ក្រុមយុវជនសកម្មជនបរិស្ថានដែលកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបានជំរុញឲ្យតុលាការកំពូលទម្លាក់ចោលការចោទប្រកាន់លើពួកគេ ខណៈពួកគេមិនមានសេរីភាពក្នុងការធ្វើសកម្មភាពការពារបរិស្ថានដូចមុន ដោយសារពួកគេត្រូវគោរពកាតព្វកិច្ចមួយចំនួនដែលកំណត់ដោយតុលាការ។
បើតាមសកម្មជនបរិស្ថាន តុលាការកំពូលនឹងបើកសវនាការជំនុំជម្រះលើសកម្មជនបរិស្ថាន៣នាក់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ រួមមានកញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា ពាក់ព័ន្ធនឹងបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលពួកទាំង៣នាក់បានសម្រេចប្ដឹងសាទុក្ខទៅតុលាការកំពូលមិនទទួលយកការសម្រេចរបស់សាលាឧទ្ធរណ៍ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ ពួកគេក៏នៅរងការចោទប្រកាន់មួយផ្សេងទៀត គឺសំណុំរឿង«រួមគំនិតក្បត់» ដែលកំពុងស្ថិតក្នុងដៃរបស់ចៅក្រមស៊ើបសួរ ហើយពួកគេត្រូវបានកំហិតមិនឲ្យចេញទៅក្រៅប្រទេស។
លោក ថុន រដ្ឋា អាយុ៣០ឆ្នាំ ប្រាប់វីអូអេនៅថ្ងៃអង្គារថាសកម្មភាពរបស់ក្រុមយុវជនក្នុងការការពារបរិស្ថានគួរតែត្រូវបានលើកទឹកចិត្ត មិនមែនជាការចោទប្រកាន់ថា«ញុះញង់» និង«រួមគំនិតក្បត់»ឡើយ។ លោកជំរុញឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើពួកគេ បើទោះលោកមិនទុកចិត្តប្រព័ន្ធយុត្តិធម៌នៅកម្ពុជាក៏ដោយ។
លោកថ្លែងថា៖ «បើទោះបីជាយើងមិនមានជំនឿលើប្រព័ន្ធតុលាការថាមានភាពឯករាជ្យ និងអាចផ្តល់យុត្តិធម៌មកកាន់ពួកយើងក៏ដោយ ក៏ប៉ុន្តែយើងនឹងប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ឲ្យអស់ពីលទ្ធភាព ហើយក៏យើងនឹងប្រើ ប្រាស់សិទ្ធិក្នុងការទាមទារសេរីភាពតាមរយៈការសម្តែងមតិជាដើម ដើម្បីធ្វើយ៉ាងណាឲ្យមានការផ្តល់យុត្តិធម៌មកកាន់ពួកខ្ញុំ»។
លោក ថុន រដ្ឋា ធ្លាប់ស្នើទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទៅពិនិត្យសុខភាពនៅប្រទេសថៃ ប៉ុន្តែលោកមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេសកម្ពុជាឡើយ។ លោកនៅតែបារម្ភអំពីការជាប់ពន្ធនាគារឡើងវិញ ប្រសិនបើរូបលោកធ្វើសកម្មភាពអ្វីមួយ ក្នុងការការពារបរិស្ថាន។
ចំណែកកញ្ញា ភួន កែវរស្មី អាយុ២១ឆ្នាំ ប្រាប់វីអូអេថាសកម្មភាពរបស់យុវជនកាលពីកន្លងទៅ មិនមែនជាសកម្មភាពខុសច្បាប់ ឬផ្តួលរំលំរដ្ឋាភិបាល ឬបង្កអសន្តិសុខដល់សង្គមឡើយ។
កញ្ញាបញ្ជាក់ថា៖ «អញ្ចឹងពួកយើងនៅតែមានគោលជំហរថាពួកយើងស្អាតស្អំ។ ពួកយើងអត់មានប្រព្រឹត្តអីខុសច្បាប់ ហើយពួកយើងនៅតែស្នើសុំហើយទាមទារឲ្យតុលាការទម្លាក់ចោលបទចោទទាំងអស់មកលើពួកយើង ដែលជាសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ»។
ចំណែកកញ្ញា ឡុង គន្ធា ក៏បានស្នើឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងបញ្ឈប់ការដាក់ពួកគេក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ ដែលបណ្តាលឲ្យសកម្មជនពិបាកបំពេញការងាររបស់ពួកគេ។ កញ្ញាចាត់ទុកការចាប់ខ្លួន និងចោទប្រកាន់លើក្រុមសកម្មជនទាំងនេះជា«រឿងអយុត្តិធម៌បំផុត» ហើយកញ្ញាការពារសកម្មភាពរបស់សកម្មជនកាលពីកន្លងទៅ គឺធ្វើឡើងក្នុងការការពារបរិស្ថាននិងធនធានធម្មជាតិ។
កញ្ញប្រាប់វីអូអេថា៖ «សម្រាប់ពួកខ្ញុំ វាជារឿងមួយដែលអយុត្តិធម៌បំផុត ដែលគ្រាន់តែយើងធ្វើសកម្មភាព ដើម្បីការពារបរិស្ថាន ការពារធនធានធម្មជាតិ បែរជាយើងត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍អីទៅវិញ ទាំងដែលសកម្មភាពយើង គ្រាន់តែដើម្បីការពារបរិស្ថាន ការពារធនធានធម្មជាតិ»។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីមន្ត្រីតុលាការកំពូលបាននៅឡើយទេនៅថ្ងៃអង្គារនេះ។
កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍បានចេញសេចក្តីសម្រេច ដោយព្យួរទោសសាកល្បងសកម្មជនបរិស្ថានទាំង៣នាក់ ប៉ុន្តែសិទ្ធិនិងសេរីភាពរបស់ពួកគេត្រូវបានកំហិតរយៈពេល៣ឆ្នាំ ដោយការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
សកម្មជនជាយុវជនបរិស្ថានទាំង៣នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២០ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធទៅនឹងគម្រោងយុទ្ធនាការដើរតែម្នាក់ឯងរបស់កញ្ញា ឡុង គន្ធា ទៅកាន់គេហដ្ឋានរបស់នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំឲ្យបញ្ឈប់ការលុបបឹងតាមោកនៅជាយរាជធានីភ្នំពេញ។ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសពួកគេដាក់ពន្ធនាគារ ចន្លោះពី១៨ខែទៅ២០ខែ កាលពីខែឧសភា ឆ្នាំ២០២១៕