ភាពជោគជ័យនៃកិច្ចចរចាសន្តិភាពក្នុងពេលខាងមុខនេះរវាងរដ្ឋាភិបាលថៃ និងពួកបះបោរក្នុងផ្នែកខាងត្បូងប្រទេស នៅតែស្ថិតក្នុងភាពមន្ទិលសង្ស័យនៅឡើយ នៅក្រោយមានការបំផ្ទុះគ្រាប់បែកកាលពីពេលថ្មីៗនេះ ដែលគេបន្ទោសពួកបះបោរថាជាអ្នកធ្វើការវាយប្រហារទាំងនេះ។
ឡានពេទ្យមួយគ្រឿងដែលបានត្រូវលួចមានផ្ទុកគ្រឿងផ្ទុះ៨០គ.ក្រ. បានត្រូវបំផ្ទុះនៅឯកន្លែងចូលទៅក្នុងសណ្ឋាគារ Southern View នៅក្នុងទីរួមខេត្ត Pattani នៅជាប់នឹងឆ្នេរសមុទ្រនៃប្រទេសថៃ កាលពីថ្ងៃអង្គារ ហើយបានបណ្តាលឱ្យស្ត្រីម្នាក់អាយុ៣៥ឆ្នាំស្លាប់ និងបានធ្វើឱ្យមនុស្ស៤០នាក់ទៀតត្រូវរបួស។ ជនរងគ្រោះទីពីរបានស្លាប់កាលពីថ្ងៃសុក្រដោយសារមុខរបួសបណ្តាលមកពីការផ្ទុះនោះ។
ការវាយប្រហារដែលគេសង្ស័យធ្វើឡើងដោយពួកជនបះបោរក្នុងប៉ែកខាងត្បូងនៃប្រទេសថៃនោះ មានឡើងក្រោយការបំផ្ទុះគ្រាប់បែកនិងការលបលួចដុតអាគារមួយចំនួននៅក្នុងកន្លែងសម្រាកកាយតាមឆ្នេរខ្សាច់ដ៏មានប្រជាប្រិយភាពនៅក្នុងប៉ែកកណ្តាលនៃតំបន់ខាងត្បូងនៃប្រទេសថៃ ដែលបានបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ និងជាង៣០នាក់ទៀតត្រូវរបួស។
ក៏ប៉ុន្តែការវាយប្រហារកាលពីថ្ងៃទី១២ខែសីហាដោយមានរួមបញ្ចូលការវាយប្រហារមួយនៅក្នុងក្រុង Hua Hin ដែលជាក្រុងនៅជាប់ឆ្នេរសមុទ្រនៅចម្ងាយ២០០គ.ម.ខាងត្បូងក្រុងបាងកក បានបង្កើនកង្វល់អំពីការប្តូរកលយុទ្ធរបស់ពួកបះបោរក្នុងការវាយប្រហារនៅខាងក្រៅខេត្តជាប់ព្រំដែននាផ្នែកខាងត្បូងនៃប្រទេសថៃ។
រដ្ឋាភិបាលថៃបានអះអាងអំពីជោគជ័យខ្លះៗក្នុងការកាត់បន្ថយអំពើហិង្សាដោយសារការបះបោរនៅក្នុងខេត្ត Yala ខេត្ត Narathiwat ខេត្ត Pattani និងខេត្ត Songkhla ដែលនៅជាប់ព្រំដែនខាងត្បូងនៃប្រទេសថៃ។
ក៏ប៉ុន្តែ លោក Pakorn Preeyakorn សមាជិកខាងចាត់ចែងកិច្ចការប្រតិបត្តិនៃមជ្ឈមណ្ឌល Islam នៃប្រទេសថៃបាននិយាយថាអំពើហិង្សាកាលពីពេលថ្មីៗនេះបានបង្កើតឱ្យមានភាពមិនច្បាស់លាស់ថ្មីៗដែលនាំឱ្យមានការសង្ស័យអំពីការជឿនលឿនក្នុងកិច្ចចរចាសន្តិភាព។
លោក Pakorn បាននិយាយថា រហូតដល់ពេលមានការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី១២ខែសីហា វាហាក់ដូចជាពួកបះបោរភាគច្រើនចង់អង្គុយធ្វើការចរចា។លោកថ្លែងថា៖ «ខ្ញុំមិនយល់ទេអំពីចលនានៃអំពើហិង្សានេះ។សមដូចរដ្ឋាភិបាលនិយាយថា នេះជាស្ថានការណ៍ថ្មីមួយ មិនមែនដូចពីពេលមុនទេ»។
កិច្ចចរចាសន្តិភាពរវាងពួកមន្ត្រីនិងពួកអ្នកតំណាងនៃក្រុមទាមទារបំបែករដ្ឋ Mara Pattani ក្នុងផ្នែកខាងត្បូងនៃប្រទេសថៃនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ខែកញ្ញា ខាងមុខនេះ៕