តុលាការឧទ្ធរណ៍សហព័ន្ធស.រ.អា.មួយរំពឹងថា នឹងចេញសេចក្តីសម្រេចមួយនៅពេលណាមួយក្នុងសប្តាហ៍នេះអំពីការស្នើសុំរបស់រដ្ឋាភិបាលឱ្យបញ្ឈប់ការផ្អាកជាបណ្តោះអាសន្នការហាមប្រាមដោយលោកប្រធានាធិបតីស.រ.អា. Donald Trump មិនឱ្យពលរដ្ឋមកពីប្រទេសឥស្លាមចំនួន៧ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក។
តុលាការសហព័ន្ធកម្រិតទាបមួយបានចេញបទបញ្ជារារាំងបណ្តោះអាសន្នមួយកាលពីសប្តាហ៍មុនដោយនិយាយថា រដ្ឋាភិបាលមិនអាចពង្រឹងការហាមប្រាម៩០ថ្ងៃមិនឱ្យមនុស្សមកពីប្រទេសឥស្លាមចំនួន៧ចូលក្នុងសហរដ្ឋអាមេរិកទេ ឬផ្អាក១២០ថ្ងៃមិនទទួលពួកជនភៀសខ្លួនឡើយ។
នៅពេលនេះគណៈកម្មការមួយមានចៅក្រមបីនាក់នៅក្នុងតុលាការឧទ្ធរណ៍នាតំបន់ទី៩នៅសហរដ្ឋអាមេរិកកំពុងសម្រេចថាតើរក្សាទុកបទបញ្ជានេះ ឬលុបចោលបទបញ្ជានេះ ឬបញ្ជូនករណីនេះត្រឡប់ទៅតុលាការកម្រិតទាបវិញដើម្បីឱ្យធ្វើការពិចារណាជាថ្មី។ ទោះណាជាចៅក្រមទាំងនេះសម្រេចបែបណាក៏ដោយក្នុងសប្តាហ៍នេះ ករណីនេះទំនងជានឹងត្រូវសម្រេចនៅចុងបញ្ចប់ដោយតុលាការកំពូល។
កាលពីថ្ងៃអង្គារពួកចៅក្រមទាំងនេះបានស្តាប់ការនិយាយបង្ហាញហេតុផលតាមទូរស័ព្ទដោយមេធាវីម្នាក់តំណាងរដ្ឋ Washington និងរដ្ឋ Minnesota ដែលនិយាយថាការហាមប្រាមមិនឱ្យធ្វើដំណើរនេះមិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញទេ ហើយគួរទុកជាមោឃៈ។ ពួកចៅក្រមទាំងនេះក៏បានស្តាប់ការនិយាយបង្ហាញហេតុផលដោយមេធាវីម្នាក់នៃក្រសួងយុត្តិធម៌ដែលបានថ្លែងថា ប្រធានាធិបតីមានអំណាចចេញបទបញ្ជានីតិប្រតិបត្តិមួយបែបនេះ និងការពារសន្តិសុខជាតិ។
នៅក្នុងការនិយាយបង្ហាញហេតុផលរបស់លោក លោក August Flentje មេធាវីរបស់ក្រសួងយុត្តិធម៌បានបង្ហាញដល់ពួកចៅក្រមទាំងនេះនូវជម្រើសមួយដោយរក្សាទុកការហាមប្រាមនេះសម្រាប់ពួកមនុស្សដែលមិនទាន់បានមកដល់ស.រ.អា. ក៏ប៉ុន្តែមានការលើកលែងសម្រាប់ពួកជនទាំងឡាយណាដែលបានមកដល់សហរដ្ឋអាមេរិកហើយ៕