ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មិន​ទាន់​មាន​ការ​បញ្ជាក់​​ថា​លោក កឹម សុខា នឹង​បង្ហាញ​មុខ​ក្នុង​សវនាការ​សាលា​ឧទ្ធរណ៍​នៅ​សប្តាហ៍​ក្រោយ


រូបឯកសារ៖ លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​ ​ថ្លែងទៅកាន់អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​ ​ថ្លែងទៅកាន់អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

មុន​ជំនួប​រវាង​មេដឹកនាំ​គណបក្ស​ធំៗ​ទាំង​ពីរ​នៅ​កម្ពុជា​នៅ​ឯ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្តាយក្មេកលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃ​អង្គារ លោក កឹម សុខា ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ក្នុង​សវនាការ​មួយ​នៅសាលា​ឧទ្ធរណ៍នៅ​សប្តាហ៍​ក្រោយ។ ប៉ុន្តែ រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ថាតើ​លោក កឹម សុខា​ នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​នោះ​ឬ​យ៉ាង​ណា​ទេ។

មេធាវី​ម្នាក់​របស់​លោក​ កឹម សុខា គឺ​លោក ចាន់ ចេន បាន​ថ្លែង​ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍នេះ​ថា៖ «រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​តើ​ឯកឧត្តម​ កឹម សុខា នឹង​មាន​វត្តមាន​នៅ​សាលា​ឧទ្ធរណ៍​ឬ​ក៏​យ៉ាង​ណា ដោយសារ​ពេលវេលា​វា​នៅ​ឆ្ងាយ​ដែរ»។

​សារព័ត៌មាន​ក្នុង​ស្រុក ​វីអូឌី បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារថា​ ព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍ លោក តាន់ សេ​ណា​រ៉ុង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា​ ឆ្នាំ​២០២០ បាន​កោះ​ហៅ លោក កឹម សុខា​ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ ឱ្យ​ចូលរួម​សវនាការ​ជំនុំជម្រះ​មួយ​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​ឧសភា​ ឆ្នាំ​២០២០។

ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​២៥​ខែ​មីនា បាន​ដាក់​ពាក្យ​បណ្តឹង​ជំទាស់​នឹង​ការ​សម្រេច​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បានទទួល​យក​ភស្តុតាង​បន្ថែម​ដាក់​ចូល​ក្នុង​សំណុំរឿង​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ ប្រឆាំង​នឹង​មេ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ៕

XS
SM
MD
LG