ក្រសួងការពារប្រទេសកោះតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងឆ្នាំមុនថា កងទ័ពរំដោះរបស់ប្រជាជនចិនហៅកាត់ថា PLA បានបញ្ជូនយន្តហោះចូលក្នុងដែនអាកាសតៃវ៉ាន់ប្រមាណ ៣៨០ដងកាលពីឆ្នាំទៅមិញ។
កងទ័ព PLA បានចាប់ផ្តើមបញ្ជូនយន្តហោះចម្បាំងទៅកាន់កោះតៃវ៉ាន់នៅក្រោយលោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទីពីរកាលពីខែមករាមុន តែសកម្មភាពនេះបានកើនច្រើនឡើងៗក្នុងរយៈពេល៦ខែចុងក្រោយនៃឆ្នាំ២០២០ហើយនៅពេលនេះមានការហោះចូលសឹងតែរៀងរាល់ថ្ងៃ។
បើតាមការចងក្រងដោយវីអូអេនៃទិន្នន័យហោះហើរពីសេចក្តីថ្លែងការណ៍ផ្លូវការនៃក្រសួងការពារប្រទេសកោះតៃវ៉ាន់ថាយន្តហោះចម្បាំងចិនបានហោះបំពេញបេសកកម្មបែបនេះ១៣៨ដងចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក។ ក្នុងពេលតែបួនថ្ងៃដំបូងនៃឆ្នាំ២០២១ យន្តហោះចិន៦គ្រឿងបានហោះចូលក្នុងតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់ហៅកាត់ថា ADIZ រួចស្រេចទៅហើយ។
របាយការណ៍មួយស្តីពីការការពារជាតិកោះតៃវ៉ាន់សម្រាប់ឆ្នាំ២០១៧ចែងថាក្នុងអាណត្តិទីមួយរបស់លោកស្រី Tsai Ing-wen ជិតមួយឆ្នាំកន្លះពីខែសីហា២០១៦ដល់ខែធ្នូឆ្នាំ២០១៧ ចិនបានបញ្ជូនយន្តហោះតែ២៦គ្រឿងប៉ុណ្ណោះចូលក្នុងដែនអាកាសតៃវ៉ាន់។
ក្រុមអ្នកជំនាញនិយាយថាកំណើនកិច្ចប្រតិបត្តិការទាំងនេះមានគោលដៅធ្វើឱ្យការហោះហើរបែបនេះជារឿងធម្មតា។
លោកស្រីបណ្ឌិត Oriana Mastro អ្នកជំនាញខាងយោធាចិននិងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន American Enterprise បាននិយាយប្រាប់វីអូអេថា«សារសំខាន់ដែលពួកចិនភ្ជាប់ជាមួយចលនាទាំងនេះគឺថាជាកិច្ចប្រតិបត្តិការជាអលជ្ជីរបស់ចិន»។
លោកស្រី Oriana Mastro បានថ្លែងបន្ថែមថា៖ «ការណ៍នាំឱ្យមានបញ្ហាខ្លាំងណាស់។ បណ្តាញផ្សាយព័ត៌មានមិនបានរាយការណ៍ទេពីព្រោះវាបានកើតមានជារៀងរាល់ថ្ងៃ។ នេះជាបញ្ហាពីព្រោះ ទីមួយ ប្រទេសចិនអាចហ្វឹកហាត់បានច្រើនដែលនឹងជួយឲ្យកងយោធាខ្លួនកាន់តែពូកែ ក៏ប៉ុន្តែពួកចិនថែមទាំងកំពុងប្រឹងប្រែងធ្វើអំពើឈ្លានពាននិងបង្កើនកម្លាំងយោធាខ្លួនឱ្យទៅជារឿងធម្មតាមួយដែលមិនសមមានការឆ្លើយតបណាមួយពីប្រទេសឯទៀតៗទេ»។
របាយការណ៍ស្រាវជ្រាវមួយផ្សាយលើគេហទំព័រនៃក្រសួងការពារជាតិតៃវ៉ាន់កាលពីដើមខែមករានិយាយថាកាលពីថ្ងៃទី៣១ខែមីនា២០១៩ យន្តហោះប្រតិកម្មប្រយុទ្ធចិនបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់ជាលើកដំបួងចាប់ពីឆ្នាំ១៩៩៩មក។ នៅពេលនោះ គេបានរាយការណ៍អំពីឧប្បត្តិហេតុនោះថាជាការបង្ករឿងធ្ងន់ធ្ងរបំផុតរវាងតៃវ៉ាន់និងប្រទេសចិនក្នុងសតវត្សរ៍នេះ។
កាលពីឆ្នាំទៅមិញ ក្នុងអម្លុងទស្សនកិច្ចរបស់លោក Keith Krach អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅតៃវ៉ាន់កាលពីខែកញ្ញាយន្តហោះចម្បាំងចិនបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្តាលដែលបែងចែកប្រទេសចិនដីគោកពីកោះនេះដែលគ្រប់គ្រងដោយខ្លួនឯងជិត៤០ដង។
យុទ្ធសាស្ត្រប្រយុទ្ធរបស់រដ្ឋាភិបាលក្រុងប៉េកាំង
ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៩០មក រដ្ឋាភិបាលប៉េកាំងបានសង្ឃឹមថានឹងមានការបង្រួបបង្រួមជាតិដោយសន្តិវិធី អស់ពេលជាង២០ឆ្នាំមកហើយ។ ចិនបានស្នើគោលនយោបាយសេដ្ឋកិច្ចជាច្រើនដែលផ្តល់អាទិភាពសម្រាប់តៃវ៉ាន់។ ទោះជាយ៉ាងណាក៏ដោយក៏កាលពីប៉ុន្មានឆ្នាំថ្មីៗនេះរដ្ឋាភិបាលប៉េកាំងបានសម្រេចថាមានឱកាសតិចណាស់សម្រាប់ការបង្រួបបង្រួមជាតិដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ដោយសារភាពជាក់ស្តែងខាងនយោបាយនៅកោះនោះ។
លោក Wang Zaixi ជាអតីតនាយករងនៃការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន។ កាលពីពេលថ្មីៗនេះលោកបាននិយាយនៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយបណ្តាញផ្សាយព័ត៌មានចិនថាមានវិធីទីបីដើម្បីជ្រើសរើសរវាងការបង្រួបបង្រួមជាតិដោយសន្តិវិធីនិងការលុកលុយខាងយោធាគឺ«ផ្ចុងផ្តើមឱ្យមានការបង្រួបបង្រួមជាតិជាថ្មីជាមួយកម្លាំង»។ លោក Wang Zaixiបានដកស្រង់ទស្សនៈក្នុងយុទ្ធសាស្ត្រធ្វើសង្គ្រាមរបស់លោក Sun Tzu ដែលថាប្រទេសចិនអាច«បង្ក្រាបសត្រូវដោយមិនបាច់ប្រយុទ្ធ»។
ក្រុមអ្នកវិភាគនិយាយថានៅពេលកម្លាំងយោធានៃប្រទេសចិនបង្វែរតុល្យភាពយោធាក្នុងច្រកសមុទ្រតៃវ៉ាន់ទៅកាន់រដ្ឋាភិបាលប៉េកាំង ការធ្វើឱ្យមានការគំរាមកំហែងយោធាជាទៀងទាត់របស់ចិនក្លាយទៅជិតជាធម្មតាមានគោលដៅបង្ក្រាបរដ្ឋាភិបាលតៃប៉ិៈតាមរយៈការធ្វើឱ្យអស់កម្លាំង។
ទិន្នន៍យថ្មីបំផុតរបស់ក្រសួងការពារប្រទេសសហរដ្ឋអាមេរិកថាប្រទេសចិនមានកងទ័ពអាកាសធំជាងគេក្នុងទ្វីបអាស៊ីហើយមានលំដាប់ទីបីក្នុងពិភពលោក។ នៅក្នុងសេចក្តីរាយការណ៍ប្រចាំរបស់ខ្លួនអំពីការអភិវឌ្ឍន៍ខាងយោធានិងខាងសន្តិសុខរបស់ប្រទេសចិនដាក់ជូនសភា ក្រសួងការពារប្រទេសសហរដ្ឋអាមេរិកបាននិយាយថាកងទ័ពអាកាសចិនមានយន្តហោះជាង២៥០០គ្រឿងដោយមានរួមបញ្ជូលយន្តហោះចម្បាំង២០០០គ្រឿងផងដែរ។
បើតាមការស្រាវជ្រាវមួយដោយសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកាំងថាតៃវ៉ាន់មានកងយន្តហោះប្រតិកម្មប្រយុទ្ធតិចជាងចិនច្រើនណាស់។ របាយការណ៍នេះបាននិយាយថា«តៃវ៉ាន់មានយន្តហោះចម្បាំង២៨៩គ្រឿងដែលទំនងជានឹងមិនអាចប្រជែងនឹងកងទ័ពអាកាសចិនបានទេប្រសិនចិននៅតែហោះហើរចូលក្នុងដែនអាកាសតៃវ៉ាន់ញឹកញាប់បែបនេះតទៅទៀតក្នុងអនាគតមធ្យមទៅអនាគតវែងឆ្ងាយនោះ»។
ក្រសួងការពារប្រទេសតៃវ៉ាន់បានពោលកាលពីពេលថ្មីៗនេះថានៅពេលនេះកងយោធាតៃវ៉ាន់«ធ្វើការទាំងថ្ងៃទាំងយប់ ដោយមិនគិតពីថ្ងៃបុណ្យទេ»ដោយនៅប្រចាំការក្នុងទីតាំងរបស់ពួកគេដើម្បីឃ្លាំមើលស្ថានការណ៍និងសម្របសម្រូលដោយសមស្រប។
ម្យ៉ាងទៀត ពួកអ្នកវិភាគក៏បានចង្អុលបង្ហាញដែរថាតៃវ៉ាន់ដឹងអំពីវិធីសាស្ត្ររបស់ចិនហើយថារដ្ឋាភិបាលប៉េកាំងមានឳកាសតិចតួចណាស់ដើម្បីទទួលបានជោគជ័យក្នុងការបង្ក្រាបកោះតៃវ៉ាន់។
លោក Yisuo Tzeng ជានាយកនៃវិទ្យាស្ថានខាងការពារជាតិនិងខាងស្រាវជ្រាវសន្តិសុខនៃកោះតៃវ៉ាន់។ លោកបានប្រាប់វីអូអេថាប្រជារាស្ត្រតៃវ៉ាន់យល់ថា«រដ្ឋាភិបាលប៉េកាំងប្រើប្រាស់ធនធានដ៏ច្រើនរបស់ខ្លួនដើម្បីធ្វើសង្គ្រាមអសមប្បមាណប្រឆាំងនឹងតៃវ៉ាន់។ កោះតៃវ៉ាន់នឹងប្រើប្រាស់វីធីឈ្លាសវៃនិងប្រុងប្រយ័ត្ននិងមធ្យោបាយចំហនិងមានតម្លាភាពដើម្បីធ្វើឱ្យសង្គមទាំងមូលមានការយល់ដឹងពេញលេញ»។
លោក Craig Singleton ជាអ្នកស្រាវជ្រាវនៅឯមូលនិធិសម្រាប់ការពារប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដែលជាអង្គការស្រាវជ្រាវមិនប្រកាន់គណបក្សនយោបាយមួយដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានី Washington។ លោកបាននិយាយថាប្រទេសចិនបានបង្ហាញការលុកលុយយោធាទាំងនេះថាជាការហ្វឹកហ្វឺនធម្មតានិងជាអលជ្ជីក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីលាក់បាំងមិនឱ្យមានប្រតិកម្មអន្តរជាតិខ្លាំង តែវាអាចនាំឱ្យមានការខូចខាតប្រយោជន៍ចិនក្នុងរយៈពេលយូរ។
លោក Craig Singleton បានថ្លែងប្រាប់វីអូអេថា«ការហោះហើរនិងការបង្កើនកម្លាំងយោធារបស់ចិនទាំងអស់នេះមិនបានរារាំងដល់កិច្ចសហប្រត្តិការរបស់សហរដ្ឋអាមេរិកជាមួយតៃវ៉ាន់ទេ»។ លោកបានថ្លែងថាចំណាត់ការគឃ្លើនបែបនេះមិនមានជោគជ័យទេក្នុងការធ្វើឱ្យសហរដ្ឋអាមេរិក រារែកឬពង្រឹងកម្លាំងរបស់ចិនឡើយ«ពីព្រោះចំណាត់ការគឃ្លើនទាំងនេះបានធ្វើឱ្យប្រទេសជិតខាងចិនភ័យខ្លាចហើយនាំគ្នានិយាយថាយើងប្រហែលជាត្រូវជិតស្និទ្ធជាងមុនជាមួយសហរដ្ឋអាមេរិកហើយ»៕
ប្រែសម្រួលដោយលោក ឈឹមសុមេធ