីកាប៊ុល និងមានចម្ងាយប្រមាណ ១៥០ គីឡូម៉ែត្រប៉ុណ្ណោះពីរដ្ឋធានីកាប៊ុល។ ករណីនេះបានធ្វើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកមានក្ដីកង្វល់ថ្មីទាក់ទិននឹងស្ថានការណ៍សន្តិសុខដែលកាន់តែយ៉ាប់យ៉ឺនខ្លាំងឡើងយ៉ាងលឿនដូច្នេះ។
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក John Kirby បានបញ្ជាក់ប្រាប់អ្នកកាសែតកាលពីថ្ងៃសុក្រថា៖ «អ្នកអាចឃើញហើយថា ពួកគេ [ក្រុមតាលីបង់] កំពុងព្យាយាមកាត់ផ្ដាច់រដ្ឋធានីកាប៊ុលពីទីក្រុងឯទៀត»។
លោក Kirby បានបន្តថា ទីក្រុងកាប៊ុល «ឥឡូវនេះមិនទាន់ស្ថិតក្នុងស្ថានការណ៍គំរាមកំហែងណាមួយដែលនឹងជិតកើតឡើងនោះទេ»។ ប៉ុន្តែលោកបានហៅល្បឿននៃការរុលទៅមុខរបស់ក្រុមតាលីបង់ថាមានលក្ខណៈ «គួរឲ្យព្រួយបារម្ភខ្លាំង»។
លោកបានបន្ថែមថា៖ «ខ្ញុំគិតថា អ្វីដែលពួកគេចង់ធ្វើ ប្រសិនបើពួកគេអាចកាត់ផ្ដាច់ទីក្រុងកាប៊ុលពីទីក្រុងដទៃបាន គឺមានតែពួកគេតែប៉ុណ្ណោះដែលអាចបញ្ជាក់អំពីចំណុចនេះ។ វាមិនដូចទៅនឹងវិធីដែលពួកគេបានអនុវត្តនៅតាមកន្លែងផ្សេងទៀតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាននោះទេ។ វិធីទាំងនោះគឺថា ពួកគេកាត់ផ្ដាច់ទីរួមខេត្តនានា និងពេលខ្លះអាចបង្ខំឲ្យមានការចុះចាញ់ដោយមិនមានការបង្ហូរឈាមច្រើន»។
មន្ត្រីខ្លះទៀតហាក់ទទួលស្គាល់ថា រដ្ឋធានីកាប៊ុលអាចដួលរលំ ដោយមិនមានការប្រែប្រួលធំដំុនោះឡើយ។
មន្ត្រីមួយរូបដែលថ្លែងប្រាប់ VOA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែរឿងរ៉ាវទាំងនេះមានលក្ខណៈសម្ងាត់ បាននិយាយថា៖ «ជាការពិតណាស់ គឺវាមិនស្ថិតក្នុងគន្លងដែលនាំឲ្យមានការប្រែប្រួលខ្លាំងនោះទេ»។
មន្ត្រីរូបនោះបានបន្ថែមថា៖ «ផលចំណេញដែលក្រុមតាលីបង់ទទួលបានបានជួយបង្កើនសមត្ថភាពប្រយុទ្ធរបស់ពួកគេ។ ខ្ញុំគិតថា ចំណុចនេះប៉ះពាល់ដល់ទឹកចិត្តនិងសមត្ថភាពរបស់កងកម្លាំងអាហ្វហ្កានីស្ថាន»។
ប៉ុន្តែ គេឃើញមានចម្ងល់អំពីថាតើក្រុមតាលីបង់មានឆន្ទៈប៉ុណ្ណានៅក្នុងការជម្រុលទៅកាន់រដ្ឋធានីកាប៊ុលនិងប្រថុយប្រថាននឹងការប្រឈមជាមួយនឹងទាហានអាមេរិកាំងមួយចំនួនក្នុងចំណោមទាហានអាមេរិកាំងប្រហែល ៣.០០០ នាក់ ដែលមានតួនាទីផ្ដល់ការការពារសុវត្ថិភាពរបស់មន្ត្រីអាមេរិកាំងនិងអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ដែលនៅក្បែរនោះ។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់ថា ក្រុមដំបូងនៃកងកម្លាំងសហរដ្ឋអាមេរិក ដែលមកពីកងវរសេនាតូចថ្មើជើងនៃកងទ័ពម៉ារីន បានធ្វើដំណើរទៅដល់រដ្ឋធានីកាប៊ុលកាលពីថ្ងៃសុក្រ ហើយកងកម្លាំងបន្ថែមទៀតត្រូវគេរំពឹងថានឹងទៅដល់ទីក្រុងកាប៊ុលនៅថ្ងៃអាទិត្យនេះ។
កិច្ចការរបស់កងកម្លាំងទាំងនេះគឺជួយជម្លៀសបុគ្គលិកមិនសូវចាំបាច់នានាចេញពីស្ថានទូតសហរដ្ឋអាមេរិក ក៏ដូចជាពលរដ្ឋអាហ្វហ្កានីស្ថានរាប់ពាន់នាក់និងក្រុមគ្រួសាររបស់ពួកគេដែលមានសិទ្ធិទទួលបានទិដ្ឋាការអន្តោប្រវេសន៍ពិសេសពីសហរដ្ឋអាមេរិកផងដែរ។ មេបញ្ជាការយោធាមួយរូបទទួលបន្ទុកបេសកកម្មនៅអាហ្វហ្កានីស្ថានរំពឹងថា ករណីនេះអាចធ្វើឲ្យទាហានអាមេរិកាំងទាំងនោះប្រឈមនឹងគ្រោះថ្នាក់។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក Kirby បានប្រាប់អ្នកកាសែតថា៖ «ទាហានទាំងនោះនឹងមានសិទ្ធិការពារខ្លួន។ ពួកគេនឹងបំពាក់ដោយអាវុធ»។
លោក Kirby បានបន្ថែមថា៖ «ការវាយប្រហារណាមួយលើកងកម្លាំងសហរដ្ឋអាមេរិកនៅអាហ្វហ្កានីស្ថាន នឹងត្រូវប្រឈមនឹងការឆ្លើយតបដោយកម្លាំងសមស្របបន្ទាន់ភ្លាមៗ»។
ជាងនេះទៅទៀត មន្ត្រីសហរដ្ឋអាមេរិកបានព្រមានថា ការវាយប្រហារប៉ុនប៉ងណាមួយលើកងកម្លាំងសហរដ្ឋអាមេរិកនឹងត្រូវប្រឈមជាមួយនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក មិនត្រឹមតែពីយន្តហោះទម្លាក់គ្រាប់បែកនិងយន្តហោះគ្មានមនុស្សបើកដែលហោះពីមូលដ្ឋានសហរដ្ឋអាមេរិកនៅក្នុងប្រទេសកាតា ឬក៏ពីនាវាផ្ទុកយន្តហោះនៅក្នុងឈូងសមុទ្រពែក្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពីឧទ្ធម្ភាគចក្រដែលតាំងពីនៅឯអាកាសយានដ្ឋាននោះផងដែរ។
មន្ត្រីសហរដ្ឋអាមេរិកក៏បានបង្ហាញការគាំទ្រចំពោះកងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថានដែលនៅសេសសល់ផងដែរ គឺកងកម្លាំងដែលនៅបន្តផ្ដល់ការការពារសន្តិសុខដល់ផ្នែកភាគច្រើននៃរដ្ឋធានីកាប៊ុល និងដល់បរិវេណខាងក្រៅនៃអាកាសយានដ្ឋាន និងអ្នកដែលនៅប្រយុទ្ធជាមួយនឹងយុទ្ធជនតាលីបង់នៅតាមទីកន្លែងផ្សេងទៀតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។
លោក Kirby បាននិយាយកាលពីថ្ងៃសុក្រថា អាចមានឱកាសដែលពួកគេអាច «បង្វិលស្ថានការណ៍» ប្រឆាំងនឹងការវាយប្រហាររបស់ក្រុមតាលីបង់បាន។
លោកបានបញ្ជាក់បន្ថែមថា៖ «កងកម្លាំងអាហ្វហ្កានីស្ថានមានសមត្ថភាពអាចតបតដូច្នេះបាន។ យើងនៅតែជឿជាក់ថា ពួកគេអាចបង្វិលស្ថានការណ៍ជាក់ស្ដែងបាន»។
អ្នកនាំពាក្យរបស់ក្រុមតាលីបង់លោក Zabihullah Mujahid បានព្រមានថា ក្រុមតាលីបង់ប្ដេជ្ញាវាយប្រហាររុលទៅមុខដើម្បីដណ្ដើមកាន់កាប់ខេត្តទាំងអស់ ហើយលោកបានជំរុញឲ្យកងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថាននៅតាមតំបន់សេសសល់នានាដែលក្រុមតាលីបង់មិនទាន់ដណ្ដើមបានឲ្យ «បញ្ឈប់ការប្រឆាំងតបតដើម្បីកុំឲ្យប្រថុយជីវិត»។
ទោះបីជាមានការដកកងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពបស្ចិមប្រទេសផ្សេងទៀតចេញពីប្រទេសអាហ្វហ្កានីស្ថានក៏ដោយ ក៏អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃសុក្រថា អង្គការអូតង់ «នឹងរក្សាវត្តមានការទូតរបស់ខ្លួននៅក្នុងរដ្ឋធានីកាប៊ុល និងបន្តបត់បែនតាមស្ថានការណ៍ប្រសិនបើចាំបាច់»។
លោក Stoltenberg បានបន្ថែមថា៖ «គោលបំណងរបស់យើងគឺនៅដដែល គឺគាំទ្ររដ្ឋាភិបាលអាហ្វហ្កានីស្ថាននិងកងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថានឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ