ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ចរចា​រដ្ឋធម្មនុញ្ញ​ស៊ីរី​ប្រព្រឹត្ត​ទៅ​ក្រោម​​ការ​ខ្វែងគំនិត​គ្នា​និង​ភាព​តានតឹង


រូបឯកសារ៖ សមាជិក​​ក្រុម​ប្រឆាំង​ស៊ីរី​ឈ្មោះ​គណៈកម្មការ​ចរចា​ស៊ីរ៊ី ចូល​រួម​កិច្ចប្រជុំ​លើក​ទី​មួយ​​នៃ​គណៈកម្មាធិការ​រដ្ឋ​ធម្មនុញ្ញ​ស៊ីរី​ថ្មី នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​ក្រុង​ហ្សឺណែវ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៩។
រូបឯកសារ៖ សមាជិក​​ក្រុម​ប្រឆាំង​ស៊ីរី​ឈ្មោះ​គណៈកម្មការ​ចរចា​ស៊ីរ៊ី ចូល​រួម​កិច្ចប្រជុំ​លើក​ទី​មួយ​​នៃ​គណៈកម្មាធិការ​រដ្ឋ​ធម្មនុញ្ញ​ស៊ីរី​ថ្មី នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​ក្រុង​ហ្សឺណែវ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៩។

ក្រុម​ប្រឆាំង​ដែល​កំពុង​បះបោរ​នៅ​ក្នុង​ប្រទេស​ស៊ីរី​បាន​យល់ព្រម​ថា​របៀបវារៈ​នៃ​កិច្ចប្រជុំ​បន្ទាប់​របស់​ពួកគេ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី២៥ ខែមករា​ខាង​មុខ​នេះ​នឹង​ផ្តោត​លើ​គោលការណ៍​ជា​មូលដ្ឋាន​ដែល​ត្រូវ​រួម​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ថ្មី។

លោក Geir Pedersen បេសកកម្ម​ពិសេស​របស់​អង្គការ​សហប្រជាជាតិសម្រាប់ប្រទេស​ស៊ីរី​បាន​ទទួល​ស្គាល់​ថា វា​មិន​មាន​ការ​វិវត្ត​ច្រើន​នោះ​ទេ ប៉ុន្តែ​វា​អាច​បើក​ទ្វារ​ឱ្យ​កាន់​តែ​ធំ​ជាង​មុនដើម្បី​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​កាន់​តែ​ទូលំទូលាយ​មួយ។

លោក​ទទួល​ស្គាល់​រួច​ហើយ​ថា ការ​ពិភាក្សា​រវាង​គណៈប្រតិភូ​រដ្ឋាភិបាល និង​ក្រុមប្រឆាំង​បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​ជាច្រើន​ក្នុង​គោលជំហរ​របស់​ពួកគេ និង​តាមរយៈ​ភាពតានតឹង​ក្នុង​កិច្ចពិភាក្សា​នោះ។ លោក​បាន​និយាយ​ថា វា​មិន​មែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ បន្ទាប់​ពី​មាន​ជម្លោះ​ដ៏​ប្រល័យ​អស់រយៈ​ពេល​១០ឆ្នាំ​មក​ហើយ​នោះ។

ប៉ុន្តែ​លោក​បាន​កត់សម្គាល់​ថា គណៈប្រតិភូ​ស៊ីរី​បាន​ស្តាប់​ដោយ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​និង​អាច​ស្វែងរក​ចំណុច​រួម​បាន​លើ​ផ្នែក​មួយ​ចំនួន។

លោក Geir Pedersen បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «មាន​គោលជំហរ​មួយ​ចំនួនដែល​យើង​សង្ឃឹម​ថា​នៅ​ពេល​យើង​ជួបប្រជុំ​គ្នា​ម្តង​ទៀត ពួកគេ​អាច​យល់ស្រប​និង​អាច​បង្កើត​អ្វី​មួយ​ដែល​មាន​សារៈសំខាន់​នៅ​ពេល​យើង​ចាប់ផ្តើម​ព្រាង​សំណើ​ច្បាប់​សម្រាប់កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ ដែលយើង​សង្ឃឹម​ថា​នឹង​មិន​យូរ​នោះ​ទេ»។

ការ​ចរចា​នេះ​មាន​គោលបំណង​តាក់តែង​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ដែល​នឹង​ធ្វើជា​មូលដ្ឋាន​សម្រាប់​ការ​បោះឆ្នោត​ដែល​គ្រប់គ្រង​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ លោក Pedersen និយាយ​ថា គណៈកម្មាធិការ​ធម្មនុញ្ញ​ត្រូវ​វិវត្ត​ទៅ​មុខ​ឱ្យ​បាន​លឿន​ជាង​នេះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ ដើម្បី​បុព្វហេតុ​ពលរដ្ឋ​ស៊ីរី​រាប់​លាន​នាក់ ដែល​កំពុង​តែ​រងគ្រោះ​ពី​សង្គ្រាម​ដ៏​យូរអង្វែង​មួយ​នេះ។​

លោក Pedersen បានបន្ត​ក្នុង​សម្ដី​ដើម​ទៀតថា៖ «អ្វី​ដែល​សំខាន់​ដែរ​នោះ​គឺ​ថា យើង​មើល​ឃើញ​ការ​វិវត្ត​នៅ​ក្នុង​ប្រទេស។ យើង​មាន​ការ​វិវត្ត​នៅ​ក្នុង​សហគមន៍​អន្តរជាតិ។ យើង​លើក​ទឹកចិត្ត​ជា​ពិសេស​ឱ្យ​រដ្ឋបាល​សហរដ្ឋ​អាមេរិក​ថ្មី​និង​រុស្ស៊ី ដើម្បី​ជួបពិភាក្សា​គ្នាស្វែងរក​ថា​តើ​អាច​មាន​វិធានការ​ជា​ជំហានៗ​ដែល​អាចជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​ឬ​ទេ»។​

លោក​បាន​និយាយ​ថា ការ​ធ្វើ​បែប​នេះ​អាច​នឹង​ជួយ​កសាង​ទំនុកចិត្ត​ដែល​ចាំបាច់​ដើម្បី​វិវត្ត​ទៅ​មុខ​លើ​ដំណើរការ​នយោបាយ​ដែល​ជាប់​គាំង​នេះ។ លោក​និយាយ​ថា ការណ៍​នេះ​នឹង​ជួយ​ផ្លាស់​ប្តូរ​ជីវិត​របស់​ប្រជាជន​ស៊ីរី​ឱ្យ​មាន​ភាព​ល្អប្រសើរ​ឡើង​វិញ។ សង្គ្រាម​មួយ​ទសវត្សរ៍​នៅក្នុង​ប្រទេស​ស៊ីរី​បាន​សម្លាប់​មនុស្ស​ប្រមាណ​៤០០.០០០​នាក់ និង​បណ្តាលឱ្យ​មនុស្ស​ជិត​១២លាន​នាក់​ធ្វើ​ចំណាកស្រុក​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន៕

XS
SM
MD
LG