មួយសប្តាហ៍បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមនៅភាគខាងត្បូងនៃប្រទេសថៃ ដែលបណ្តាលឲ្យមានមនុស្សជាង៣០នាក់ស្លាប់បាត់បង់ជីវិត និងរងរបួស ដែលក្នុងនោះក៏មានជនបរទេសផងដែរនោះ វិស័យទេសចរណ៍ដែលមិនងាយទ្រុឌទ្រោមមួយនេះសង្ឃឹមថានឹងអាចងើបឡើងវិញយ៉ាងឆាប់រហ័ស។
ប៉ុន្តែអ្នកវិភាគនិយាយថា ក្នុងករណីមានការវាយប្រហារជាបន្តបន្ទាប់ទៅថ្ងៃមុខទៀតនោះ វាអាចនឹងមានផលប៉ះពាល់កាន់តែខ្លាំងចំពោះវិស័យទេសចរណ៍ ដោយតែវិស័យនេះគឺជាដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសថៃ។
អ្នកសេដ្ឋសាស្ត្រនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ ថ្លែងថាការវាយប្រហារដែលកើតឡើងក្នុងបណ្តាខេត្តនៅភាគខាងត្បូងនៃប្រទេសថៃ ដែលសុទ្ធតែជាខេត្តពឹងផ្អែកទៅលើវិស័យទេសចរណ៍នោះ បានបណ្តាលឲ្យបាត់បង់ភ្ញៀវទេសចរចំនួន៣៦៥.០០០នាក់ ហើយខាតបង់ជាទឹកប្រាក់ចំនួន ១៧០លានដុល្លារ។
ការវាយប្រហារទាំងនោះ បានកើតឡើងនៅក្នុងតំបន់ទេសចរឆ្នេរសមុទ្រនានា ក្នុងនោះមានឆ្នេរសមុទ្រ ហួហ៊ីន (Hua Hin) ដែលរាជវង្សព្រះមហាក្សត្រថៃមានព្រះរាជដំណាក់សម្រាកលំហែព្រះកាយនៅមាត់ឆ្នេរមួយផងដែរ។
អ្នកស្រី Lisa Onghang ប្រធានសមាគមទេសចរ Hua Hin Cha Am បានថ្លែងថា បន្ទាប់ពីមានការរន្ធត់ដែលបណ្តាលមកពីការបំផ្ទុះគ្រាប់បែកនោះរួចមក ឥឡូវនេះមានភាពប្រក្រតីវិញហើយ៕