ក្រុមអ្នកគាំទ្រគណបក្សនយោបាយចម្បងចំនួនពីរគឺគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សភ្លើងទៀនជាបក្សជំទាស់រំពឹងថា នឹងបានជ័យជម្នះរៀងៗខ្លួន ឈានទៅគ្រប់គ្រងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់អាណត្តិទី៥ក្នុងខេត្តសៀមរាប។
នៅថ្ងៃសុក្រទី៣ ខែមិថុនានេះ គឺជាយុទ្ធនាការឃោសនាបោះឆ្នោតចុងក្រោយ នៅមុនការបោះឆ្នោតរៀបចំឡើងនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ខាងមុខ។ គណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន បានធ្វើយុទ្ធនាការឃោសនាទ្រង់ទ្រាយធំរកសំឡេងគាំទ្រពីអ្នកបោះឆ្នោត នៅក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាសម្រាប់អាណត្តិទី៥នេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអនុប្រធានគណបក្សគ្រប់គ្រងប្រទេសលោក ទៀ បាញ់ បានដឹកនាំក្បួនឃោសនាគណបក្សប្រជាជនកម្ពុជាទ្រង់ទ្រាយធំ ក្នុងទីក្រុងសៀមរាប នាព្រឹកថ្ងៃសុក្រនេះ។
មុនការមកដល់នៃក្បួនរថយន្តរបស់លោក ទៀ បាញ់ ដែលមានតំណែងជាឧបនាយករដ្ឋមន្ត្រីផងនោះ ក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចមួយចំនួនមានសុទិដ្ឋិនិយមថា គណបក្សផងខ្លួននឹងរក្សាបានកៅអីមេឃុំសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដោយផ្អែកតាមសមិទ្ធផលដែលគណបក្សនេះបានធ្វើជូនប្រជាពលរដ្ឋ។
អ្នកគាំទ្រគណបក្សប្រជាជនមកពីសង្កាត់គោកចក លោកបឿន ប៊ន អាយុ៤៥ឆ្នាំប្រាប់សំឡេងសហរដ្ឋអាមេរិក (VOA) ថា គណបក្សប្រជាជនអាចនឹងទទួលបានជោគជ័យ១០០ភាគរយ ពីការបោះឆ្នោតឃុំសង្កាត់អាណត្តិនេះ បើទោះបីមានវត្តមានគណបក្សតូចធំចូលរួមប្រកួតប្រជែងក៏ដោយក្តី។
លោកជឿថា ពលរដ្ឋនឹងពិចារណាទៅលើការអភិវឌ្ឍដែលពួកគេបានឃើញក្នុងខេត្តសៀមរាប ហើយនិងធ្វើការសម្រេចចិត្តក្នុងថ្ងៃបោះឆ្នោត។ លោកនិយាយថា៖ «ទាំងអស់ហ្នឹងឯង! បានន័យថា សាលារៀនស្អាត ផ្លូវល្អ ភូមិឃុំមានសុវត្ថិភាព អ៊ីចឹងប្រជាជនរស់នៅដោយភាពរីករាយបាទ»។
ក្រោយក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជានៅពេលព្រឹក នៅពេលរសៀល គណបក្សភ្លើងទៀន ដែលកំពុងដំណើរការដោយអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានចេញឃោសនារកសំឡេងឆ្នោត ដោយមានការស្រែកជ័យឃោសជំរុញឱ្យមានការផ្លាស់ប្តូរមេដឹកនាំដែលបម្រើឆន្ទៈពលរដ្ឋ និងប្រយោជន៍ប្រទេសជាតិពិតប្រាកដ។
អំឡុងពេលនៃការឃោសនាចុងក្រោយនេះ អ្នកគាំទ្រគណបក្សភ្លើងទៀន ដែលទើបតែដំណើរការសាជាថ្មីបានជាង៥ខែ ជឿជាក់ថា គណបក្សផងខ្លួននឹងអាចដណើ្តមអាសនៈមេឃុំសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណត្តិនេះ។
អ្នកគាំទ្រគណបក្សភ្លើងទៀន កញ្ញាផល សឿន អាយុ៣២ ឆ្នាំ ប្រាប់អ្នកយកព័ត៌មានឱ្យសំឡេងសហរដ្ឋអាមេរិកថា គណបក្សភ្លើងទៀន ដែលជាបក្សជំទាស់មួយនេះ នឹងនាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់ពលរដ្ឋឱ្យទទួលបានរបៀបរបបដឹកនាំ ដែលគ្មានអំពើពុករលួយនៅតាមរដ្ឋបាលឃុំសង្កាត់។
កញ្ញានិយាយថា៖ «ខ្ញុំស្រឡាញ់គណបក្សភ្លើងទៀន ដោយសារយើងត្រូវការភាពស្អាតស្អំ យុត្តិធម៌សង្គម សច្ចធម៌ យុត្តិធម៌ និង ភាពស្មោះត្រង់»។
អ្នកគាំទ្រគណបក្សជំទាស់រូបនេះ យល់ថា គណបក្សនេះនឹងទទួលបានជោគជ័យ ព្រោះរាល់ការប្រកួតប្រជែង គូប្រកួតរមែងតែមានការជឿជាក់លើសមត្ថភាពរៀងៗខ្លួនដើម្បីដំណើ្តមយកជោគជ័យ ហើយឈានដល់ការចូលរួមចំណែកដល់ការអភិវឌ្ឍភូមិឃុំ។
អ្នកស្រីថ្លែងថា៖ «ហ្នឹង យើងនឹងធ្វើទៅតាមគោលការណ៍នៃបក្សក្នុងការអភិវឌ្ឍ ក៏ដូចជាក្នុងការលើកស្ទួយសិទ្ធិមនុស្ស មិនថា ជាវិស័យសេដ្ឋកិច្ច កសិកម្ម កសិផលទេ គឺយើងជឿជាក់ទៅលើគណបក្សភ្លើងទៀន ដូច្នេះយើងគាំទ្រ យើងចង់ឱ្យគណបក្សភ្លើងទៀនឈ្នះហើយ»។
អ្នកគាំទ្រគណបក្សភ្លើងទៀនមួយចំនួនទៀតនិយាយថា ពួកគេចង់បានមេឃុំ ឬចៅសង្កាត់ថ្មីដែលអាចបើកទូលាយឱ្យមានការសម្តែងមតិនៅមូលដ្ឋាន និងការផ្តល់សេវាសាធារណៈដោយគ្មានអំពើពុករលួយនិងដោយមានការទទួលខុសត្រូវ។
ក្នុងថ្ងៃសុក្រដដែលនេះ ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាបានមកប្រមូលផ្តុំគ្នានៅមុនការចេញហែក្បួន នៅត្រង់ចំណុចភ្លើងស្តុបគ្រួសក្នុងក្រុងសៀមរាប ស្រដៀងគ្នានឹងការចាប់ផ្តើមយុទ្ធនាការរបស់គណបក្សភ្លើងទៀន។ អ្នកគាំទ្របក្សជំទាស់មួយនេះត្រូវបានគេសង្កេតឃើញថាប្រើម៉ូតូភាគច្រើនដើម្បីហែក្បួនឃោសនា។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលចូលរួមការឃោសនារកសំឡេងគាំទ្រនៅថ្ងៃសុក្រនេះដែរ លើកឡើងថា គណបក្សកាន់អំណាចមួយនេះនឹងនៅបន្តគ្រប់គ្រងរដ្ឋបាលភូមិឃុំ ក្នុងខេត្តសៀមរាប ដើម្បីបម្រើ ពលរដ្ឋដោយស្មោះត្រង់ និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន។
កញ្ញា ហុង សុគា អាយុ២០ឆ្នាំ ពលរដ្ឋមកពីសង្កាត់គោកចកមួយរូបទៀត និយាយថា៖ «ចង់ឱ្យគាត់ជួយប្រជាពលរដ្ឋ ហើយមានភាពស្មោះត្រង់ ហើយនិងមិនពុករលួយចា៎»។
ក្នុងឯកសណ្ឋានជាអ្នកគាំទ្រគណបក្សប្រជាជន កញ្ញា លួម សារ៉ែន ចង់ឃើញការទប់ស្កាត់គ្រឿងញៀនបន្ថែមទៀតនៅភូមិរបស់សង្កាត់គោកចកផងដែរ។
កញ្ញាប្រាប់វីអូអេថា៖ «ចង់ឱ្យអាជ្ញាធរគាត់ពង្រឹងបន្ថែមការជួញដូរគ្រឿងញៀន…ចា៎លុបបំបាត់ គ្រឿងញៀន»។
ដោយឡែក មេដឹកនាំក្រុមអ្នកគាំទ្រមួយរបស់គណបក្សប្រជាជនកម្ពុជា លោក ហង្ស ចំរើន អះអាងពីការឈ្នះរបស់គណបក្សកាន់អំណាចក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះ ក្រោមហេតុផលថា ពលរដ្ឋជឿទុកចិត្តលើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកថ្លែងថា៖ «បាទ ខ្ញុំជឿជាក់១០០%បង ព្រោះប្រជាជនទាំងអស់ស្រឡាញ់គាត់ណាស់ ចូលចិត្ត ហើយថ្ងៃនេះយើងមានវត្តមានទាំងអស់គ្នា»។
យ៉ាងណាក៏ដោយ ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តសៀមរាប លោក សុខ គឹមសេង ប្រាប់អ្នកគាំទ្របក្សថា ខេត្តសៀមរាបត្រូវការមេឃុំ ឬចៅសង្កាត់ថ្មី ដែលមិនមានគំនិតគិតប្រព្រឹត្តអំពើពុករលួយ។
លោកប្រកូកប្រកាសតាមឧបករណ៍ឧគ្ឃោសនាសព្ទយ៉ាងដូច្នេះ៖ «ឈ្នះមិនឈ្នះ! ឈ្នះ! យើងនឹងប្រាប់ប្រជាពលរដ្ឋថា បោះឆ្នោតឱ្យគណបក្សភ្លើងទៀនដើម្បីទទួលបានអំណាចពិតប្រាកដ ចូលរួមនៅក្នុងការអភិវឌ្ឍ ដើម្បីបានអំណាចពិតប្រាកដ ឱ្យបងប្អូនបានសេវាឆាប់រហ័ស ហើយគ្មានអំពើពុករលួយ»។
នៅក្នុងខេត្តសៀមរាប មានគណបក្សនយោបាយចំនួន១៣បានចូលរួមការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក៏ប៉ុន្តែមានគណបក្សចំនួនតែ២ប៉ុណ្ណោះគឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ដែលមានបេក្ខជនឈរឈ្មោះនៅគ្រប់ចំនួន១០០ឃុំសង្កាត់ទាំងអស់ក្នុងខេត្តដែលជាតំបន់សម្បូរដោយប្រាសាទបុរាណមួយនេះ៕