លោកប្រធានាធិបតីស.រ.អា. Donald Trump បានយល់ព្រមចូលរួមក្នុងការប្រជុំមួយរបស់ពួកមេដឹកនាំនៃអង្គការណាតូ (NATO) ក្នុងខែឧសភានៅក្នុងការនិយាយគ្នាតាមទូរស័ព្ទមួយកាលពីថ្ងៃអាទិត្យជាមួយលោក Jens Stoltenberg អគ្គលេខាធិការនៃសម្ព័ន្ធភាពនេះ។ ការសន្ទនាគ្នានេះក៏មានទាក់ទិននឹងជម្លោះទាមទារបំបែករដ្ឋក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែនផងដែរ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់សេតវិមាន។
សេចក្តីថ្លែងការណ៍នេះបាននិយាយថាលោក Trump និងលោកអគ្គលេខាធិការអង្គការណាតូ «បានពិភាក្សាគ្នាថាធ្វើយ៉ាងណាដើម្បីលើកទឹកចិត្តប្រទេសជាសមាជិកនៃសម្ព័ន្ធភាពណាតូទាំងអស់ឱ្យបំពេញតាមការសន្យារបស់ពួកគេក្នុងចំណាយខាងការពារប្រទេស»។
នៅពេលលោកធ្វើការឃោសនាបោះឆ្នោត លោក Trump ដែលកាលនោះជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋបានរិះគន់អង្គការណាតូដោយហៅអង្គការនេះថា «ហួសសម័យ» ដែលនាំឱ្យពួកមេដឹកនាំអឺរ៉ុបខ្លះព្រួយបារម្ភអំពីកម្រិតនៃការប្តេជ្ញារបស់លោក។ ក៏ប៉ុន្តែនៅក្នុងការនិយាយទូរស័ព្ទកាលពីថ្ងៃអាទិត្យ លោក Trump បានសម្តែងការគាំទ្រខ្លាំង» ដល់អង្គការណាតូ។
សេចក្តីថ្លែងការណ៍នេះរបស់សេតវិមានបាននិយាយថាលោក Trump និងលោក Stoltenberg ក៏បាន «ពិភាក្សាគ្នាដែរអំពីដំណោះស្រាយមួយដោយសន្តិវិធីចំពោះជម្លោះនៅតាមបណ្តោយព្រំដែននៃប្រទេសអ៊ុយក្រែន»។
អរិភាពបានកើតមានឡើងរវាងក្រុមយោធានៃរដ្ឋាភិបាលអ៊ុយក្រែននិងពួកទាមទារបំបែករដ្ឋគាំទ្រដោយរុស្សីនាប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែនដោយភាគីនីមួយៗបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានធ្វើការបាញ់បោះជាថ្មី។មានមនុស្សជាង៤០នាក់បានស្លាប់នៅក្នុងតំបន់កាន់កាប់ដោយរដ្ឋាភិបាលនិងផ្នែកកាន់កាប់ដោយពួកឧទ្ទាម។
លោក Trump បានបណ្តាលឱ្យមានការរិះគន់ពីពួកប្រជាធិបតេយ្យនិងសាធារណរដ្ឋក្នុងប្រទេសដោយសារលោកបានសម្តែងបំណងធ្វើឱ្យមានទំនាក់ទំនងកក់ក្តៅជាងមុនជាមួយប្រធានាធិបតីរុស្សី Vladimir Putin ដែលសុទ្ធតែជាសេចក្តីថ្លែងការណ៍នាំឱ្យមេដឹកនាំខ្លះក្នុងទ្វីបអឺរ៉ុបមានការមិនស្រួលក្នុងចិត្ត៕