ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតីតៃវ៉ាន់សន្យាជំរុញ​ការពារទឹកដី ខណៈចិន​បង្កើន​ការ​គំរាមកំហែង​ខាង​យោធា​


រូបឯកសារ៖ ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី​ Tsai Ing-wen ចូលរួមក្នុងពិធីតែងតាំងមួយនៅក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី​ Tsai Ing-wen ចូលរួមក្នុងពិធីតែងតាំងមួយនៅក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

ប្រធានាធិបតីកោះតៃវ៉ាន់ អ្នកស្រី​ Tsai Ing-wen សន្យានៅថ្ងៃពុធនេះ​ថា នឹង​បង្កើន​សមត្ថភាព​ការពារជាតិ​របស់ខ្លួន​ បន្ទាប់​ពី​មាន​ការគំរាម​កំហែង​ជា​បន្ត​បន្ទាប់​ខុស​ពីធម្មតា​មកលើ​រដ្ឋា​ភិបាលរបស់​អ្នកស្រី ដោយ​គូសត្រូវ​ដ៏យូរអង្វែ​ង​គឺ​ប្រទេស​ចិន​ដី​គោក។

អ្នកស្រី​ប្រធានាធិបតី Tsai បានថ្លែង​សុន្ទរកថាក្នុង​ឱកាសនៃ​ការ​ចាប់​ផ្តើមនៃ​អណត្តិទី២​របស់​អ្នកស្រី​ក្នុង​សម្តី​ដើម​យ៉ាង​ដូចនេះ​ថា «នៅពេលដែល​យើង​ធ្វើ​ការ​ជំរុញ​នូវសមត្ថភាពការពារជាតិ​របស់​យើង ការអភិវឌ្ឍសមត្ថភាព​នៃ​ការប្រយុទ្ធ​នាពេល​អនាគត​នឹង​ផ្តោតផង​ដែរទៅ​លើ​ការងារផ្លាស់​ប្តូរ​ទី​តាំង វិធានការនៃ​ការប្រឆាំងតបត និងសមត្ថភាពនៃការប្រើ​ប្រាស់​យុទ្ធ​សាស្ត្រខុស​ធម្មតា។ អ្នក​ស្រី Tsai បានជាប់ឆ្នោតជាប្រធានាធិបតីកោះតៃវ៉ាន់ក្នុងអណ្តតិទី២របស់អ្នកស្រី កាលពី​ខែ​មករាកន្លងទៅ។​

ប្រទេសចិន​ត្រូវបានគេចាត់ចំណាត់ថ្នាក់​ជាប្រទេសទី​បី ដែលមាន​កម្លាំងយោធាខ្លាំងបំផុតនៅ​លើ​ពិភពលោក រី​ឯដែនដីកោះតៃវ៉ាន់ត្រូវបានគេចាត់ចូលក្នុងចំណាត់​លេខ​២៦​ ខាង​កម្លាំងយោធា ដោយគេហទំព័រ GlobalFirePower.com ។​ សង្គ្រាម​រវាង​អំណាច​យោធា​មិន​ស្មើ​គ្នា ឬហៅថា Asymmetric warfare ​មាន​ន័យ​ថា ​ត្រូវ​មាន​ការប្រើប្រាស់នូវយុទ្ធសាស្ត្រ​និងអាវុធ​សម័យ​ទំនើបដូចជា នាវាមុជទឹកជាដើម ក្នុងការប្រយុទ្ធ​ប្រឆាំងនឹងសត្រូវដែលមាន​កម្លាំង​ខ្លាំង​ជាង​។​

អ្នកវិភាគ​និង​របាយការណ៏​ព័ត៌មានផ្សេងៗក្នុងទ្វីបអាស៊ី​បានឲ្យ​ដឹងថា កងទ័ពរំដោះជាតិ​ប្រជាជនចិនរបស់​រដ្ឋាភិបាល​ក្រុងប៉េកាំង បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើសមយុទ្ធយោធា​ក្នុង​ទឹក​សមុទ្រ នៅក្នុង​តំបន់សមុទ្រចិនខាងត្បូង ដើម្បីធ្វើ​ត្រាប់សាកល្បងដណ្តើម​យក​កូនកោះចំនួនបី​ ដែលតៃវ៉ាន់កំពុងគ្រប់គ្រងធ្វើជាផ្នែកមួយនៃតំបន់ឧទ្យានជាតិកងម៉ារីនរបស់ខ្លួន។ កូនកោះទាំងនេះ មានទីតាំងស្ថិតនៅ​ក្នុងចំណុច​យុទ្ធសាស្រ្តដែលខ័ណ្ឌតំបន់អាស៊ីអាគ្នេយ៏និងអាស៊ីភាគឥសាន។

លោក​ Alexander Huang សាស្ត្រាចារ្យខាងការសិក្សា​យុទ្ធសាស្ត្ររបស់សាកល​វិទ្យាល័យ Tamkang នៃកោះតៃវ៉ាន់ បាន​ឲ្យ​ដឹងតាមសម្តីដើមរបស់​លោកថា «ប្រសិនបើ​ចិនដីគោក​ចង់ដណ្តើមគ្រប់គ្រងតំបន់​កោះរបស់តៃវ៉ាន់ គេអាចធ្វើការឡោមព័ទ្ធតំបន់កោះ​ទាំងនេះ និងបង្ខំ​ឲ្យ​តៃវ៉ាន់ទម្លាក់​អាវុធ​ដកថយជាមុន ដោយ​គ្មាន​ការប្រយុទ្ធបង្ហូរឈាមគ្នានោះទេ» ។ ​

រដ្ឋបាលឆ្មាំ​ការពារសមុទ្ររបស់ចិនបានឲ្យ​ដឹងថា​នៅ​ថ្ងៃទី១២ ឧសភា​ថា កង​ទ័ព​ចិន មានគំរោងនឹងធ្វើ​សមយុទ្ធ​បាញ់គ្រាប់​ពិត​នៅក្នុងតំបន់ជិតប្រជុំកោះ Pratas ដែលតៃ​វ៉ាន់កំពុងគ្រប់គ្រង។​

ប្រទេសចិន​បាន​បើកនាវាដឹក​ជញ្ជូន​យន្តហោះរបស់​ខ្លួន​ឈ្មោះ Liaoning មក​កាន់តំបន់​ជិត​កោះតៃវ៉ាន់កាល​ពី​ខែមេសា​កន្លងទៅ ហើយ​បានអនុញ្ញាតឲ្យយន្តហោះដឹកជញ្ជូន​របស់​យោធា ហោះ​ចូល​ដែនអាកាស​របស់តៃវ៉ាន់ នៅខែ​ឧសភា​នេះ។ ក្រសួង​ការពារជាតិ​កោះ​តៃវ៉ាន់ បានឲ្យដឹង​កាល​ពីខែ​មុន​ថា ខ្លួន​មានព័ត៌មាន​ដែល​ថា​ប្រទេស​ចិនកំពុង​តែ​និយាយ​ពីការត្រៀមប្រកាសពីតំបន់​ការពារ​ដែនអាកាសរបស់ខ្លួន​ នៅលើ​តំបន់​សមុទ្រចិនខាង​ត្បូង។ តំបន់សមុទ្រចិន​ខាង​ត្បូងកំពុង​ស្ថិតនៅ​ក្នុង​ជម្លោះ​ជាមួយ​កោះតៃ​វ៉ាន់ និងប្រទេស​សមាជិក​អាស៊ាន​ចំនួន​បួន​ផ្សេង​ទៀត។

មន្រ្តីរបស់ក្រុងប៉េកាំងមាន​ភាពធុញទ្រាន់​ចំពោះ​ការបដិសេធរបស់​អ្នក​ស្រី Tsai ​មិន​ព្រម​ទទួល​ស្គាល់​ថា តៃវ៉ាន់​ជាផ្នែកមួយរបស់​ចិនកុម្មុយនីស្ត ហើយ​មិន​ត្រឹមតែប៉ុណ្ណោះ អ្នកស្រី​ក៏បាន​ពង្រឹង​នូវ​ទំនាក់​ទំនង​កាន់​តែ​ខ្លាំងជា​ងមុន​ថែម​ទៀត​ ជាមួ​យ​សហរដ្ឋ​អាមេរិក ដែល​ជាអ្នក​ទប់​ទល់​អំណាចនយោបាយ​របស់ចិន​ក្នុងពិភពលោក និង​ការខិតខំរបស់​តៃវ៉ាន់​ ដើម្បី​ចូលរួម​ក្នុងសន្និបាតសុខ​ភាពពិភពលោក​នៅក្នុងខែនេះ​ ទោះបីជាមាន​ការជំទាស់​អស់​រយៈពេល​យ៉ាង​យូររបស់​ទីក្រុង​ប៉េកាំងយ៉ាងណា​ក្តី។

អ្នកស្រី​ Tsai​ ​បានជាប់​ឆ្នោតជា​ប្រធានាធិបតី​កោះតៃវ៉ាន់​ ក្នុងអាណត្តិ​ទី១ កាល​ពីឆ្នាំ២០១៦ មួយ​ផ្នែក​ដោយ​សារ​តែ​គោល​ជំហរ​រឹង​មាំ​របស់​អ្នកស្រី​ ​ក្នុង​ការ​តទល់​ជាមួយប្រទេស​ចិន​កុម្មុយនីស្ត ដោយ​អ្នកស្រីប្រកាសការពារទឹកដីកោះតៃវ៉ាន់ ជាអាទិភាពរបស់អ្នកស្រី​ក្នុងនាម​ជាប្រធានាធិបតីរបស់ដែនដីកោះមួយនេះ។ កោះ​តៃវ៉ាន់ ដែលពឹង​ផ្អែក​លើ​ឧស្សាហកម្ម​ធន់ធ្ងន់ មាន​កាំជ្រួច​ដែល​បាញ់​ពីដីទៅលើ​អាកាស និងពីដែន​អាកាស​ទៅ​អាកាស និង​មាន​យន្តហោះប្រយុទ្ធ​យោធា​ចំនួន​៦៦គ្រឿង ក្នុង​ពេល​កន្លង​មក។ ​ទីតាំងសាងសង់នាវា​ក្នុង​ស្រុកមួយ ក៏​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់លើ​នាវាមុជទឹកមួយ​ ដែល​រំពឹង​ថា​ នឹង​ត្រូវសាងសង់រួចរាល់​នៅក្នុង​ឆ្នាំ២០២៤ខាងមុខ​។

អ្នកស្រី​ Tsai បានឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​៤ឆ្នាំខាងមុខ​ កោះតៃវ៉ាន់ នឹងពង្រឹង​នូវ​សមត្ថភាពការពារប្រឆាំង​ការ​គំរាម​កំហែងសង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិត សង្គ្រាម​ចិត្តសាស្រ្ត និង​សង្រ្គាមមួយ​ដែល «​គ្មាន​ដែន​កម្រិត» ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​ដៅជាយុទ្ធសាស្រ្តរបស់ខ្លួន​ក្នុងការមិនរាថយនិងឃ្លបខ្លាច។ អ្នកស្រីក៏​បាន​ឲ្យ​ដឹងទៀត​ផងដែរ​ថា រដ្ឋាភិបាលតៃវ៉ាន់​មាន​គម្រោងនឹង​ធ្វើ​សមាហរកម្ម​សមត្ថភាព​ផ្នែក​ស៊ីវិល​និងយោធាបញ្ចូលគ្នាទាក់ទង​ខាង​វិស័យអាកាសចរណ៏និងអវកាស។

ដែនដីកោះតៃវ៉ាន់​ និងចិនកុម្មុយនីស្តដីគោក បាន​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​ដាច់​ដោយ​ឡែក​ពី​គ្នា ចាប់តាំងពី​សង្គ្រាមស៊ីវិល​ក្នុងប្រទេស​ចិនក្នុងទសវត្ស​រ៍ឆ្នាំ​១៩៤០ មក នៅ​ពេល​ដែល​ក្រុមជាតិនិយម ដែលដឹកនាំដោយ​លោក Chiang Kai-shek បាន​ចាញ់​ក្រុម​កុម្មុយនីស្ត​ ដែល​ដឹក​នាំដោយលោក Mao Zedong ហើយ​បាន​រត់​ទៅ​បោះទីតាំងនៅលើកោះតៃវ៉ាន់​នាពេល​បច្ចុប្បន្ន។​ ប្រទេសចិនដីគោកនៅតែ​អះអាង​ថា ​តៃ​វ៉ាន់​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ហើយមិន​បាន​ច្រាន​ចោល​នូវ​ការប្រើ​ប្រាស់កម្លាំងយោធា ប្រសិន​បើខ្លួន​មានការ​ចាំបាច់​ណាមួយ ដើម្បី​បង្រួបបង្រួមទឹកដីទាំងពីរនេះ។

អ្នកស្រី​ប្រធានាធិបតីតៃវ៉ាន់​បាន​ច្រាន​ចោលសំណើរបស់រដ្ឋាភិបាលក្រុង​ប៉េកាំងដែល​ចង់​ដាក់​កោះ​តៃវ៉ាន់ក្នុងទម្រង់ដឹកនាំ​ «ប្រទេសមួយ​ ​ប្រព័ន្ធពីរ»​ ដូចអ្វីដែល​ប្រទេស​ចិនកុម្មុយនិស្ត​កំពុង​ធ្វើ​ក្នុង​ទីក្រុងហុងកុងនាពេល​បច្ចុប្បន្ន​។

ទីក្រុងហុងកុងបច្ចុប្បន្ន ជាទឹកដីរបស់ប្រទេសចិន ដោយ​មាន​វិធាន​ការគ្រប់​គ្រងតាម​បែបស្វ័យភាពផ្ទាល់ខ្លួន។​ តាមការ​ស្ទង់​មតិ​របស់​រដ្ឋាភិបាល​តៃវ៉ាន់បង្ហាញ​ថាប្រជាជន​តៃវ៉ាន់​ប្រមាណ​៨០ភាគរយ ជំទាស់​នឹង​ការ​បង្រួបបង្រួមជាតិ​ជាមួយប្រទេសចិន​ដីគោក។​

អ្នកស្រីប្រធានាធិបតី​កោះតៃវ៉ាន់​ បានស្នើកាលពីថ្ងៃពុធសប្តាហ៏​មុន​ឲ្យមាន​ការ​សន្ទនាគ្នាជាមួយចិន។ អ្នកស្រីបាន​លើក​ឡើង​ក្នុងសម្តីដើមថា «យើងមានសុឆន្ទៈក្នុងការសន្ទនាជា​មួយចិន និងធ្វើការ​រួមវិភាគទាន​ដ៏សំខាន់​ដល់​សន្តិសុខក្នុងតំបន់។ អ្នកស្រីបន្តទៀតថា «ភាគីទាំងពីរ មាន​ភារកិច្ច​ក្នុង​ការស្វែង​រក​វិធី​ ​ដើម្បី​រួមរស់​ជា​មួយ​គ្នា​សម្រាប់​រយៈ​ពេល​វែង​ឆ្ងាយ​ទៅ​មុខ និង​ដើម្បីជៀសវាង​នូវភាព​តានតឹង ដែល​កើត​ចេញ​ពីការ​ខ្វែងគំនិតគ្នា ​និង​ភាព​ខុស​គ្នា»។ ​

ការបែកបាក់​គ្នាជាថ្មីក្នុងទំនាក់ទំនង​រវាងដែនដី​ទាំងពីរ នឹងកើត​ឡើង​មុនការ​វាយ​ប្រហារដោយ​ប្រទេសចិន​កុម្មុយនីស្ត។ សាស្ត្រា​ចារ្យចូលនិវត្តន៏លោក​ Carl Thayer នៃសាកលវិទ្យាល័យ New South Wales ក្នុងប្រទេស​អូស្ត្រាលី បាន​ថ្លែ​ង​ក្នុង​សម្តី​ដើមថា «អ្នកត្រូវ​ស្វែង​រក​នូវ​សញ្ញាព្រមានពីដំបូង ​ដូច្នេះចាំបាច់ត្រូវមាន​នូវទំនាក់​ទំនង​មិន​ល្អ​រវាង​ភាគីទាំងពីរ ដែលនេះវាច្បាស់ហើយថាជាទំនាក់​ទំនង​ដែល​មិន​ល្អ​បំផុត​នោះ​ទេ តែ​វាក៏មិនអាក្រក់បំផុតនោះដែរ»។

សាស្ត្រាចារ្យផ្នែកនយោបាយ​អន្តរជាតិនៃសាកល​វិទ្យាល័យ Chengchi ក្នុងទីក្រុងតៃប៉ិ លោក​ Alex Chiang បានលើកឡើងថា មន្ត្រីចិន​មិន​មាន​ផែន​ការ​វាយ​ប្រហារ​កោះ​តៃវ៉ាន់​នោះទេ តែ​ចិន​ចង់​ឲ្យ​ប្រធានាធិបតី​តៃ​វ៉ាន់ ​ចាត់​វិធានការការទូត​មួយក្នុងពេល​ខាងមុខ​។ ​

លោក Chiang បន្តក្នុងសម្តីដើម​ថា «ខ្ញុំ​គិតថា ​ទំនាក់ទំនងរវាងភាគីទាំងពីរ បានស្ថិតក្នុងកម្រិតទាបរួចទៅហើយៗខ្ញុំគិតថា គឺវា​អាស្រ័យ​ទៅលើប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី Tsai Ing-wen ក្នុងការធ្វើ​អ្វី​មួយ​ទាក់​ទង​និង​រឿងនេះ​។ ​លោក​បន្តទៀតថា ប្រសិន​បើ​អ្នកស្រី​អាច​ផ្តល់នូវ​ក្តីសង្ឃឹម​ណា​មួយ​ ដូច​ជា​កាយវិការ​ក្នុងនាម​ជាមិត្តភក្តិជាដើម​សំរាប់​ប្រទេស​ចិននោះ ប្រហែល​ជា​អាច​មានចលនាណាមួយធ្វើឲ្យប្រសើរឡើងនូវ​ទំនាក់ទំនងនេះ»។

លោក​ Chiang បន្ថែមទៀតថា​ ការធ្វើសមយុទ្ធយោធារបស់ចិន គ្រាន់តែជា«ល្បែង​សង្គ្រាមតែប៉ុណ្ណោះ» ហើយ​ប្រទេស​ចិន​ពុំ «មាន​បំណងធ្វើ​សកម្មភាពយោធា» នៅ​ពេល​ដែល​ខ្លួន​កំពុង​តែ​ប្រុង​ប្រៀបស្តារ​ឡើង​វិញ​នូវ​សេដ្ឋ​កិច្ច​របស់​ខ្លួន​ ក្រោយ​ជំងឺ​កូវីដ​១៩៕

ប្រែសម្រួលដោយ ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG