សម្រាប់មនុស្សជាច្រើននាក់ដែលរស់នៅក្នុងតំបន់ជនបទនៃសហរដ្ឋអាមេរិក កាំភ្លើងជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃ។
សិស្សម្នាក់ឈ្មោះ Austin Cosper អាយុ ១៧ឆ្នាំ នៅឯវិទ្យាល័យ Walnut Grove បាននិយាយថា៖ «កាលពីខ្ញុំអាយុពីរឆ្នាំ លោកប៉ាបាននាំខ្ញុំទៅបរបាញ់សត្វជាលើកទីមួយ»។
សិស្សម្នាក់ទៀតឈ្មោះ Beck Glover អាយុ ១៦ឆ្នាំ នៅឯវិទ្យាល័យ Newnan បានថ្លែងថា៖ «បទពិសោធន៍របស់ខ្ញុំជាមួយអាវុធជាតិផ្ទុះ ចាប់ផ្ដើមជាមួយលោកប៉ានិងលោកតារបស់ខ្ញុំ តាំងពីខ្ញុំមានអាយុប្រហែលជា៤ ឬ៥ឆ្នាំម្ល៉េះ»។
សិទ្ធិកាន់កាំភ្លើងគឺជាទំនៀមទម្លាប់អាមេរិកាំងសំខាន់មួយដែលកាន់តែជួបការពិនិត្យពិច្ច័យខ្លាំងឡើងៗ រាល់ពេលដែលមានការបាញ់សម្លាប់រង្គាលនីមួយៗ។
បន្ទាប់ពីមានការបាញ់សម្លាប់នៅវិទ្យាល័យក្នុងរដ្ឋ Florida ដែលធ្វើឲ្យមនុស្ស ១៧នាក់ស្លាប់ សិស្សានុសិស្សគឺជាអ្នកដឹកនាំការទាមទារឲ្យមានច្បាប់កាំភ្លើងតឹងរ៉ឹងជាងមុន។
នាង Emma Gonzalez អាយុ ១៨ឆ្នាំ ជាសិស្សម្នាក់នៅវិទ្យាល័យ Marjory Stoneman Douglas ជាទីដែលមានការបាញ់សម្លាប់រង្គាលនោះ បាននិយាយថា៖ «វាមិនមែនតែជាបញ្ហាសុខភាពផ្លូវចិត្តប៉ុណ្ណោះទេ។ ជនល្មើសនឹងមិនអាចសម្លាប់សិស្សយ៉ាងច្រើននាក់ដូច្នេះដោយប្រើកាំបិតនោះឡើយ!»។
សិស្សម្នាក់ទៀតឈ្មោះ Delaney Tarr អាយុ ១៧ឆ្នាំ នៃវិទ្យាល័យ Marjory Stoneman Douglas នេះដែរ ថ្លែងថា៖ «យើងចង់ឲ្យមានកំណែទម្រង់ច្បាប់កាំភ្លើង។ យើងចង់បានច្បាប់កាំភ្លើងធម្មតា ហៅថា Common Sense Gun Laws។ យើងចង់បានការត្រួតពិនិត្យសុខភាពផ្លូវចិត្ត និងការត្រួតពិនិត្យប្រវត្តិរូបដែលដើរទន្ទឹមគ្នា»។
ប៉ុន្តែ សម្រាប់ក្មេងជំទង់ដែលមកតំបន់ជនបទនៃរដ្ឋ Georgia ទាំងនេះ ពួកគេនិយាយថា អាវុធមិនជាបញ្ហាទេ អ្នកដែលកាន់អាវុធទើបជាបញ្ហា។
សិស្សវិទ្យាល័យ Walnut Grove ឈ្មោះ Austin Cosper អាយុ ១៧ឆ្នាំ បានឲ្យដឹងថា៖ «កាំភ្លើងមិនអាក្រក់ទេ មនុស្សទើបអាក្រក់។ បើអ្នកមើលទៅ ខ្មាន់កាំភ្លើងនៅតាមសាលារៀនទាំងនោះ សុទ្ធតែមានជំងឺផ្លូវចិត្ត។
សិស្សវិទ្យាល័យ Newnan ឈ្មោះ Beck Glover អាយុ ១៧ឆ្នាំ បាននិយាយថា៖ «មនុស្សអាក្រក់នឹងនៅតែធ្វើរឿងអាក្រក់ ទោះបីយើងផ្លាស់ប្តូរអ្វីក៏ដោយ។ ហើយវិធីសាស្ត្រដោះស្រាយតែមួយគត់ គឺអនុញ្ញាតឲ្យយើង និងមិនដកសិទ្ធិការពារខ្លួនយើង គ្រួសាររបស់យើង និងទ្រព្យសម្បត្តិរបស់យើង»។
ហើយបើនិយាយពីការដែលចេញពីថ្នាក់រៀនកាលពីសប្ដាហ៍មុនវិញ? ពួកគេនិយាយថា មិនគួរធ្វើក្នុងម៉ោងសិក្សានោះទេ។
សិស្សឈ្មោះ Cosper បន្តថា៖ «សាលារៀនមិនមែនជាកន្លែងសម្រាប់ធ្វើសេចក្ដីថ្លែងការណ៍នយោបាយនោះទេ។ ហើយខ្ញុំយល់ពីអត្ថន័យដែលពួកគេចង់បង្ហាញ គឺដើម្បីឲ្យចងចាំមនុស្ស ១៧នាក់ដែលបានស្លាប់ ប៉ុន្តែខ្ញុំយល់ថា ពួកគេធ្វើជ្រុលបន្តិចហើយ»។
សិស្សឈ្មោះ Glover បន្តដែរថា៖ «ខ្ញុំគ្រាន់តែមានអារម្មណ៍ថា ការដើរចេញពីថ្នាក់រៀននេះ វាមិនបង្ហាញការពិតអំពីបញ្ហាបាញ់សម្លាប់រង្គាល និងរូបភាពបែបនេះនៃអាវុធនានា»។
ក្មេងជំទង់នៃតំបន់ជនបទអាមេរិកទាំងនេះ តំណាងឲ្យក្រុមបោះឆ្នោតដ៏មានឥទ្ធិពលមួយ ហើយពួកគេចង់ឲ្យមតិរបស់ពួកគេ ត្រូវបានគេឮផងដែរ។
សិស្សឈ្មោះ Cosper បន្តថា៖ «មិនមែនតែពួកគេទាំងនោះទេដែលមានមតិ ហើយមិនមែនតែពួកគេទេដែលត្រូវឆ្លងកាត់បញ្ហានេះ។ ដោយសារតែអ្នកបង្កើតអ្វីមួយដើម្បីដកយកចំណង់ចំណូលចិត្តនិងកីឡារបស់ពួកយើង វាក៏ប៉ះពាល់ដល់យើងដែរ»។
សិស្សឈ្មោះ Glover ក៏និយាយថា៖ «ពួកយើងពិតជាមានមតិមួយ ហើយពួកយើងមានគំនិតនិងដំណោះស្រាយអាចទៅរួចនានា សម្រាប់បញ្ហានេះ ដែលចាំបាច់ឲ្យគេឮ និងឲ្យគេផ្សព្វផ្សាយ ពីព្រោះវាមិនដែលជារឿងល្អទេ នៅពេលដែលព្យាយាមដោះស្រាយស្ថានការណ៍មួយដោយផ្អែកទាំងស្រុងលើអារម្មណ៍នោះ»។
ប្រែសម្រួលដោយ ចាប ចិត្រា