ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃអង្គារថា សមយុទ្ធបាញ់គ្រាប់ពិតរបស់ចិននៅក្នុងខេត្តដែលប្រឈមមុខនឹងកោះតៃវ៉ាននេះ គឺជាផ្នែកមួយនៃសមយុទ្ធប្រចាំឆ្នាំ ប៉ុន្តែក៏អាចជាផ្នែកមួយនៃការសម្តែងឥទ្ធិពល«គំរាមបង្កាជម្លោះជាមុន» របស់ចិន នៅក្នុងដែនទឹកនៃច្រកសមុទ្រតៃវ៉ាន់ផងដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសាព័ត៌មាន Reuters។
រដ្ឋបាលសុវត្ថិភាពដែនសមុទ្ររបស់ប្រទេសចិន នៅក្នុងការជូនដំណឹងមួយកាលពីល្ងាចថ្ងៃចន្ទបាននិយាយថា តំបន់ជុំវិញកោះ Niushan ក្នុងខេត្ត Fujian នឹងត្រូវបិទរយៈពេល ៤ម៉ោង ដោយចាប់ផ្តើមនៅម៉ោង ៩ព្រឹក នៅថ្ងៃអង្គារ សម្រាប់ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត។ កោះ Niushan ក៏ស្ថិតនៅភាគខាងត្បូងនៃកោះ Matsu ដែលគ្រប់ គ្រងដោយតៃវ៉ាន់។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធទាំងនោះគឺជាផ្នែកមួយនៃការហ្វឹកហ្វឺនរបស់ចិនជាប្រចាំ ហើយខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងបាននិយាយថាខ្លួនមិនអាចច្រានចោលបានទេថាវាជាផ្នែកមួយនៃ«ការពង្រីកឥទ្ធិពលគំរាមបង្កាជម្លោះជាមុនរបស់ខ្លួន រួមជាមួយនឹងសក្ដានុពលនៅច្រកសមុទ្រតៃវ៉ាន់»។ ក្រសួងមិនបានបញ្ជាក់លម្អិតនោះទេ។
ចិនកាលពីសប្តាហ៍មុនបានប្រារព្ធធ្វើការប្រកួតសង្រ្គាមមួយថ្ងៃជុំវិញកោះ ដែលក្រុងប៉េកាំងបានចាត់ទុកថាជាទឹកដីរបស់ខ្លួន ដែលខ្លួនបាននិយាយថា ជាការព្រមានចំពោះ «អំពើផ្តាច់ខ្លួន»។
នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Cho Jung-tai បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតៃប៉ិថា ប្រទេសចិនមិនគួរធ្វើសមយុទ្ធណាមួយឡើយ ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។
លោកបាននិយាយថា «មិនថាសមយុទ្ធមានទំហំប៉ុនណាក៏ដោយ ពួកគេមិនគួរចូលញឹកញាប់និងចូលជិតតៃវ៉ាន់នោះទេ។ វានឹងធ្វើឱ្យមានភាពតានតឹងដែលមិនចាំបាច់តែប៉ុណ្ណោះ»។
តៃវ៉ាន់បានត្អូញត្អែរសម្រាប់រយៈពេលប្រាំឆ្នាំចុងក្រោយនៃបេសកកម្មយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិនជាទៀងទាត់នៅក្នុងលំហអាកាស និងដែនទឹកជុំវិញកោះនេះ៕