ក្រុមមន្ត្រីធ្វើការជាមួយអង្គការវេជ្ជសាស្ត្រអន្តរជាតិ MSF និយាយថា ពួកគេនៅតែខ្វល់ខ្វាយអំពីកំណើនករណីជំងឺកញ្ជ្រិលក្នុងចំណោមក្រុមក្មេងៗក្នុងរដ្ឋ White Nile នៃប្រទេសស៊ូដង់។
ថ្លែងប្រាប់វីអូអេតាម app ផ្ញើសារពីក្រុងណៃរ៉ូប៊ី លោក Mitchell Sangma ទីប្រឹក្សាខាងសុខភាពរបស់អង្គការ MSF និយាយថា ក្រុមអ្នកធ្វើការនៅនឹងកន្លែងរបស់ MSF បានចងក្រងឯកសារអំពីករណីជាង ២០០ ជាប់សង្ស័យថាជាជំងឺកញ្ជ្រិលក្នុងចំណោមក្រុមកុមារកាលពីខែមុន។
លោកបានថ្លែងថា ក្នុងបណ្តាចំនួននេះ ៧២ នាក់ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ ១៣ នាក់បានស្លាប់។
លោកថ្លែងថា៖ «យើងក៏ឃើញកំណើនចំនួននៃការសង្ស័យថាជាជំងឺកញ្ជ្រិលក្នុងគម្រោងឯទៀតៗរបស់យើង ដូចជានៅក្នុងរដ្ឋ Blue Nile នាប្រទេសស៊ូដង់ជាដើម។ ហើយនៅ Renk នៅផ្នែកម្ខាងទៀតនៃព្រំដែនក្នុងប្រទេសស៊ូដង់ខាងត្បូង យើងក៏ឃើញការកើនឡើងករណីជំងឺកញ្ជ្រិលនៅក្នុងផ្នែកដាក់អ្នកជំងឺកញ្ជ្រិលឱ្យនៅដាច់ពីគេរបស់យើងដែរ។ ដូច្នេះ ស្ថានភាពមនុស្សរត់គេចខ្លួនចេញពីសង្គ្រាមនាំឱ្យមានការខ្វល់ខ្វាយ»។
មន្ត្រី MSF រូបនេះនិយាយថា ក្នុងពេលជិតបីខែនៃសង្គ្រាមនៅស៊ូដង់រវាងកងទ័ពនិងក្រុមប៉ារ៉ាជាគូបដិបក្ខបានបង្កើតឱ្យមានសេចក្តីត្រូវការខាងវេជ្ជសាស្ត្រច្រើន ហើយមានសម្ពាធខ្លាំងលើកន្លែងថែទាំសុខភាពនៅទូទាំងប្រទេសផងដែរ។
លោក Sangma ថ្លែងថា MSF និងទីភ្នាក់ងារផ្តល់ជំនួយឯទៀតៗខ្វល់ខ្វាយអំពីការដួលរលំប្រព័ន្ធសុខាភិបាល។ លោកនិយាយថា មជ្ឈមណ្ឌលដែលនៅមានដំណើរការកំពុងតស៊ូដោះស្រាយបញ្ហាផ្គត់ផ្គង់និងបុគ្គលិកមានកម្រិត។
លោក Sangma កត់សម្គាល់ថា នៅពេលរដូវភ្លៀងជិតមកដល់ មានកំណើនលទ្ធភាពនៃការរាលដាលជំងឺក្នុងចំណោមមនុស្សរាប់លាននាក់ខ្ចាត់ព្រាត់ពីផ្ទះសម្បែងដោយសារសង្គ្រាម។
អង្គការនេះពោលថា សេចក្តីត្រូវការបង្កើនសេវានានា ដូចជាការចាក់ថ្នាំ ការគាំទ្រខាងអាហារូបត្ថម្ភ ទីជម្រក ទឹកនិងអនាម័យ។
លោក Sangma ថ្លែងថា៖ «រដូវភ្លៀងជិតមកដល់ហើយ ហើយយើងខ្វល់ខ្វាយណាស់អំពីកំណើនជំងឺនាំមកដោយទឹកដូចជាជំងឺអាសន្នរោគជាដើម ហើយក៏គួរកត់សម្គាល់ដែរថា ជំងឺគ្រុនចាញ់ក៏ឆ្លងខ្លាំងណាស់ដែរក្នុងតំបន់នេះ។ យើងត្រូវការបង្កើនវិធានការទប់ទល់នឹងជំងឺទាំងនេះ យើងត្រូវការពួកអ្នកជំនាញខាងវេជ្ជសាស្ត្រនៅនឹងកន្លែងតែម្តង»។
វីអូអេបានទាក់ទងនឹងលោក Mustafa Jabrallah Ahmed អគ្គនាយកនៅក្រសួងសុខាភិបាលរដ្ឋ Blue Nile អំពីរឿងនេះ តែលោកបានប្រកែកមិនធ្វើអត្ថាធិប្បាយ ដោយនិយាយថា លោកជាប់រវល់ប្រជុំ។
បើតាមរបាយការណ៍មួយចេញផ្សាយដោយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ នៅសប្តាហ៍ទី ១ នៃខែកក្កដា មនុស្សជាង ២លាន ៨សែននាក់បានរត់ចាកចោលលំនៅដ្ឋាននៅក្នុងប្រទេសដោយសារសង្គ្រាមនៅស៊ូដង់។
អំពើហិង្សាធ្វើឱ្យប្រជារាស្ត្រមានការពិបាកក្នុងការទទួលសេវាថែទាំសុខភាព ដោយមានមនុស្សច្រើននាក់មានការព្យាបាលយូរក្រោយមានជំងឺ ហើយក៏មានគ្រោះថ្នាក់ដែរ ក្នុងការធ្វើដំណើរទៅកាន់មន្ទីរថែទាំសុខភាព៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ វីអូអេ