ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​នឹង​ហាមឃាត់​ការ​ឃោសនា​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​ថ្នាំ​ជក់


Indian activists from the women's wing of the Communist Party of India-Marxist (CPI-M) form a human "chain" during a protest rally in Siliguri. Over 4,000 women took part in a general protest demanding the safety of women and also against price hikes of essential commodities.
Indian activists from the women's wing of the Communist Party of India-Marxist (CPI-M) form a human "chain" during a protest rally in Siliguri. Over 4,000 women took part in a general protest demanding the safety of women and also against price hikes of essential commodities.

រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​បិទ​ការ​ឃោសនា​ផ្សាយ​លក់​ថ្នាំជក់​នា​ពេល​ឆាប់ៗ​នេះ​ ដែល​មាន​គោល​ដៅ​ប្រឆាំង​នឹង​ការ​ជក់​បារី​ បន្ទាប់​ពី​មាន​ច្បាប់​មួយ​ដែល​បាន​ដាក់​ស្នើ​កាល​ពី​ខែ​កក្កដា​ តម្រូវ​ឱ្យ​មាន​សញ្ញា​ព្រមាន​សុខភាព​លើ​កញ្ចប់​បារី។

ពួក​សកម្មជន​ប្រឆាំង​ការ​ជក់​បារី​ និយាយ​ថា​ ផែនការ​របស់​ប្រទេស​កម្ពុជា​ដើម្បី​ហាមឃាត់​ការ​ឃោសនា​ពាណិជ្ជកម្ម​និង​ផ្សព្វផ្សាយ​ថ្នាំ​ជក់​ ជា​ព្រិត្តិការណ៍​ដ៍​សំខាន់​មួយ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​កាត់​បន្ថយ​អត្រា​ការ​ជក់​បារី​របស់​ប្រទេស​ជាតិ។

វេជ្ជបណ្ឌិត​ Yel​ Daravuth​ ជា​អ្នក​ជំនាញការ​ខាង​ត្រួតត្រា​ថ្នាំ​ជក់​នៅ​ការិយាល័យ​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ទីក្រុង​ភ្នំពេញ។​ លោក​មាន​ប្រសាសន៍​ថា​ ការ​ហាមឃាត់មាន​សារៈសំខាន់​ដល់​ការ​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​កាត់​បន្ថយ​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ថ្នាំ​ជក់។​ លោក​ Yel​ មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ជំងឺ​នានា​ដូចជា​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ ជំងឺ​សួត​ ហើយ​នឹង​មហារីក​សួត​ កំពុង​កើន​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ការណ៍​នេះ​មាន​ន័យ​ថា​ ពេលវេលា​ដែល​ត្រូវ​ធ្វើ​គឺឥឡូវ​នេះ។

VOA - R. Carmichael
លោក​វេជ្ជបណ្ឌិត Yel Daravuth ជា​អ្នក​ជំនាញ​ខាង​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់នៅ​ការិយាល័យ​របស់​អង្គការ ​សុខភាព​ពិភពលោក​នៅ​ទីក្រុង​ភ្នំពេញ។ លោក​ថា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​អនុវត្ត​នូវ​ការ​ហាមឃាត់​ការ​ផ្សាយ​ ពាណិជ្ជកម្ម​បារី​ រំពឹង​ថា​អាច​នឹង​កាត់​បន្ថយអត្រា​ប្រវ៉េឡង់​រហូត​ដល់​៨%ក្នុង​រយៈ​ពេល​ មួយ​ទស្សវត្សរ៍។

«ប្រសិន​បើ​យើង​មិន​ការពារ​ ហើយ​មិន​ត្រួតត្រា​ការ​រាលដាល​ថ្នាំ​ជក់​ទេ​ យើង​អាច​មើល​ឃើញ​ជំងឺ​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត​ នឹង​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង»។

លោក​ Yel​ Daravuth​ មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ការ​សិក្សា​បង្ហាញ​ថា​ ពួក​ប្រទេស​កំពុង​អភិវឌ្ឍន៍​អាច​រំពឹង​កាត់​បន្ថយ​ការ​ជក់​បារី​ជា​ទូទៅ​របស់​ខ្លួន​ចំនួន​៨%​ ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​ ប្រសិន​បើ​ពួកគេ​អនុវត្ត​ការ​ហាមឃាត់​ការ​ឃោសនា​ពាណិជ្ជកម្ម​បារី​នេះ។

ផ្ទុយ​ទៅ​វិញ​ ប្រទេស​ទាំងឡាយ​ដែល​មិន​បាន​អនុវត្ត​ការ​ហាមឃាត់​បាន​ឃើញ​ការ​ធ្លាក់​ចុះ​ការ​ជក់​បារី​តែ​១%​ពិន្ទុ​គត់។

ការ​ជក់​បារី​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​លើស​លុប​ក្នុង​ចំណោម​បុរស។​ ការ​ស្ទង់​មតិ​នា​ពេល​ថ្មីៗ​បំផុត​នេះ​ ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ​២០០៦​បាន​បង្ហាញ​ថា​ បុរស​ចំនួន​៤៨%​ ដែល​មាន​អាយុ​លើស​ពី​១៥​ឆ្នាំ​បាន​ជក់​បារី។

ចំនួន​នេះ​ប្រៀបធៀប​ទៅ​នឹង​ជាង​៥០%​ ក្នុង​ប្រទេស​ចិន​ រុស្ស៊ី​និង​ប្រទេស​ជាតិ​អាហ្រ្វិក​ខ្លះ។​ ក្នុង​ប្រទេស​ជាតិ​អភិវឌ្ឍន៍​ភាគច្រើន ​អត្រា​ជក់​បារី​ស្ថិត​នៅ​ក្រោម​៣០%​ ចំពោះ​បុរស។

ដូច​គ្នា​នឹង​ប្រទេស​ភាគច្រើន​ក្នុង​ទ្វីប​អាស៊ី​ ចំនួន​ភាគរយ​នៃ​ស្រ្តី​ប្រើប្រាស់​ថ្នាំ​ជក់​មាន​ចំនួន​តិច​ជាង​ចំនួន​បុរស​យ៉ាង​ច្រើន​ក្នុង​ប្រទេស​កម្ពុជា។​ ស្រ្តី​ចំនួន​៤%​ ជក់​បារី​ក្នុង​ប្រទេស​កម្ពុជា។​ ទោះ​ជា​យ៉ាង​ណា​ក៍​ដោយ​ លោក​វេជ្ជបណ្ឌិត​ Yel​ Daravuth មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ស្រ្តី​ខ្មែរ​ជិត​២០%​ បាន​ចុក​ថ្នាំ​ជក់។

កាល​ពី​៥​ឆ្នាំ​មុន​ ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ត​គម្រោង​ការងារ​សម្រាប់​ត្រួត​ត្រា​ថ្នាំ​ជក់​ ដែល​ជា​សន្ធិសញ្ញា​សុខភាព​សាធារណៈ​សកលលោក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​នានា​ដែល​ពាក់ព័ន្ធ​ថ្នាំ​ជក់។​ នៅ​ក្រោម​សន្ធិសញ្ញា​នេះ​ ប្រទេស​នានា​សន្យា​ហាមឃាត់​ការ​ឃោសនា​ផ្សាយ​ពាណិជ្ជកម្ម​ ការ​ឧបត្ថម្ភ​ ហើយ​នឹង​ការផ្សព្វ​ផ្សាយ​ថ្នាំ​ជក់។

ក្រៅ​ពី​ការ​ខូចខាត​ខាង​សុខភាព​ដែល​បណ្តាល​មក​ពី​ការ​ជក់​បារី​ លោក​វេជ្ជបណ្ឌិត​ Yel​ Daravuth​ មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ការ​កាត់​បន្ថយ​ការ​ជក់​បារី​ អាច​ធ្វើ​ ឱ្យ​ធ្លាក់​ចុះ​កម្រិត​ភាព​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា។

«យើង​ អាច​រក​ឃើញ​ថា​ ពួក​អ្នក​ជក់​បារី​ ចំណាយ​ប្រាក់​ចំណូល​យ៉ាង​ហោច​ណាស់​ក៏​៩%​ ដែល​ពួក​គេ​រក​បាន​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ទិញ​បារី​ ដែល​ជា​ចំនួន​ប្រាក់​យ៉ាង​ច្រើន​របស់​ពួកគេ។​ ពួកគេ​ អាច​ប្រើ​ប្រាស់​ប្រាក់​ទាំងនេះ​សម្រាប់​ការ​សិក្សា​អប់រំ​ ផ្គត់ផ្គង់​កូនចៅ​សម្រាប់​រៀន​សូត្រ​ ផ្គត់ផ្គង់​គ្រួសារ​ ម្ហូបអាហារ​ គឺ​វា​មាន​សារៈសំខាន់​ណាស់»។

ក្រុមហ៊ុន​ថ្នាំ​ជក់​ British​ American​ Tobacco​ ឬ​ BAT​ ជា​ក្រុមហ៊ុន​ថ្នាំជក់​ដ៏ធំ​បង្អស់​មួយ​នៃ​ក្រុមហ៊ុន​ថ្នាំ​ជក់​ដ៏​ធំ​បង្អស់​នានា​ក្នុង​ពិភពលោក​ ហើយ​ក្រុមហ៊ុន​នេះ​បាន​ត្រួតត្រា​ទីផ្សារ​របស់​ប្រទេស​កម្ពុជា​ដោយ​មាន​ភាគ​ហ៊ុន​ចំនួន​៣៥%។

ក្រុមហ៊ុន​ថ្នាំ​ជក់​ BAT​ ប្រាប់​ឱ្យ​ដឹង​ថា​ ខ្លួន​បាន​គាំទ្រ​ការ​រឹតត្បិត​ការ​ឃោសនា​ពាណិជ្ជកម្ម ​ហើយ​ថា​ ច្បាប់​ថ្មី​ស៊ី​គ្នា​យ៉ាង​ខ្លាំង​ជា​មួយ​គោល​នយោបាយ​ផ្ទាល់​របស់​ក្រុមហ៊ុន​ BAT។​ ក្រុមហ៊ុន​នេះ​ ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ឧទាហរណ៍​ ខ្លួន​មិន​លក់​បារី​ឱ្យ​យុវជន​ក្មេងៗ​ឬ​ប្រើប្រាស់​ជន​ល្បីល្បាញ​ក្នុង​ការ​ឃោសនា​ពាណិជ្ជកម្ម​ទេ។​ ក្រុមហ៊ុន​ក៏​មិន​ជួយ​ឧបត្ថម្ភ​កម្មវិធី​ឬ​ពីធី​នានា​ទេ​ លុះ​ណា​តែ​ពួក​អ្នកចូល​រួម​និង​ពួក​អ្នក​មើល​ទាំងនោះ​ជា​មនុស្ស​ពេញវ័យ។​ ក៏​ប៉ុន្តែ​ ការ​រឹត​ត្បិត​របស់​ក្រុមហ៊ុន​ BAT​ មិន​ត្រូវ​បាន​អនុវត្ត​តាម​ដោយ​ក្រុមហ៊ុន​ទាំង​អស់​ក្នុង​ទីផ្សារ​កម្ពុជា​ទេ។

លោក​វេជ្ជបណ្ឌិត​ ម៉ម​ គង់​ នាយក​អង្គការ​ចលនា​សុខភាព​កម្ពុជា​ ចង់​បាន​ការ​រឹតត្បិត​លើ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​និង​សុរា។

VOA - R. Carmichael
លោក​វេជ្ជបណ្ឌិត Mom Kong ជា​ប្រធាន​អង្គការ​ Cambodian Movement for Health ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​តស៊ូ​មតិ​ឲ្យ​មាន​ការ​រិត​ត្បិត​ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​និង​គ្រឿង​ស្រវឹង។ លោក​ថា ច្បាប់​ថ្មី​នឹង​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​ថ្នាំ​ជក់ផ្សព្វ​ផ្សាយផលិតផល​របស់​គេ​ដល់​យុវជន​។

លោក​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​ថ្នាំ​ជក់​ខ្លះ​បាន​លក់​យ៉ាង​ចំហរ​ដល់​ពួក​យុវជន​ក្មេងៗ​ ជា​បញ្ហា​ដែល​ច្បាប់​ថ្មី​នឹង​រារាំង។

«ខ្ញុំ​កត់​សំគាល់​ថា​ ច្បាប់​ថ្មី​មាន​សារៈសំខាន់​បំផុត​សម្រាប់​ពួក​ក្មេង​ជំទង់​និង​កូនក្មេង​ខ្មែរ​ ដែល​ចាប់​ផ្តើម​ជក់​បារី​នៅ​កន្លែង​ប្រគុំ​តន្រ្តី​ Pop។​ ឧស្សាហកម្ម​ថ្នាំ​ជក់​បាន​អញ្ជើញ​ជន​ល្បីល្បាញ​ក្មេងៗ​ ឱ្យ​ផ្តល់​ការ​ឃោសនា​អំពី​ផលិតផល​ថ្នាំ​ជក់។​ ហើយ​ក្នុង​កន្លែង​ប្រគុំ​តន្រ្តី​មួយៗ អស់​លោក​អ្នក​អាច​ឃើញ​ពួក​យុវជន​រាប់​ពាន់​នាក់​ រួម​បញ្ចូល​ទាំង​ពួក​កូន​ក្មេង​ហើយ​នឹង​ស្រ្តី​ ហើយ​អស់​លោក​អ្នក​គ្រាន់​តែ​នឹក​ស្រមើ​ស្រមៃ​ថា​ ប្រសិន​បើ​ក្នុង​កន្លែង​ប្រគុំ​តន្រ្តី​មួយ​ មាន​ទស្សនិកជន​ប្រហែល​១​ឬ​២​ភាគរយ​ចាប់​ផ្តើម​ជក់​បារី​ ថា​តើ​កូន​ក្មេង​ ពួក​យុវជន​ក្មេងៗ​ខ្មែរ​ ប៉ុន្មាន​នាក់​ក្លាយ​ជា​អ្នក​ជក់​បារី?»។

លោក​ម៉ម គង់​ មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ការ​ហាមឃាត់​ការ​ឃោសនា​ពាណិជ្ជ​កម្ម​ជា​បញ្ហា​មួយ​ ក៏ប៉ុន្តែ​ការ​អនុវត្តន៍​ច្បាប់​អាច​ជា​ការ​ពិបាក​កាន់តែ​ខ្លាំង​ឡើង​ ពីព្រោះ​វា​តម្រូវ​ឱ្យ​មាន​ការ​សម្រប​សម្រួល​ជា​មួយ​ពួក​អាជ្ញាធរ​មូលដ្ឋាន​ ប៉ូលីស​ និង​តុលាការ។

ការ​ធ្វើ​ដំណើរ​ដ៏ខ្លី​មួយ​ទៅផ្សារ​ Supermarket​ ក្បែរ​នោះ​ឆ្លុះ​បញ្ចាំង​ពីការបារម្ភ​ដែល​លោកម៉ម​ គង់​ បាន​លើក​ឡើង​នេះ។ កាល​ពី​ខែ​កក្កដា​ ច្បាប់​មួយ​ដែល​ចូល​ជា​ធរមាន​បាន​តម្រូវ​ឱ្យ​គ្រប់​កញ្ចប់​បារី​មាន​ដាក់​ការព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ជក់​ ដែល​បាន​បោះពុម្ភ​លើ​ផ្ទៃ​កញ្ចប់​បារី​ចំនួន​៣០%។

ក្រុមហ៊ុន​ BAT​ បាន​ធ្វើ​តាម​ច្បាប់​នោះ​ ក៍ប៉ុន្តែ​ ការ​ពិនិត្យ​ជា​ទូទៅ​រយៈ​ពេល​២​ខែ​លើ​កញ្ចប់​បារី​ដែល​ដាក់​លក់​នៅ​តាម​ហាង​បង្ហាញ​ថា​ ពួក​អ្នក​ប្រកួត​ប្រជែង​ភាគច្រើន​របស់​ក្រុមហ៊ុន​នោះ​មិន​បាន​បោះពុម្ភ​ការ​ព្រមាន​នោះ​នៅ​លើ​កញ្ចប់​បារី​របស់​ខ្លួន​ទេ។

ក៏​ប៉ុន្តែ​ រដ្ឋាភិបាល​ហាក់​ដូច​ជា​ចាប់​អារម្មណ៍​ខ្លាំង​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ហាម​ឃាត់​ការ​ឃោសនា​ពាណិជ្ជកម្ម​នេះ។​ នៅ​ដើម​ខែ​នេះ​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បាន​ផ្ញើរលិខិត​ទៅ​ក្រុមហ៊ុន​ទាំងនោះ​ ដោយ​ព្រមាន​ពួក​គេ​ថា​ ពួកគេ​អាច​មាន​គ្រោះ​ថ្នាក់​បាត់​បង់​អាជ្ញាប័ណ្ណពាណិជ្ជកម្ម​ប្រសិន​បើ​ពួក​គេ​ខកខាន​មិន​បាន​អនុវត្ត​ច្បាប់​ទេ។

លោក​ Yel​ Daravuth នៃ​អង្គការ​សុខភាព​ពិភពលោក​ មាន​ប្រសាសន៍​ថា​ នេះ​ជា​សញ្ញា​ដ៏​គួរ​ឱ្យ​លើក​ទឹក​ចិត្ត។​ វា​ផ្តល់​ឱ្យ​លោក​នូវ​សេចក្តី​សង្ឃឹម​ថា​ គោលដៅ​ដើម្បី​កាត់​បន្ថយ​អត្រា​ការ​ជក់​បារី​ចំនួន​៥%​នៅ​ឆ្នាំ​២០១៥​ នឹង​ត្រូវ​ធ្វើ​បាន៕

ប្រែសម្រួល​ដោយ​ ជឹង ប៉ូជីន

XS
SM
MD
LG