ការរង្គើផែនដីខ្លាំងមួយក្នុងប្រទេសណេប៉ាល់ដោយមានការរញ្ជួយបន្តបាន បណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៤៤៩នាក់ស្លាប់និងបានធ្វើឱ្យមនុស្សជាច្រើននាក់ទៀតត្រូវរបួស។គេរំពឹងថាចំនួនមនុស្សស្លាប់នឹងកើនទ្បើងច្រើនថែមទៀត។
ការរង្គើផែនដីនេះដែលមានកម្លាំង៧,៩បានកើតមានទ្បើងនៅមុនម៉ោង១២ថ្ងៃត្រង់នៅថ្ងៃសៅរ៍នេះនៅចម្ងាយប្រមាណ៨០គ.ម.ទិសពាយ័ព្យរដ្ឋធានីKathmandu នៃប្រទេសណេប៉ាល់ បណ្តាលឱ្យរលុំអាគារនិងកំផែងនៅក្នុងក្រុងនោះហើយបានជំរុញប្រជារាស្ត្រឱ្យចូលទៅក្នុងផ្លូវថ្នល់ដោយមានការភ័យស្លន់ស្លោ។មានការរញ្ជួយបន្ទាប់មានកម្លាំង៦,៦ក្នុងរយៈពេលជាងមួយម៉ោងនៅក្រោយការរង្គើផែនដីដំបូង។
មានមនុស្សច្រើននាក់រងគ្រោះដោយសារការបាក់ដៃជើងនិងមានរបួសធ្ងន់ធ្ងរឯទៀតៗផងដែរ។
ប៉មជាប្រវត្តិសាស្ត្រមួយដែលបានត្រូវកសាងកាលពីសតវត្សរ៍ទី១៩នៅក្នុងក្រុងKathmandu បានរលុំដោយមានសេចក្តីរាយការណ៍ថាមានមនុស្សច្រើននាក់ប្រហែលជាប់គាំងនៅក្នុងកម្ទិចប៉មនោះ។
ការរង្គើផែនដីបានបណ្តាលឱ្យមានការបាក់ផ្ទាំងទឹកកកនៅលើភ្នំ Everest បណ្តាលឱ្យមានអ្នកទ្បើងភ្នំមួយចំនួនបាត់បង់ជីវិតនិងត្រូវរបួសនិងមានការជាប់គាំងអ្នកទ្បើងភ្នំមួយចំនួនទៀតដែរ។
ការរង្គើផែនដីនេះរាលដាលដល់ប្រទេសជិតខាងដោយមានរួមបញ្ចូលប្រទេសឥណ្ឌាដែរដែលនៅទីនោះមានមនុស្សយ៉ាងហោចណាស់២០នាក់បានស្លាប់។