ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តាលីបង់​ និង​ក្រុមប្រឆាំង​អាហ្វហ្គានីស្ថាន​រៀបចំ​កិច្ចចរចា​សន្តិភាព​ដ៏​ចម្រូងចម្រាស​នៅ​ទីក្រុង​មូស្គូ


កងកម្លាំង​សន្តិសុខ​ជាតិ​របស់​អាហ្វហ្គានីស្ថាន​នាំ​ខ្លួន​ក្រុម​តាលីបង់​ដែល​គេ​ចោទប្រកាន់​ បង្ហាញ​ដល់​សារព័ត៌មាន​ នៅ​ក្នុង​ក្រុង Jalalabad កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
កងកម្លាំង​សន្តិសុខ​ជាតិ​របស់​អាហ្វហ្គានីស្ថាន​នាំ​ខ្លួន​ក្រុម​តាលីបង់​ដែល​គេ​ចោទប្រកាន់​ បង្ហាញ​ដល់​សារព័ត៌មាន​ នៅ​ក្នុង​ក្រុង Jalalabad កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

តំណាង​របស់​ក្រុម​តាលីបង់​នឹង​ជួបជាមួយ​ពួក​មេដឹកនាំ​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​របស់​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ទីក្រុង​មូស្គូ​រយៈពេល​ពីរថ្ងៃ​ដើម្បី​ពិភាក្សា​អំពី​ការបង្កើត​សន្តិភាព​ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃអង្គារ​ស្អែក​នេះ។ ប៉ុន្តែ​បេសកជន​មក​ពី​រដ្ឋាភិបាល​ក្រុង​កាប៊ុល​នឹង​មិន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ​ទេ។

ការជួបប្រជុំ​ដ៏​ចម្រូងចម្រាស​នេះ​ត្រូវ​បាន​ពួក​អ្នកវិភាគ​និយាយ​ថា​ ជា​ការ​បញ្ជាក់​អំពី​ការបែកបាក់​នយោបាយ​កាន់​តែ​ជ្រៅ​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ឯកភាព​ជាតិ​របស់​លោកប្រធានាធិបតី Ashraf Ghani កាន់​តែ​ចុះ​ខ្សោយ។

កិច្ចចរចា​សន្តិភាព​អាហ្វហ្គានីស្ថាន​នៅ​ប្រទេសរុស្ស៊ី​បាន​រៀបចំ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​រាយការណ៍​ថា​មាន​ការវិវត្ត​គួរឲ្យ​កត់សម្គាល់​នៅក្នុង​ដំណើរការ​ចរចា​ជាមួយ​ក្រុម​បះបោរ​តាលីបង់​ បើ​ទោះ​បី​ជា​ពួកគេ​មិន​ឲ្យ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ចូលរួម​យ៉ាងណា​ក៏ដោយ។

ក្រុម​តាលីបង់​បាន​បដិសេធ​មិន​ធ្វើ​ការ​ចរចា​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ជាមួយ​រដ្ឋបាល​លោក Ghani ដោយ​ពួកគេ​បាន​ចាត់​ទុក​រដ្ឋបាល​លោក Ghani ថា​ជា​អាយ៉ង់​របស់​អាមេរិក។

អ្នក​នាំពាក្យ​ក្រុមតាលីបង់​បាន​អះអាង​ប្រាប់ VOA កាល​ពី​ថ្ងៃអាទិត្យ​ថា​ប្រតិភូ​មួយ​ក្រុម​មក​ពី​ការិយាល័យ​នយោបាយ​របស់​ពួកគេ​នៅ​ប្រទេស​កាតា​នឹង​មក​ចូលរួម​កិច្ចពិភាក្សា​នៅ​ទីក្រុង​មូស្គូ​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចរចា​ជាន់​ខ្ពស់​ក្រុម​បះបោរ​គឺ​លោក Sher Mohammad Abbas Stanikzai។ រុស្ស៊ី​បាន​ដក​ខ្លួន​នៅ​ឆ្ងាយ​ពី​កិច្ចប្រជុំ​ដែល​នឹង​ធ្វើឡើង​ក្នុង​ពេល​ខាងមុខ​ បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន។

ពួក​អ្នក​រិះគន់​បាន​លើកឡើង​ថា​ជម្លោះ​នៅ​ក្នុង​កិច្ចចរចា​អំពី​វិបត្តិ​នៅ​អាហ្វហ្គានីស្ថាន​អាច​កើត​ចេញ​ពី​ការប្រជែង​គ្នា​រវាង​រដ្ឋាភិបាល​ក្រុង​មូស្គូ​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ ក៏ប៉ុន្តែ​ស្ថានទូត​រុស្ស៊ី​ក្នុង​ទីក្រុង​កាប៊ុល​បាន​អះអាង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​កិច្ចប្រជុំ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមប្រឹក្សា​កិច្ចការ​អាហ្វហ្គានីស្ថាន​ដែល​មាន​មូលដ្ឋាន​នៅ​រុស្ស៊ី​គឺ​ដើម្បី​ជំរុញ​ដល់​សន្តិភាព​នៅ​អាហ្វហ្គានីស្ថាន​តែ​ប៉ុណ្ណោះ។

លោក Zabihullah Mujahid អ្នកនាំ​ពាក្យ​ក្រុម​តាលីបង់ ​បាន​និយាយ​នៅ​ក្នុង​សេច​ក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ក្រុម​របស់​លោក ​មាន​បំណង​ប្រើ​សន្និសីទ​ក្រុង​មូស្គូ​នេះ​ដើម្បី​បើក​បណ្តាញធ្វើ​ឲ្យ​មាន​ការ​យោគយល់​គ្នា​ជាមួយ​ក្រុមនយោបាយ​នានា​ដែល​មិនមែន​ជា​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG