ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​បង្ហាញ​ផែនការ​ទប់ទល់​នឹង​ការ​បិទ​ច្រកសមុទ្រ​ដោយ​យោធា​ចិន​ដែល​អាចកើតមាន


នៅក្នុងរូបភាពពីវីដេអូដែលចេញផ្សាយដោយរដ្ឋបាលឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់នេះ កប៉ាល់រដ្ឋបាលឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់បានចាកចេញ ដេញតាមនាវាឆ្មាំសមុទ្រចិននៅជិតសង្កាត់ Kinmen កោះតៃវ៉ាន់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
នៅក្នុងរូបភាពពីវីដេអូដែលចេញផ្សាយដោយរដ្ឋបាលឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់នេះ កប៉ាល់រដ្ឋបាលឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់បានចាកចេញ ដេញតាមនាវាឆ្មាំសមុទ្រចិននៅជិតសង្កាត់ Kinmen កោះតៃវ៉ាន់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

តៃវ៉ាន់​កំពុង​បង្កើន​កិច្ចខិត​ខំប្រឹងប្រែង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បិទច្រកសមុទ្រ​ដោយ​យោធា​ដែល​អាច​ធ្វើ​ឡើង​ដោយ​ប្រទេស​ចិន ខណៈ​ដែល​ទីក្រុង​ប៉េកាំង​បង្កើន​សម្ពាធ​យោធា​លើ​កោះ​តៃវ៉ាន់ ដែល​មាន​របប​គ្រប់គ្រង​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​មួយនេះ។

នៅ​ក្នុង​របាយការណ៍​ដែល​បង្ហាញ​ពីផែនការ​ស្បៀង​អាហារ​ក្នុង​សម័យ​សង្រ្គាម​របស់​តៃវ៉ាន់ ដែលត្រូវ​បាន​បញ្ជូន​ទៅ​សភា​កាលពី​ថ្ងៃអង្គារ ក្រសួង​កសិកម្ម​បាន​និយាយ​ថា ខ្លួន​បាន​រក្សា​ស្តុក​អង្ករ​រយៈពេល ៣ខែ ហើយ​ធានាថា​ស្បៀង​អាហារ និង​ការផ្គត់ផ្គង់​សំខាន់ៗ​ត្រូវ​បានរក្សា​ទុក​ស្មើៗ​គ្នា​នៅ​ទូទាំង​កោះ​នេះ។

យោងតាម​ក្រសួង​ដដែល​ ស្តុក​ស្រូវ​បច្ចុប្បន្ន​អាច​ទ្រទ្រង់​តៃវ៉ាន់​បាន​រយៈពេល​ប្រាំពីរ​ខែ ហើយ​សារ​ពើភណ្ឌ​ចំណី​ត្រី​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ការនេសាទ​ក្នុងស្រះ​រយៈពេល​ជាងបីខែ ប្រសិន​បើ​ការ​នេសាទសមុទ្រ​មិនអាច​ធ្វើ​បាន។ រដ្ឋាភិបាល​បាន​និយាយ​ថា ខ្លួន​ក៏​កំពុង​រៀបចំ​ផែនការ​សម្រាប់​ការ​បែងចែក​ស្រូវ​ក្នុង​អំឡុង​ពេល​សង្គ្រាម​ដែរ។

នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការបិទ​ច្រក​សមុទ្រ​ដោយ​យោធាចិន អាជ្ញាធរ​តៃវ៉ាន់​បាន​និយាយ​ថា ពួកគេ​នឹង​ដាក់ដី​ស្រែ​ចម្ការ​បន្ថែម​ទៀត ដើម្បី​ដាំដុះ​ស្រូវ និង​ប្រើប្រាស់​ស្រះ​បន្ថែម​ដើម្បី​ដាំដុះ​តាម​វារីវប្បកម្ម។ ដំណាំ​ដែល​តៃវ៉ាន់​ផ្តល់​អាទិភាព​ក្នុង​ការ​ដាំ​ដុះ​ក្នុង​ពេល​មាន​សង្គ្រាម​រួម​មាន ដំឡូងជ្វា សណ្តែកសៀង និង​បន្លែ​ស្រស់។ ក្រសួង​ក៏​មាន​គម្រោង​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ធ្វើ​បញ្ជី​សារពើភណ្ឌ​ប្រចាំ​ខែ​នៃ​ធនធាន​ស្បៀង​របស់​កោះដែរ។

ក្រុម​មន្ត្រី​មក​ពីក្រសួង​កិច្ចការ​សេដ្ឋកិច្ច​របស់​តៃវ៉ាន់ ក៏​បាន​ដាក់​ចេញ​នូវផែនការ​ជំរុញ​ថាមពល​បម្រុង និង​ការផ្គត់ផ្គង់​ថាមពល​របស់​តៃវ៉ាន់​ផងដែរ។

លោក Hu Wen-chong ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សហគ្រាស​រដ្ឋ​នៅ​ក្រសួង​កិច្ចការ​សេដ្ឋកិច្ច​តៃវ៉ាន់ បាន​ប្រាប់​សមាជិក​សភា​កាល​ពីថ្ងៃពុធថា រដ្ឋាភិបាល​គ្រោង​នឹង​បង្កើត​ស្ថានីយ៍​ទទួល​ឧស្ម័នធម្មជាតិ​ចំនួន​បី​ដើម្បី​បង្កើន​ស្តុកសុវត្ថិភាព​ឧស្ម័នធម្មជាតិ​ដល់​ជាង​ ១៤ ថ្ងៃ។ តៃវ៉ាន់​បច្ចុប្បន្ន​មាន​ស្តុក​គ្រប់គ្រាន់​ដើម្បី​រក្សា​ការផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រយៈពេល​ប្រាំបី​ថ្ងៃ​។

ការ​រក្សា​ការផ្គត់ផ្គង់​ប្រេង​របស់​តៃវ៉ាន់​ គឺជា​កង្វល់​មួយ​ទៀត។ តៃវ៉ាន់​បាន​នាំ​ចូល​ប្រេង​ជិត ៧០% ពី​មជ្ឈិមបូព៌ា ដែល​សមាជិកសភា​មួយ​ចំនួន​បារម្ភថា អាចរង​ផលប៉ះពាល់ ប្រសិន​បើចិន​ដាក់សម្ពាធ​លើ​ប្រទេសក្នុង​តំបន់ ឱ្យ​បញ្ឈប់​ការ​នាំចេញ​ទៅ​កាន់​កោះតៃវ៉ាន់ អំឡុង​ពេល​មាន​ការ​បិទច្រក​។ លោក Hu បាន​និយាយថា កោះតៃវ៉ាន់​បាន​ធ្វើ​ពិពិធកម្ម​ការទិញប្រេង​របស់ខ្លួន​ពី​ប្រទេសផ្សេងទៀត​ ដូចជាសហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី៕

XS
SM
MD
LG