ខុទ្ទកាល័យប្រធានាធិបតីតៃវ៉ាន់បានរៀបចំលំហាត់សមលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍តាមសេណារីយ៉ូនៃសកម្មភាពយោធាចិននៅក្នុងតំបន់ដើម្បីជំរុញការត្រៀមខ្លួនរួចជាស្រេចរបស់កោះតៃវ៉ាន់ទប់ទល់នឹង «ការវាតទីបែបអាជ្ញាធិបតេយ្យ»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើប្រភពមន្ត្រីសន្តិសុខតៃវ៉ាន់។
លំហាត់សមតាមស្ថានភាពពិតគឺជាមធ្យោបាយមួយដែលក្រុមអ្នកយុទ្ធសាស្ត្រប្រើដើម្បីធ្វើត្រាប់តាមសេណារីយ៉ូដែលអាចកើតឡើងជាក់ស្តែង និងសាកល្បងមើលថាតើក្រុមផ្សេងៗនឹងមានប្រតិកម្មនិងសម្របសម្រួលយ៉ាងដូចម្ដេចទប់ទល់នឹងស្ថានការណ៍គំរាមកំហែងដូចស្ថានការណ៍ពិតប្រាកដនេះ។
មន្ត្រីសន្តិសុខជាតិតៃវ៉ាន់ម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លំហាត់សមកាលពីព្រឹកថ្ងៃព្រហស្បតិ៍ដែលដឹកនាំដោយខុទ្ទកាល័យប្រធានាធិបតីតៃវ៉ាន់មានវត្តមានចូលរួមពីក្រសួងថ្នាក់ជាតិ រដ្ឋបាលមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលសរុបចំនួន ១៩។
មន្ត្រីរូបនោះបាននិយាយថា៖ «លំហាត់នេះមានគោលបំណងពង្រឹងភាពធន់នៃការការពារសង្គមទាំងមូលនៅតៃវ៉ាន់នៅពេលប្រឈមមុខនឹងការវាតទីបែបអាជ្ញាធិបតេយ្យដោយប្រទេសចិននិងប្រទេសផ្សេងទៀតនៅពេលដែលប្រទេសទាំងនោះបន្តមិនធ្វើតាមរបៀបរៀបរយអន្តរជាតិ»។
មន្ត្រីរូបនោះបានបន្តថា លំហាត់ត្រាប់តាមស្ថានភាពពិតនេះសាកល្បងការឆ្លើយតបរបស់តៃវ៉ាន់ទៅនឹង «ប្រតិបត្តិការដ៏ខ្លាំងក្លា» របស់សត្រូវ «លើផ្នែកដែលច្បាប់មិនកំណត់ឲ្យបានច្បាស់» ពោលគឺសកម្មភាពដែលមិនទាន់ដល់កម្រិតសង្គ្រាមនៅឡើយតែក្នុង «កម្រិតដែលអាចឈានដល់សង្គ្រាមបាន»។
មន្ត្រីសន្តិសុខដដែលនោះបានបន្ថែមថា សេណារីយ៉ូដែលត្រូវបានប្រើសម្រាប់សាកល្បងការត្រៀមខ្លួនរួចរាល់របស់តៃវ៉ាន់នេះគឺជាលំហាត់សមបែបទ្រឹស្តីដែលចិនបានធ្វើនៅឆ្នាំនេះដោយដៅលើបណ្តុំកោះយុទ្ធសាស្ត្រជុំវិញកោះតៃវ៉ាន់ ជប៉ុន និងផ្នែកខ្លះនៃប្រទេសហ្វីលីពីននិងឥណ្ឌូណេស៊ី៕