មន្ត្រីសហរដ្ឋអាមេរិកបានឱ្យដឹងថា ភាគីចម្បាំងនៅស៊ូដង់បានចុះហត្ថលេខាអំពីការប្តេជ្ញាកាលពីយប់ថ្ងៃព្រហស្បតិ៍លើគោលការណ៍ណែនាំសម្រាប់ការអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌។
មន្ត្រីអាមេរិកម្នាក់ដែលដឹងអំពីកិច្ចចរចានេះបាននិយាយថា ក្រុមអ្នកតំណាងកងទ័ពនិងកងកម្លាំងប៉ារ៉ា ដែលបានប្រយុទ្ធគ្នាជិតមួយខែមកហើយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ស្តីពី«សេចក្តីប្រកាសនៃការប្តេជ្ញាការពារជនស៊ីវិលនៃប្រទេសស៊ូដង់»។
ការប្តេជ្ញានេះមិនមែនជាការឈប់បាញ់ទេ តែមានគោលដៅជួយឱ្យមានជំនួយមនុស្សធម៌។
កិច្ចព្រមព្រៀងនេះតម្រូវឱ្យភាគីទាំងពីរអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ អនុញ្ញាតឱ្យមានអគ្គិសនី ទឹកនិងសេវាជាមូលដ្ឋានឯទៀតៗជាថ្មីឡើងវិញ ឱ្យមានការដកកងកម្លាំងសន្តិសុខពីមន្ទីរពេទ្យនិងចាត់ចែងឱ្យមាន«ការបញ្ចុះសពដោយសេចក្តីគោរព»។
មន្ត្រីអាមេរិករូបនេះបានថ្លែងថា៖ «យើងសង្ឃឹមដោយប្រុងប្រយ័ត្នថាចំណង់របស់ភាគីចម្បាំងក្នុងការចុះហត្ថលេខាលើឯកសារនេះនឹងបង្កើតឱ្យមានសន្ទុះដែលនឹងបង្ខំពួកគេឱ្យបង្កើតកន្លែង«ដើម្បីដឹកជញ្ជូនជំនួយសង្គ្រោះ»។ មន្ត្រីរូបនេះបានបន្ថែមថា តែភាគីទាំងពីរនៅតែ«ខ្វែងគំនិតគ្នាខ្លាំង»នៅឡើយ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានអនុម័តញត្តិមួយទាំងប្រផិតប្រផើយ ដើម្បីបង្កើនការតាមឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅស៊ូដង់ ដែលនៅទីនោះជនស៊ីវិលរាប់រយនាក់ត្រូវបានសម្លាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមកាលពីខែមុន។
ដោយមានការគាំទ្រពីចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក ញត្តិនេះត្រូវបានអនុម័តដោយមានសំឡេងគាំទ្រ ១៨ ទល់នឹងសំឡេងជំទាស់ ១៥។
ការផ្តើមគំនិតនេះបើកឱ្យអ្នកជំនាញអង្គការសហប្រជាជាតិខាងកិច្ចការប្រទេសស៊ូដង់មានអំណាចជាងមុនក្នុងការឃ្លាំមើលការរំលោភលើបណ្តាវិធានការឯទៀតៗ។ ញត្តិនេះត្រូវបានកែសម្រួលជាច្រើនដងឲ្យមានខ្លឹមសារមិនសូវខ្លាំងពេក កាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីឲ្យងាយបានទទួលការអនុម័តនៅលើកនេះ៕
(ព័ត៌មានមួយចំនួននៅក្នុងរបាយការណ៍នេះបានមកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP)