សមាជិកសភា៤៩រូបមកពីប្រទេសចំនួន២៤បានប្រមូលផ្តុំគ្នានៅកោះតៃវ៉ាន់កាលពីថ្ងៃអង្គារដើម្បីពិភាក្សាថាតើចិននឹងបង្កើនការតានតឹងជាមួយកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យយ៉ាងដូចម្តេចហើយនឹងវាយតម្លៃពីផលប៉ះពាល់សេដ្ឋកិច្ចលើជម្លោះដែលអាចមានលើសហគមន៍អន្តរជាតិ។
សន្និសីទកំពូលរយៈពេល២ថ្ងៃត្រូវបានរៀបចំឡើងដោយសម្ព័ន្ធភាពអន្តរសភាស្តីពីចិនឬ IPAC ជាក្រុមមួយដែលរួមមានសមាជិកសភារាប់រយនាក់មកពីប្រទេសចំនួន៣៥ដែលមានការព្រួយបារម្ភអំពីថាតើប្រទេសប្រជាធិបតេយ្យត្រូវដោះស្រាយជាមួយចិនយ៉ាងដូចម្តេច។ សន្និសីទនេះបាននាំប្រតិភូបរទេសដ៏ធំបំផុតដែលមិនធ្លាប់មានកាលពីពេលមុនមកកាន់កោះតៃវ៉ាន់។
ក្នុងសុន្ទរកថាដ៏សំខាន់មួយកាលពីថ្ងៃអង្គារ ប្រធានាធិបតីកោះតៃវ៉ាន់លោក Lai Ching-te បាននិយាយថាការគំរាមកំហែងរបស់ចិនដល់ប្រទេសណាមួយជាការគំរាមកំហែងដល់ពិភពលោក។
សន្និសីទកំពូលដ៏កម្រដែលបាននាំសមាជិកសភាជាច្រើនមកពីទូទាំងសាកលលោកដើម្បីមកកោះតៃវ៉ាន់ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់ភ្ញៀវបរទេសដែលបានកើនឡើងចាប់តាំងពីអតីតប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosiបានទៅបំពេញទស្សនកិច្ចកោះនោះកាលពីខែសីហាដែលមានរយៈពេលជិត២ឆ្នាំហើយ៕