ចិនកំពុងប្រើបណ្តាញផ្សាយព័ត៌មានប្រាក់និងឥទ្ធិពលកាន់តែខ្លាំងឡើងទៅលើការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ខាងមុខនៅកោះតៃវ៉ាន់ ជាដែនដីគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយដែលរដ្ឋាភិបាលក្រុងប៉េកាំង ហៅថាជារបស់ខ្លួន។ នេះតាមការអះអាងរបស់ក្រុមមន្រ្តីនិងអ្នកជំនាញ។
ក្រុមប្រឹក្សាកិច្ចការកោះតៃវ៉ាន់អំពីចិនដីគោក បានប្រាប់ VOA ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ទី២៩ ខែកក្កដាថាពួកអាជ្ញាធរក្នុងទីក្រុងប៉េកាំងមានឥទ្ធិពល«នៅថ្នាក់មូលដ្ឋាន»របស់កោះតៃវ៉ាន់ដោយការទាក់ទាញពួកទេសចរណ៍ ទិញការផ្សាយពាណិជ្ជកម្មនិងប្រើក្រុម Mafia។ អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ខ្លះ ក៏បាននិយាយដែរថា រដ្ឋាភិបាលចិន បានឲ្យប្រាក់បណ្តាញព័ត៌មានតៃវ៉ាន់ដើម្បីចុះផ្សាយរបាយការណ៍ដែលគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំង។
សេចក្តីថ្លែងការណ៍នោះ ប្រាប់ឲ្យដឹងថា «ពួកកុម្មុយនិស្តចិន កំពុងធ្វើអន្តរាគមន៍យ៉ាងសកម្មនៅក្នុងការបោះឆ្នោតឆ្នាំ២០២០ ហើយនេះជាការរំលោភអធិបតេយ្យភាពរបស់កោះតៃវ៉ាន់និងបំផ្លាញប្រព័ន្ធលទ្ធិប្រជាធិបតេយ្យរបស់យើង»។
លោក Chiu Chiu-cheng អ្នកនាំពាក្យក្រុមប្រឹក្សានោះ បានប្រាប់ VOA ថា លោកចង់ឲ្យចិនបញ្ឈប់បញ្ហានេះ។
ចិនបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនចាប់តាំងពីសង្គ្រាមស៊ីវិលចិនក្នុងទសត្សរ៍១៩៤០ហើយបានគំរាមកំហែងកាន់កាប់កោះតៃវ៉ាន់ដោយកម្លាំង ប្រសិនបើចាំបាច់។ រដ្ឋាភិបាលចិន កាលពីពេលថ្មីៗនេះមានការមិនសប្បាយចិត្តចំពោះលោកស្រី Tsai Ing-wen ប្រធានាធិបតីកំពុងកាន់អំណាចកោះតៃវ៉ាន់ចំពោះការច្រានចោលគោលបំណងនៃការបង្រួបបង្រួមជាតិរបស់រដ្ឋាភិបាលចិន និងលក្ខខណ្ឌជាមុននៃការចរចា ដែលភាគីម្ខាងៗមើលឃើញខ្លួនឯងថាជាផ្នែកមួយនៃប្រទេសចិនតែមួយ។ លោកស្រី Tsai បានឡើងកាន់អំណាចនៅឆ្នាំ២០១៦ ហើយលោកស្រីកំពុងស្វះស្វែងឈរឈ្មោះម្តងទៀត។
ការស្ទង់មតិដោយរដ្ឋាភិបាល បានបង្ហាញកាលពីខែមករាថា ប្រជាពលរដ្ឋកោះតៃវ៉ាន់ជាច្រើន ជំទាស់ប្រឆាំងនឹងការបង្រួបបង្រួមជាមួយចិនដីគោក។ ពលរដ្ឋកោះតៃវ៉ាន់ជាច្រើន ក៏សង្ឃឹមថានឹងមានទំនាក់ទំនងពាណិជ្ជកម្មកាន់តែខ្លាំងឡើងជាមួយចិនដី គោកដោយសារអំណាចសេដ្ឋកិច្ចរបស់ចិន។
លោក Han Kuo-yu ជាគូប្រកួតប្រជែងរបស់លោកស្រី Tsai ក្នុងការបោះឆ្នោត គាំទ្រការចរចាជាចំហជាមួយចិនដើម្បីធ្វើឲ្យប្រសើរឡើងនូវចំណងទាក់ទងខាងសេដ្ឋកិច្ចនិងវិនិយោគទុន។ ពួកអ្នកវិភាគនៅកោះតៃវ៉ាន់ និយាយថាឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំង អាចបង្កើនការគាំទ្រលោក Han មុនការបោះឆ្នោតនៅខែមករា។
ការស្ទង់មតិនៅកោះតៃវ៉ាន់ បានធ្វើឲ្យលោក Hanដែលឥឡូវនេះជាអភិបាលក្រុង Kaohsiung ដែលជាក្រុងកំពង់ផែដ៏សំខាន់មួយ ទទួលបានការគាំទ្រកើនពី៣៦ភាគរយទៅ៤៨ភាគរយកាលពីខែកក្កដា។
លោក Michael Tsai នាយកវិទ្យាស្ថានសម្រាប់ការសិក្សាវិស័យការពារប្រទេសនិងយុត្តិសាស្រ្តកោះតៃវ៉ាន់ និយាយថា «លទ្ធផលនេះ ជាការបញ្ជាក់យ៉ាងច្បាស់ លទ្ធផលនេះ មានផលប៉ះពាល់លើការបោះឆ្នោតប្រធានាធិបតីនិងសភាកោះតៃវ៉ាន់ ដូច្នេះ ខ្ញុំគិតថាប្រសិនបើមិនមានឥទ្ធិពលរបស់ចិនទេ លោក Han Kuo-yu នឹងមិនបានទទួលសន្លឹកឆ្នោតច្រើនទេនៅក្នុងការស្ទង់មតិ»។
កាលពីខែឧសភា លោកស្រីប្រធានាធិបតី បានប្រាប់ទីភ្នាក់ងារសន្តិសុខជាតិឲ្យបង្កើនការតស៊ូប្រឆាំងនឹងចិន ពីព្រោះមានសញ្ញាថាចិនបានព្យាយាមបង្កើនឥទ្ធិពលលើកោះតៃវ៉ាន់។ កាលនោះ លោកស្រីប្រធានាធិបតី Tsaiបានប្រាប់ពួកអ្នកយកព័ត៌មានថា ចិនបានព្យាយាមប្រើឥទ្ធិពលលើការបោះឆ្នោតហើយនឹងធ្វើយុទ្ធនាការព័ត៌មានក្លែងក្លាយ។ ចិនថែមទាំងបង្កើត«ការស្ទង់មតិក្លែងក្លាយ»ដើម្បីមានឥទ្ធិពលលើមនោសញ្ចេតនាពួកអ្នកបោះឆ្នោត។ នេះតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាកោះតៃវ៉ាន់សម្រាប់កិច្ចការចិនដីគោក។
លោក Michael Tsai បាននិយាយទៀតថា ទីភ្នាក់ងាររបស់រដ្ឋាភិបាលចិន បានផ្តល់ថវិកាខ្លះតាមរយៈពាណិជ្ជករតៃវ៉ាន់ដែលមានទីតាំងក្នុងប្រទេសចិនដើម្បីប្រើឥទ្ធិពល។
កាលពីឆ្នាំទៅ រដ្ឋាភិបាលតៃវ៉ាន់ បាននិយាយថា ចិនបានផ្តល់ថវិកាសម្រាប់ «ព័ត៌មានក្លែងក្លាយ»និងសម្រាប់បេក្ខជនរបស់គណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតមូលដ្ឋាននៅទូទាំងកោះតៃវ៉ាន់។ ពួកជាតិនិយមដែលមានសម្ព័ន្ធភាពជាមួយចិនដីគោក បានឈ្នះការបោះឆ្នោតដណ្តើមអាសនៈអភិបាលក្រុងនិងសង្កាត់កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ដែលបានដណ្តើមយកអាសនៈនោះជាច្រើនរបស់គណបក្សប្រជាធិបតេយ្យជឿនលឿនដែលជាគណបក្សកាន់អំណាច។
លោក George Hou ជាសាស្រ្តាចារ្យគមនាគមន៍នៅសាកលវិទ្យាល័យ I-Shou ដែលមានទីតាំងនៅកោះតៃវ៉ាន់ និយាយថាបណ្តាញព័ត៌មានខ្លះរបស់កោះតៃវ៉ាន់ បានសរសើរលោក Hanចំពោះសកម្មភាពមិនទំនង ដូចជា ការសម្អាតទន្លេទាំងមូល។លោកHan បានកាន់តំណែងជាអភិបាលក្រុងមិនដល់មួយឆ្នាំផង។
លោក Hou និយាយទៀតថា៖ «ខាងគុណភាពវិញ ការណ៍នេះមិនគ្រាន់តែធ្វើឲ្យលោក មានមុខមាត់ជាសាធារណៈទេ ប៉ុន្តែក៏ធ្វើឲ្យលោកដូចជាអាទិទេពដែលធ្វើអ្វីៗដែលមនុស្សមិនអាចធ្វើបាន»។
លោកនិយាយទៀតថា រដ្ឋាភិបាលចិនបានឧបត្ថម្ភប្រាក់ដល់បណ្តាញព័ត៌មានខ្លះចំពោះសេចក្តីរាយការណ៍ប្រភេទនេះហើយ បានឲ្យប្រាក់ទៅភោជនីយដ្ឋានតៃវ៉ាន់ខ្លះបើកការផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍គាំទ្រចិនឲ្យអតិថិជនមើល។
នៅទីក្រុងប៉េកាំង អ្នកនាំពាក្យសម្រាប់ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់រដ្ឋាភិបាលចិន បាននិយាយកាលពីថ្ងៃទី១៧ ខែកក្កដាថា ការិយាល័យរបស់លោក មិនបានប្រើបណ្តាញព័ត៌មានតៃវ៉ាន់ដើម្បីគាំទ្របេក្ខជនឈរឈ្មោះបោះឆ្នោតទេ។
ពួកអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ និយាយថាកិច្ចខំប្រឹងប្រែងណាមួយដើម្បីឲ្យមានឥទ្ធិពលដល់ការបោះឆ្នោតហាក់ដូចជាត្រូវបានគេរៀបចំដោយសម្ងាត់ដែលធ្វើឲ្យមានការលំបាកក្នុងការបង្ហាញឲ្យជាក់លាក់ថាទាក់ទងជាមួយចិន។
លោកស្រី Yun Sunជាសាស្រ្តាចារ្យជំនួយជាន់ខ្ពស់នៃកម្មវិធីតំបន់អាស៊ីខាងកើតនៅឯមជ្ឈមណ្ឌលStimsonដែលជាអង្គការស្រាវជ្រាវក្នុងរដ្ឋាធានីវ៉ាស៊ីនតោន និយាយថា ចិន ប្រហែលមិនទិញការបោះឆ្នោតដោយផ្ទាល់ឬបំផ្លាញ ទិន្នន័យដើម្បីឲ្យមានឥទ្ធិពលទៅលើការបោះឆ្នោតទេ។
លោកស្រី Sun និយាយទៀតថា «ខ្ញុំគិតថា ភ័ស្តុតាងមិនទាន់ចេញរូបភាពច្បាស់លាស់ទេ ហើយថា ការទាក់ទងរបស់ចិន មានភាពស្មុគ្រស្មាញជាងនេះ។ ផ្ទុយទៅវិញមន្រ្តីក្នុងទីក្រុងប៉េកាំង អាចប្រើបណ្តាញព័ត៌មានរបស់ខ្លួនដើម្បីបញ្ជូនសារទៅឲ្យពលរដ្ឋតៃវ៉ាន់និងចិន រួមមានភ្ញៀវទេសចរណ៍ដែលបម្រុងធ្វើដំណើរទៅកោះតៃវ៉ាន់។ ដូច្នេះអ្វីដែលចិនធ្វើគឺប្រើទំនាក់ទំនងសាធារណៈ»។
លោកស្រី បានមានប្រសាសន៍ទៀតថា ការណ៍នេះនឹងក្លាយជាការលំបាកមួយដើម្បីស្វែងរកការជាប់ជំពាក់ជំពិនដោយផ្ទាល់របស់ចិននៅក្នុងការបោះឆ្នោតណាមួយនោះ៕
ប្រែសម្រួលដោយជឹង ប៉ូជីន