បារីដែលជក់ដោយប្រើឧបករណ៍អេឡិចត្រូនិច ឬហៅម៉្យាងទៀតថា E-Cigarette បានកើនប្រជាប្រិយភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចំណោមយុវវ័យ។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់ សហរដ្ឋអាមេរិកបានរកឃើញថា ការប្រើប្រាស់ E-Cigarette ក្នុងចំណោមក្មេងជំទង់អាមេរិកាំងបានកើនឡើង៣ដងពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៤ ។ ការសិក្សាថ្មីដែលទទួលបានការឧបត្ថម្ភពីវិទ្យាស្ថានសុខាភិបាលជាតិមួយនេះបានបង្ហាញថា ការប្រើប្រាស់ E-Cigarette របស់មនុស្សវ័យជំទង់ទំនងនឹងក្លាយជាអ្នកជក់បារីប្រើថ្នាំជក់នៅពេលក្រោយ ជាងមនុស្សវ័យជំទង់ដែលមិនប្រើវា។
លោក Adam Leventhal សហអ្នកនិពន្ធនៃការសិក្សានេះ ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Southern California (USC) ហើយនិងជាអ្នកជំនាញខាងស្រាវជ្រាវវិធីផ្ដាច់បារី និងមូលហេតុបង្កការញៀនបារី។ បើទោះបីជា E-Cigarette មានរសជាតិផ្សេងៗដូចបារីថ្នាំជក់ក៏ដោយ ក៏លោកបានសង្កេតឃើញថា រសជាតិជាច្រើនរបស់ E-Cigarette ជារសជាតិដែលមនុស្សវ័យជំទង់ចូលចិត្ត។
លោក Adam Leventhal និយាយថា៖ «វាមានរសជាតិដ៏ទាក់ទាញដូចជាស្ករសំឡី (cotton candy) ស្ករកៅស៊ូភ្លុំ (bubble gum) ជាដើម។ វាពិតជាមានបច្ចេកទេសខ្ពស់ ហើយអ្នកដឹងទេ វាពិតជាទំនើបនិងអស្ចារ្យណាស់»។
E-Cigarette E-Cigs និង E-Hookas ជាផលិតផលតែមួយ ហើយពួកវាជាឧបករណ៍បញ្ជូនសារជាតិនីកូទីន (Nicotine) ដ៏សំខាន់។ ពួកវាប្រើល្បាយរាវដែលមានកម្រិតសារជាតិនីកូទីនផ្សេងៗគ្នា។ វិធីជក់ E-Cigarette នេះហៅថា ការបឺតបារីតាមឧបករណ៍អេឡិចត្រូនិច។ E-Cigarette បានជួយអ្នកជក់បារីខ្លះឲ្យផ្ដាច់វាដោយខ្លួនឯង ពីសារជាតិនីកូទីន ប៉ុន្តែមនុស្សវ័យជំទង់វិញហាក់ដូចជាទំនោរទៅរកគ្រឿងញៀនទៅវិញ។
ការសិក្សាបានបង្ហាញថា សារជាតិនីកូទីនមានផលប៉ះពាល់ដល់ការចងចាំរបស់ក្មេងជំទង់។ វាអាចបង្កើនសម្ពោធឈាម ការបាក់ទឹកចិត្ត និងភាពអន្ទះអន្ទែង។ គ្រូពេទ្យខ្លះព្រួយថា E-Cigarette នេះនឹងជំរុញខួរក្បាលមនុស្សវ័យជំទង់ឲ្យមានទំនោរទៅរកការញៀនកាន់តែខ្លាំង មិនត្រឹមតែសារជាតិនីកូទីនទេ ប៉ុន្តែសារជាតិផ្សេងៗដូចជា កូកាអ៊ីន កញ្ឆា និងគ្រឿងញៀនផ្សេងៗ។
ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ USC បានស្ទង់មតិសិស្សវិទ្យាល័យចំនួន ២.៣០០នាក់នៅទីក្រុង Los Angeles ដែលចាប់ផ្តើមពីថ្នាក់ទី៩ នៅពេលសិស្សទាំងអស់ភាគច្រើនមានអាយុ១៤ឆ្នាំ។ ការសិក្សានេះក៏បានប្រៀបធៀបការប្រើប្រាស់ថ្នាំជក់ដំបូងក្នុងចំណោមសិស្ស២២២នាក់ដែលធ្លាប់បានប្រើ E-Cigaretteប៉ុន្តែមិនប្រើប្រាស់ថ្នាំជក់ធម្មតាដែលដុតឆេះពីមុនមកទេ។
លោក Leventhal និយាយថា៖ «ពួកយើងប្រៀបធៀបយុវជនដែលធ្លាប់បានប្រើប្រាស់ E-Cigarette និងយុវជនដែលមិនដែលប្រើប្រាស់ យើងមើលថាតើមានអ្វីខុសទេរវាងក្រុមទាំងពីរ និងការជក់ថ្នាំធម្មតាដុតឆេះលើកដំបូង»។ ការស្ទង់មតិបានត្រូវធ្វើម្ដងទៀតជាមួយសិស្សទាំងនោះនៅ៦ខែក្រោយមក និងនៅពេលពួកគេឡើងថ្នាក់ទីដប់។
លោកក៏បានបន្តទៀតថា៖ «យុវជនដែលបានប្រើប្រាស់ E-Cigarette ទំនងជានឹងចាប់ផ្ដើមជក់បារីជាងមនុស្សវ័យជំទង់ដែលមានដែលមិនប្រើប្រាស់ E-Cigarette ចំនួន៤ដង។ លោកបាននិយាយថាការសិក្សានេះមិនបានបង្ហាញថា ការប្រើប្រាស់ E-Cigarette មានទំនាក់ទំនងផ្ទាល់ទៅនឹងការជក់បារីទេ ប៉ុន្តែវាបង្កើនគ្រោះថ្នាក់»។
លោកបន្តថា៖ «ប្រសិនបើពួកគេចាប់ផ្ដើមស្រូបជាតិនីកូទីន ហើយចូលចិត្តអារម្មណ៍នៃការជក់យកជាតិនីកូទីនតាមរយៈ E-Cigarette» នោះវាអាចធ្វើឲ្យពួកគេចង់សាកល្បងជក់បារីធម្មតា ឬផលិតផលថ្នាំជក់នានានៅពេលអនាគត។
ការសិក្សានេះបានលើកឡើងអំពីបញ្ហាជក់បារីរបស់មនុស្សវ័យជំទង់ផងដែរ។ លោកស្រីវេជ្ជបណ្ឌិត Nora Volkow ជាប្រធានវិទ្យាស្ថានជាតិនៃការបំពានគ្រឿងញៀន ឬ NIDA នៃវិទ្យាស្ថានសុខាភិបាលជាតិ។
លោកស្រីបានឱ្យដឹងថា៖ «ខណៈដែលការប្រើប្រាស់ថ្នាំជក់ដោយមនុស្សវ័យជំទង់បានធ្លាក់ចុះនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការស្រាវជ្រាវនេះបង្ហាញថា យើងគួរតែបន្តការឃ្លាំមើលនិន្នាការនៃការជក់បារីដោយមនុស្សវ័យជំទង់យ៉ាងប្រុងប្រយ័ត្ន»។
អ្នកស្រីបាននិយាយបន្តថា៖ «ឪពុកម្ដាយ និងមនុស្សវ័យជំទង់គួរតែយល់ដឹងថា ទោះបីជា E-Cigarette ប្រហែលជាមិនអាចមានផលប៉ះពាល់បង្កជាជំងឺមហារីកដូចជាបារីធម្មតាទេ តែ E-Cigarette មានហានិភ័យនៃការបង្កការញៀន»។
ទីភ្នាក់ងារអាមេរិកទទួលបន្ទុកអំពីចំណីអាហារ និងឱសថបានឱ្យដឹងថា ពួកគេគ្រោងនឹងមានវិធានការគ្រប់គ្រងលើ E-Cigarette រួមជាមួយនឹងបារីស៊ីហ្គា និងផលិតផលថ្នាំជក់ផ្សេងទៀតដែលបច្ចុប្បន្នមិនត្រូវបានដាក់កម្រិតនៅក្នុងសហរដ្ឋអាមេរិក។ ប្រទេសមួយចំនួនបានដាក់កម្រិតការលក់នៃប្រភេទE-Cigarette មួយចំនួន ប៉ុន្តែវាគឺត្រូវគេលក់យ៉ាងទូលំទូលាយនៅលើបណ្តាញអ៊ីនធឺណិតដែលធ្វើឱ្យការគ្រប់គ្រងជាក់ស្តែងមានការលំបាក។
ការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Journal of the American Medical Association៕
ប្រែសម្រួលដោយ មាន ឥស្សរាយស