ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​កម្លំាង​ Kurd របស់​ស៊ីរី​រង​ការ​ចោទប្រកាន់​ពី​ការ​ដាក់​ទណ្ឌកម្ម​ជា​រួម​​នៅ​តំបន់​រំដោះ​រួច


ក្រុម​ Kurd សាទរ​ចំពោះ​ការ​វាយ​យក​ទឹក​ដី​នៅ​ក្នុង​ក្រុង Qamishli។
ក្រុម​ Kurd សាទរ​ចំពោះ​ការ​វាយ​យក​ទឹក​ដី​នៅ​ក្នុង​ក្រុង Qamishli។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​កំពុង​ចោទ​ប្រកាន់​កងកម្លាំង​ Kurd ចំពោះ​ការ​ជម្លៀស​ដោយ​បង្ខំ​​ទៅ​លើ​ពលរដ្ឋ​តួកមេនីស្ថាន​និង​ពលរដ្ឋ​អារ៉ាប់​​នៅ​ភូមិ​នានា​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​ ។

មាន​ផ្ទះ​មួយ​ក្នុង​ចំណោម​ផ្ទះ​ទាំង​អស់​នៅ​ក្នុង​ភូមិ Husseinya ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​ត្រូវ​បាន​វាយកម្ទេច​ឲ្យ​រៀប​ដល់​ដី។ នៅ​លើ​ផ្លូវ​ថ្នល់​នានា​ពោរពេញ​ទៅ​ដោយ​បំណែក​ថ្ម ឥដ្ឋ និង​ចំរឹង​ដែក​បែកបាក់​រមូល​ចូលគ្នា​ជា​ច្រើន។

ភូមិ Husseinya ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​កងកម្លាំង​រដ្ឋ​ឥស្លាម រហូត​ដល់​ដើម​ឆ្នាំ​នេះ ប៉ុន្តែ​ប្រជាជន​ភូមិ​នេះ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​លំនៅឋាន​ដោយ​កង​កម្លាំង​ Kurd ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា YPG។​

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ (Amnesty International) បាន​អះអាង​ថា ក្រុម YPG ជាមួយ​នឹង​កង​កម្លាំង​ប៉ូលិស​របស់​ពួកគេ​ដែល​គេ​ហៅ​ថា Asayish បាន​កម្ទេច​ភូមិ​នោះ​ រួម​ទាំង​ភូមិ​យ៉ាង​ហោច​ណាស់​៦​ផ្សេង​ទៀត។ នាង Diana Semaan ជា​អ្នក​ធ្វើការ​ឲ្យ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​និយាយ​ថា៖

«កង​កម្លាំង YPG និង​ប៉ូលិស Asayish បាន​ទៅ​ភូមិ​របស់​ពួកគេ បន្ទាប់​ពី​ពួកគេ​បាន​វាយ​យក​ភូមិ​នោះ​ពី​រដ្ឋ​ឥស្លាម ដោយ​បាន​បង្ខំ​ពលរដ្ឋ​នៅ​ទី​នោះ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ​ដោយ​មិន​បាន​ឲ្យ​ដំណឹង​ជា​មុន​ និង​ថែម​ទាំង​មិន​ឲ្យ​ពួកគេ​យក​របស់​ទ្រព្យ​ទៅ​តាម​ផង​ដែរ»។

អ្នកស្រី Bassma និង​កូនៗ​បួន​នាក់​របស់​គាត់​បាន​រស់​នៅ​ក្នុង​ភូមិ Tel Diyab របស់​ស៊ីរី​ ប៉ុន្តែ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ភៀស​ខ្លួន​ទៅ​ប្រទេស​តួកគី។​ អ្នកស្រី​បាន​ពិពណ៌នា​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​ដែល​កង​កម្លាំង​ Kurd ទៅ​ដល់​ទី​នោះ។

អ្នកស្រី Bassma និយាយ​ថា៖ «មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​សង់​ផ្ទះ​នេះ​យូរ​ប៉ុន​ណា​ហើយ? ខ្ញុំ​ឆ្លើយ​ថា ខ្ញុំ​បាន​សង់​វា​ អស់​រយៈពេល​១៣​ទៅ១៤​ឆ្នាំ​ហើយ។ គាត់​និយាយ​ថា ក្នុង​រយៈពេល​១ម៉ោង នឹង​មិន​មាន​អ្វី​សេសសល់​នោះ​ទេ»។ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​អះអាង​ថា មាន​មនុស្ស​រាប់​ពាន់​នាក់​ ភាគ​ច្រើន​ជនជាតិ​ភាគ​តិច​អារ៉ាប់ និង​តួកមេនីស្ថាន ​(Turkmenistan) ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ​នៅ​ក្នុង​យុទ្ធនាការ​ដាក់​ទណ្ឌកម្ម​ជា​រួម​នេះ។

នាង Semaan និយាយ​ថា៖ «ពលរដ្ឋ​មួយ​ចំនួន​បាន​ប្រាប់​ពួកយើង​ថា មាន​អ្នក​គាំទ្រ​ក្រុម​រដ្ឋ​ឥស្លាម​មួយ​ចំនួន ប៉ុន្តែ​ពួកគេ​បាន​ភៀស​ខ្លួន​ជាមួយ​នឹង​ក្រុម​របស់​ពួកគេ​ នៅ​ពេល​កង​កម្លាំង YPG បាន​ត្រួតត្រា​តំបន់​ទាំង​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កង​កម្លាំង YPG បាន​ដាក់​ទណ្ឌកម្ម​ជា​រួម​លើ​ភូមិ​ទាំង​មូល​នេះ​តែម្តង»។

លោក Redur Khalil អ្នក​នាំ​ពាក្យ​របស់​កង​កម្លាំង YPG បាន​បដិសេធ​ថា​ មាន​យុទ្ធនាការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​បែប​នេះ។ លោក​បាន​និយាយ​ថា​ ដំណោះស្រាយ​ល្អ​បំផុត​គឺ​ ចល័ត​ជន​ស៊ីវិល​ពី​សមរភូមិ​ជួរ​មុខ​ រហូត​ដល់​បញ្ហា​នានា​ត្រូវ​បាន​ដោះស្រាយ ឬ​ក្រុម​រដ្ឋ​ឥស្លាម​បាន​ចាកចេញ​អស់​ពី​កន្លែង​នោះ។ នេះ​មិន​មែន​មាន​ន័យ​ថា មាន​ការ​បំពាន​លើ​ការ​ជម្លៀស​ពលរដ្ឋ​ ឬ​យុទ្ធនាការ​ដែល​បាន​រៀបចំ​ទុក​ជា​មុន​ដើម្បី​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះសម្បែង​របស់​ពួក​គេ​ទេ»។

ប៉ុន្តែ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​និយាយ​ថា ផ្ទះ​សម្បែងជាច្រើន​របស់​ពលរដ្ឋ​ត្រូវ​បាន​បំផ្លាញ​ខ្ទិចខ្ទី​អស់ ហើយ​ពួកគេ​មាន​ក្តី​សង្ឃឹម​តិចតួច​ណាស់​ថា​នឹង​អាច​វិល​ត្រឡប់​មក​វិញ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG