ប៉ូលិសស៊ូដង់បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់បាតុករដែលបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យដើម្បីតវ៉ាស្នើឲ្យលោកប្រធានាធិបតី Omar al-Bashir ដែលកាន់តំណែងជាយូរមកហើយនោះ ចុះចេញពីតំណែង។
សាក្សីនិយាយថា ប៉ូលិសបានប្រឈមមុខដាក់គ្នាជាមួយនឹងបាតុករ ខណៈដែលពួកគេបានព្យាយាមដើរដង្ហែជាក្បួនតវ៉ាទៅកាន់រដ្ឋសភាក្នុងទីក្រុង Omduran។ ក៏មានការរាយការណ៍ថា មានការប្រមូលផ្តុំគ្នាតវ៉ានៅក្នុងសង្កាត់មួយចំនួនក្នុងទីក្រុង Khartoum ផងដែរ ដែលបាតុករបាននាំគ្នាស្រែកថា «សេរីភាព សន្តិភាព និងយុត្តិធម៌» និងស្រែកថា «ផ្តួលរំលំ! ផ្តួលរំលំ!»។
ការតវ៉ាដែលបានចាប់ផ្តើមកាលពីជាងមួយខែមុននេះ ក្រោយពីរដ្ឋាភិបាលបានចេញបទបញ្ជាមួយឲ្យដំឡើងថ្លៃនំប៉័ង បានធ្វើឲ្យប្រជាជននៅទូទាំងប្រទេសធ្វើការប្រមូលផ្តុំគ្នាដើម្បីប្រឆាំងនឹងការកាន់អំណាចអស់រយៈពេល៣ទសវត្សរ៍របស់លោកប្រធានាធិបតី Bashir។
សមាគមអ្នកមានវិជ្ជាជីវៈស៊ូដង់ ដែលហៅកាត់ថា (SPA) គឺជាអ្នករៀបចំការធ្វើបាតុកម្មនេះ។ សមាគមនេះបានឲ្យដឹងថា ខ្លួននឹង «សរសេរញត្តិមួយច្បាប់ផ្ញើទៅកាន់រដ្ឋសភា ដើម្បីស្នើឲ្យលោកប្រធានាធិបតី Bashir ចុះចេញពីតំណែង»។
យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ចំនួន២៦នាក់បានស្លាប់នៅក្នុងការតវ៉ានេះ ចាប់តាំងពីខែមុនមក ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្ស Amnesty International បានឲ្យដឹងថា តួលេខអ្នកស្លាប់គឺមានដល់ទៅជាង៤០នាក់ឯណោះ។
លោក Bashir ដែលបានឡើងកាន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំ១៩៨៩នោះ អះអាងថា ជនរងគ្រោះដែលត្រូវបានសម្លាប់នៅក្នុងការប្រមូលផ្តុំគ្នាប្រឆាំងនឹងរដ្ឋាភិបាលនោះ មិនមែនត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខនោះទេ៕