សមាជិកវ័យ ២១ ឆ្នាំនៃឆ្មាំល្បាតជាតិជើងអាកាសរដ្ឋ Massachusetts ត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃព្រហស្បតិ៍ នៅក្នុងការស៊ើបអង្កេតទៅលើការលេចធ្លាយឯកសាររាប់រយទំព័រនូវឯកសារស៊ើបការណ៍សម្ងាត់របស់យោធា។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Merrick Garland នៅក្នុងសន្និសីទសារព័ត៌មានមួយ។
លោក Garland បានកំណត់អត្តសញ្ញាណរបស់បុគ្គលនោះថាឈ្មោះ Jack Douglas Teixeira ជាសមាជិកនៃឆ្មាំល្បាតជាតិជើងអាកាសសហរដ្ឋអាមេរិក។ លោក Teixeira នឹងបង្ហាញខ្លួនជាលើកដំបូងនៅឯតុលាការសង្កាត់រដ្ឋ Massachusetts។
កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ឆ្មាំល្បាតជាតិជើងអាកាសរដ្ឋ Massachusetts រូបនេះ ត្រូវបានគេកំណត់អត្តសញ្ញាណថាជាមេដឹកនាំនៃក្រុមលេងល្បែងតាមអនឡាញមួយ ដែលនៅទីនោះឯកសារសម្ងាត់នេះត្រូវបានរកឃើញថាបានបង្ហោះនៅក្នុង chat group នោះ។
កាលពីមុននេះ កាសែត The Washington Post បានរាយការណ៍កាលពីថ្ងៃពុធថា សមាជិកម្នាក់នៃក្រុមមួយនៅលើបណ្ដាញសង្គមDiscord បាននិយាយថា សមាជិកម្នាក់ទៀតដែលបានចង្អុលបង្ហាញថាលោកបានធ្វើការនៅមូលដ្ឋានយោធាមួយគឺជាអ្នកដែលបានធ្វើឱ្យលេចធ្លាយឯកសារសម្ងាត់។
បណ្ដាញព័ត៌មាននានាបានរាយការណ៍ថា ឯកសារនោះក៏រួមមាននូវព័ត៌មានអំពីយោធាអ៊ុយក្រែននិងបញ្ហាស៊ើបការណ៍សម្ងាត់ផ្សេងទៀតផងដែរ។ អ្នកនាំពាក្យម្នាក់របស់ក្រសួងការពារជាតិបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ការប្រមូលបាននេះបង្ហាញពី«ហានិភ័យខ្ពស់ខ្លាំងដល់សន្ដិសុខជាតិ»។
កាសែតនេះបានឱ្យដឹងទៀតថា ខ្លួនបានសម្ភាសសមាជិកម្នាក់នៃក្រុមបណ្ដាញសង្គម Discord នោះនិងមានព័ត៌មានពិស្ដារដែលផ្ដល់ឱ្យដោយសមាជិកម្នាក់ទៀតនៃក្រុមនោះ។
សេចក្ដីរាយការណ៍នោះបានឱ្យដឹងថា បើតាមសមាជិកនៃក្រុមនោះ អ្នកធ្វើឱ្យលេចធ្លាយមិនមែនមានបំណងមិនល្អចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែបាននិយាយអំពីមន្ត្រីអនុវត្តច្បាប់និងសហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ថាបានព្យាយាមគាបសង្កត់ពលរដ្ឋនិងលាក់បាំងព័ត៌មានពីពួកគេ៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press។