ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​រក្សា​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​លើ​ក្រុម​យុវជន​សកម្មជន​បរិស្ថាន​ ក្នុង​សំណុំ​រឿង​បឹង​តាមោក​


សកម្មជន​ចលនា​មាតា​ធម្មជាតិថ្លែងអំពីការស្វែងរកយុត្តិធម៌ដល់ពួកគេ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលើពួកគេក្រោមបទញុះញង់។ (រូបថតដកស្រង់ពីវីដេអូ)
សកម្មជន​ចលនា​មាតា​ធម្មជាតិថ្លែងអំពីការស្វែងរកយុត្តិធម៌ដល់ពួកគេ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលើពួកគេក្រោមបទញុះញង់។ (រូបថតដកស្រង់ពីវីដេអូ)

​តុលាការ​កំពូល​ នៅ​ថ្ងៃ​សុក្រ​នេះ បានតម្កល់​សេចក្តី​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម ដោយ​ផ្តន្ទា​ទោស​យុវជន​សកម្ម​ជន​បរិស្ថាន​៣​នាក់ ដែល​ត្រូវបាន​កាត់​ទោស​ពី​បទ​ញុះញង់ ក្នុង​សំណុំរឿង​តស៊ូ​មតិ​កុំ​ឱ្យ​លុប​បឹង​តាមោក។ នេះ​បើតាម​សកម្មជន​ទាំង​៣​នាក់។

​សកម្ម​ជន​ជា​យុវជន​បរិស្ថាន​ទាំង​៣​នាក់ រួម​មាន​លោក ថុន​ រដ្ឋា កញ្ញា​ ឡុង គន្ធា និង​កញ្ញា ភួន​ កែវ​រស្មី ត្រូវ​បាន​អាជ្ញា​ធរ​ចាប់​ខ្លួន ​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០២០ ​ពី​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ពាក់​ព័ន្ធ​ទៅ​នឹង​គម្រោង​យុទ្ធនាការ​ដើរ​តែ​ម្នាក់​ឯង​របស់​កញ្ញា ឡុង​ គន្ធា​ ទៅ​កាន់​គេហដ្ឋាន​របស់​នាយក​រដ្ឋ​មន្ត្រី ដើម្បី​ស្នើ​សុំ​ឱ្យ​បញ្ឈប់​ការ​លុប​បឹង​តាមោក​នៅ​ជាយ​រាជធានី​ភ្នំពេញ។ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​ពួក​គេ​ដាក់​ពន្ធនាគារ ចន្លោះ​ពី​១៨​ខែ​ទៅ​២០​ខែ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២១។ ​កាល​ពី​ចុង​ឆ្នាំ​២០២១ សាលា​ឧទ្ធរណ៍​បាន​ចេញ​សេចក្តី​សម្រេច ​ដោយ​ព្យួរ​ទោស​សាក​ល្បង​សកម្ម​ជន​បរិស្ថាន​ទាំង​៣​នាក់ ប៉ុន្តែ​សិទ្ធិ​និង​សេរី​ភាព​របស់​ពួក​គេ​ត្រូវ​បាន​កំហិត​រយៈ​ពេល​៣​ឆ្នាំ ដោយ​ការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។

លោក ថុន រដ្ឋា ប្រាប់​វីអូអេ​នៅថ្ងៃសុក្រថា​តុលាការ​កំពូល​បានរក្សាការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ចាត់​ទុកជា​បាន​ការ​ដដែល។ ​លោក ថុន រដ្ឋា ​ដែល​បច្ចុប្បន្ន​នៅក្រៅ​មណ្ឌល​ឃុំឃាំង ប៉ុន្តែ​ស្ថិត​នៅក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ ​បន្ថែម​ថា​លោក​ត្រូវ​បាន​ផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំ​នួន​២០​ខែ ប៉ុន្តែ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​បន្ថយ​ទោស ដោយ​ព្យួរ​ទោសចំនួន​៦​ខែ​ដែល​នៅ​សល់។

យុវជនបរិស្ថានទាំង៣នាក់ ឈរនៅខាងមុខតុលាការកំពូល ក្រោយចេញពីបន្ទប់សវនាការជំនុំជម្រះលើបណ្តឹងសាទុក្ខ នៅតុលាការកំពូល ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
យុវជនបរិស្ថានទាំង៣នាក់ ឈរនៅខាងមុខតុលាការកំពូល ក្រោយចេញពីបន្ទប់សវនាការជំនុំជម្រះលើបណ្តឹងសាទុក្ខ នៅតុលាការកំពូល ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

​ចំណែក​កញ្ញា ​គន្ធា និងកញ្ញា រស្មី ត្រូវ​បាន​សាលា​ឧទ្ធរណ៍​រក្សា​ទោស​ពន្ធនា​គារចំនួន​១៨​ខែ​ដដែល ប៉ុន្តែ​ព្យួរ​ទោស​ចំនួន​៤​ខែ​ដែល​នៅ​សល់។

​កញ្ញា ឡុង គន្ធា ​ប្រាប់វីអូអេ​ថា​កញ្ញា​ចាត់ទុក​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​អយុត្តិធម៌​សម្រាប់​សកម្មជន​ការពារ​បរិស្ថាន។

កញ្ញា​ថ្លែង​ថា៖ «ពួក​យើង​ស្អាតស្អំ ហើយ​គ្រប់គ្នា​សុទ្ធ​តែ​បាន​ដឹង​ថា​សកម្ម​ភាព​ពួក​យើង​កន្លង​មក គឺជា​ការ​ការពារ​បរិស្ថាន ការពារ​ធនធាន​ធម្មជាតិ ​ហើយ​សកម្មភាព​របស់​ពួក​យើង​ វាគួរតែ​ត្រូវបាន​លើកទឹកចិត្ត ​មិនមែនគំរាម​កំហែង​មក​កាន់​ពួក​យើង»។

​ចំណែក​កញ្ញា ភួន កែវ​រស្មី ​នៅបន្ត​ការពារ​ភាព​ស្អាតស្អំ​របស់​កញ្ញា​ដោយ​លើកឡើង​ថា​ សកម្ម​ភាព​របស់​សកម្ម​ជន​កាលពីកន្លងទៅ​ធ្វើ​ឡើង​ក្នុង​ន័យ​ការពារ​បរិស្ថានតែ​ប៉ុណ្ណោះ។

កញ្ញា​ប្រាប់វីអូអេ​ថា៖ «សម្រាប់​ការសម្រេច​របស់​តុលាការ​កំពូល​ហ្នឹង គឺ​យើង​នៅតែ​យល់​ថា​វា​ជារឿងដែល​អយុត្តិធម៌​ដដែល​សម្រាប់ពួក​យើង​ ដែលជា​សកម្មជន​បរិស្ថាន​កន្លង​មក​ដែល​អត់​បាន​ប្រព្រឹត្ត​បទ​ល្មើស​អី អត់​បាន​បង្ក​ជា​ភាព​វឹកវរ​ដល់​សន្តិ​សុខ​សង្គម»។

វីអូអេ​មិនទាន់​អាចសុំការ​ឆ្លើយតប​ពីអ្នកស្រី ​ម៉ៅ ធីតា ​អ្នក​នាំពាក្យ​តុលាការ​កំពូល​បាន​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា​ក្រៅ​ពី​សំណុំ​រឿង​ញុះញង់​ សកម្ម​ជន​បរិស្ថាន​វ័យ​ក្មេង​ទាំង៣នាក់ ក៏​នៅ​រង​ការ​ចោទ​ប្រកាន់​មួយ​ផ្សេង​ទៀត គឺ​សំណុំ​រឿង ​«រួម​គំនិត​ក្បត់» ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ចៅក្រម​ស៊ើប​សួរ ​ហើយ​ពួកគេ​ត្រូវ​បាន​កំហិត​មិន​ឱ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស៕​

XS
SM
MD
LG