ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ដោះលែង​ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរ​អវយវៈ​មនុស្ស


ក្រលៀន​មនុស្ស​បាន​ក្លាយ​ជា​មុខ​សញ្ញា​នៃ​ការ​ជួញ​ដូរ​សម្រាប់​​ជំនួស​ក្រលៀន​មនុស្ស​ចាស់​ឬ​អ្នក​ដែល​ខ្សោយ​ក្រលៀន។
ក្រលៀន​មនុស្ស​បាន​ក្លាយ​ជា​មុខ​សញ្ញា​នៃ​ការ​ជួញ​ដូរ​សម្រាប់​​ជំនួស​ក្រលៀន​មនុស្ស​ចាស់​ឬ​អ្នក​ដែល​ខ្សោយ​ក្រលៀន។

មនុស្ស​៩​នាក់​រួម​ទាំង​មន្ត្រី​យោធា​ជាន់​ខ្ពស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​អវយវៈ​មនុស្ស​ដ៏​ចម្រូងចម្រាស​មួយ ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ បន្ទាប់​ពី​បាន​ឃាត់​ខ្លួន​ចំនួន​ពីរ​ថ្ងៃ។

កាល​ពី​ថ្ងៃ​សៅរ៍​នេះ ក្រុម​សមត្ថកិច្ច​បាន​ចុះ​ទៅចាប់​ខ្លួន​មនុស្ស​៩​នាក់​រួម​ទាំង​លោក​ឧត្ដម​សេនីយ៍​ឯក លី សុវណ្ណ អនុ​ប្រធាន​នាយកដ្ឋាន​ភស្តុភារ​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា លោក កែវ ដាវុធ អនុ​ប្រធាន​មន្ទីរ​ពេទ្យ ក្រុម​វេជ្ជបណ្ឌិត​ជនជាតិ​ខ្មែរ ​វៀតណាម​និងចិន និង​ជនជាតិ​វៀតណាមចំនួន​២​នាក់ ក្នុង​ករណី​សង្ស័យជាប់​ពាក់ព័ន្ធ​ហ្នឹង​ការ​ជួញ​ដូរ​ក្រលៀន​ដែល​ជា​អវយវៈ​មនុស្ស​ខុស​ច្បាប់។ ជន​ទាំង​នោះ​ត្រូវ​បាន​សង្ស័យ​ថា​បាន​ជាប់​ពាក់ព័ន្ធ​ហ្នឹង​ការ​ជួញ​ដូរ​នេះ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា។ មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ជា​មន្ទីរពេទ្យយោធា​មួយ​មាន​ទីតាំង​នៅក្បែរ​វត្ត​ភ្នំ ​ក្រុង​ភ្នំពេញ ដែល​ទទួល​យក​អ្នក​ជំងឺ​ជា​ជន​ស៊ីវិល​ផង​ដែរ។

ក៏​ប៉ុន្តែ​ជន​សង្ស័យ​ទាំង​នោះ​ត្រូវ​បាន​ដោះលែង​មក​វិញ​ហើយ​នៅ​ថ្ងៃ​នេះ ​ដោយ​តុលាការ​សំអាង​ថា​ពុំ​មាន​ភស្តុតាង​គ្រប់គ្រាន់។ នេះ​បើ​តាម​លោក ព្រំ សន្ធរ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ។

លោក ព្រំ សន្ធរ ដែល​បាន​ស៊ើប​អង្កេត​ករណី​នេះ​អះអាង​ថា​ពិត​ជា​មាន​ការ​វះកាត់​យក​ក្រលៀន​មែន​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា ប៉ុន្តែ​វា​ជា​ការ​ព្រមព្រៀង​ទាំង​សង​ខាង​ប៉ុណ្ណោះ។

«ក្រោយ​ពី​យើង​ធ្វើ​ការ​សាកសួរ​ហ្នឹង​ទៅ យើង​ឃើញ​ព័ត៌មាន​និង​ឯកសារ​មួយ​ចំនួន គឺ​យើង​សន្និដ្ឋាន​បាន​ថា​ការងារ​របស់​គាត់​ហ្នឹង​គឺ​មាន​គោលការណ៍​ពីរ​សំខាន់។ ទី​មួយ​គឺ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ និង​ទី​ពីរ​គឺ​ជា​រឿង​មនុស្ស​ធម៌។​ មាន​ការ​ឯកភាព​គ្នា​រវាង​អ្នក​ផ្តល់​និង​អ្នក​ជំងឺ​ហ្នឹង គឺ​អត់​មាន​ការ​បង្ខិត​បង្ខំ​ទេ»។

លោក មាស ច័ន្ទពិសិដ្ឋ ព្រះ​រាជ​អាជ្ញា​ដឹកនាំ​ការ​ចុះ​ឃាត់​ខ្លួន​នេះ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។ ប៉ុន្តែ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​អះអាង​ថា«ករណី​ខាង​លើ​នេះ​ពុំ​មែន​ជា​បទល្មើស​ជួញដូរ​សរីរាង្គ​មនុស្ស (ក្រលៀន) ​តាម​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា​ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន​នោះ​ឡើយ»។

សេចក្តី​ថ្លែង​ការណ៍​នេះ​បន្ត​ថា ​«ករណី​ការ​វះកាត់​ប្តូរ​ក្រលៀន​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា​គឺ​ធ្វើ​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក្រសួង​ការពារ​ជាតិនៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​ក្របខណ្ឌ​ជំនួយ​ឥត​សំណង​ដោយ​មាន​ការ​បញ្ជូន​អ្នក​ឯកទេស​ដែល​ជា​វេជ្ជបណ្ឌិត​ចិន​ឱ្យ​មក​បណ្តុះ​បណ្តាល​វេជ្ជបណ្ឌិត​យោធា​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​បច្ចេកវិទ្យា​និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ផ្នែក​វះកាត់​ប្តូរ​ក្រលៀន​ក្នុង​គោលដៅ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ពេល​អនាគត»។

ក្រលៀន​មនុស្ស​បាន​ក្លាយ​ជា​មុខ​សញ្ញា​នៃ​ការ​ជួញ​ដូរ​សម្រាប់ជំនួស​ក្រលៀន​មនុស្ស​ចាស់​ឬ​អ្នក​ដែល​ខ្សោយ​ក្រលៀន។

នា​ពេល​កន្លង​មក​មាន​មនុស្ស​១០​នាក់​ហើយ ដែល​បាន​មក​វះ​កាត់​ផ្ដល់​ក្រលៀននៅ​មន្ទីរពេទ្យ​យោធា​មួយ​នេះ ហើយ​អ្នកស្ម័គ្រចិត្ត​ទាំង​នោះ​សុទ្ធ​សឹង​តែ​ជា​ជនជាតិ​វៀតណាម។ នេះ​បើ​តាម​លោក ព្រំ សន្ធរ។

យ៉ាង​ណា​ក៏​ដោយ លោក ព្រំ សន្ធរ​ នៅ​តែ​អះអាង​ថា​ករណី​នេះ​មិន​មែន​ជា​ការ​ជួញដូរ​នោះ​ទេ ក៏​ប៉ុន្តែ​លោក​បាន​បង្ហើប​ឱ្យ​ដឹង​ថា​អ្នក​ដែល​បរិច្ចាគ​ក្រលៀន​ទាំង​នោះ​បាន​សារភាព​ថា​ពួកគេ​បង្ខំ​ចិត្ត​ធ្វើ​ដូច្នេះ​ដោយសារ​បញ្ហា​ជីវភាព​ប៉ុណ្ណោះ។

«តាម​ការ​ប្រាប់​យើង​គឺ​ដោយ​សារ​ជីវភាព​គាត់​ខ្វះ​ខាត អញ្ចឹង​ទៅ​គាត់​បរិច្ចាគ​ទៅ ខាង​នោះ​គេ​ដឹង​គុណ​គាត់​យ៉ាង​ម៉េច​ អី​យ៉ាង​ម៉េច​ យើង​មិន​ដឹង​ទេ»។

តាម​ច្បាប់​របស់​កម្ពុជា ការ​ជួញ​ដូរ​អវយវៈ​មនុស្ស​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៧​ឆ្នាំ​ដល់​១៥​ឆ្នាំ​ហើយ​បើ​តាម​ប្រភព​នានា​ឱ្យ​ដឹង​ថា​ក្រលៀន​មួយ​មាន​តម្លៃ​រហូត​ដល់​៤​ម៉ឺន​ដុល្លារ​នៅ​លើ​ទីផ្សារ​ងងឹត​ក្នុង​ប្រទេស​កម្ពុជា។

លោក មឿន តុលា មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អះអាង​ថា​ការ​ជួញ​ដូរ​អវយវៈ​មនុស្ស​នៅ​កម្ពុជា​កំពុង​កើត​មាន​ច្រើន ប៉ុន្តែ​អ្នក​ជួញ​ដូរ​ខុស​ច្បាប់​ដែល​ជា​មន្ត្រី​ធំៗ​មិន​ដែល​ត្រូវ​បាន​នាំ​មក​ផ្ដន្ទាទោស​នោះ​ទេ។ ហើយ​លោក មឿន តុលា យល់​ថា​ករណី​វះកាត់​ផ្ដល់​ក្រលៀន​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​មិន​មែន​ជា​ការ​ស្ម័គ្រ​ចិត្ត​ទេ។

«ខ្ញុំ​គិត​ថា​វា​មិនមែន​ជា​រឿង​មួយ​ស្ម័គ្រចិត្ត​ទេ។ ខ្ញុំ​នៅ​តែ​ជឿជាក់​ថា​វា​ជា​ការ​ជួញដូរ​អវៈយវៈ​មនុស្ស ដូច​ច្បាប់​ហាម​ឃាត់​ហើយ​ថា​មនុស្ស​មិនមែន​ជា​ទំនិញ​ទេ មិន​អាច​ជួញ​ដូរ​បាន​ទេ។ ការ​ជួញ​ដូរ​វា​តែង​តែ​ជាប់​ពាក់ព័ន្ធ​ហ្នឹង​មន្ត្រី​ធំ​ៗ​ហ្នឹង ហើយ​កាល​ណា​វា​ចូល​ដល់​អ្នក​ធំ​ៗ​ហ្នឹង គឺ​តែង​តែ​ទទួល​បាន​និទណ្ឌភាព​រហូត មិន​ដែល​ទទួល​បាន​ការ​ដាក់​ទោស​ទណ្ឌ​ឱ្យ​បាន​ច្បាស់​លាស់​ទេ»។

លោក មឿន តុលា បញ្ជាក់​ថា​ប្រសិន​បើ​មន្ត្រី​ធំ​ៗ​ដែល​នៅ​ពី​ក្រោយ​ខ្នង​ការ​ជួញ​ដូរ​ខុស​ច្បាប់​បែប​នេះ​មិន​ត្រូវ​បាន​យក​ទៅ​ផ្ដន្ទាទោស​ខុស​ច្បាប់ បទល្មើស​បែប​នេះ​នឹង​នៅ​តែ​កើត​មាន​បន្ត​ទៀត៕

XS
SM
MD
LG