រោងចក្រជាច្រើននៅជប៉ុន ដែលផលិតគ្រឿងអេឡិចត្រូនិក និងរថយន្តសំខាន់ៗ បានបញ្ឈប់សង្វាក់ផលិតកម្មជាបណ្តោះអាសន្ន ដោយសារតែប្រទេសនេះ ត្រូវដោះស្រាយគ្រោះមហន្តរាយ និងវិបត្តិនុយក្លេអ៊ែរ ដែលកើតឡើងក្រោយមកទៀត។
រាប់ចាប់តាំងពីរថយន្ត រហូតដល់វីដេអូហ្គេម ស្ទើរតែគ្រប់ទិដ្ឋភាពនៃការរស់នៅទាំងអស់នៅជុំវិញពិភពលោក ដែលប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក អាចដឹងអំពីផលវិបាកក្រោយការរញ្ជួយដីនៅជប៉ុន នាពេលឆាប់ៗនេះ។
អ្នកវិភាគនៃបណ្តាញផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក លោក ឌេល ហ្វតនៃ IHS iSuppli ថ្លែងថា៖
«មានរោងចក្រជាច្រើន ដែលផលិតគ្រឿងអេឡិចត្រូនិកសំខាន់ៗ ត្រូវទទួលរងការខូចខាត។ រោងចក្រមួយចំនួន បានខូចខាតផ្ទាល់ៗតែម្តង។ ចំណែកឯ រោងចក្រដទៃទៀត ទទួលផលប៉ះពាល់ ដោយសារតែរោងចក្រទាំងនោះ គ្មានចរន្តអគ្គិសនី»។
វិបត្តិនុយក្លេអ៊ែរ បានបង្កឲ្យដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់។ លោកហ្វត និយាយថា រោងចក្រជប៉ុន ដែលខូចខាតដោយសារគ្រោះមហន្តរាយនេះ បានផលិតបន្ទះស៊ីលីខនចំនួន២៥ភាគរយរបស់ពិភពលោក។ បន្ទះស៊ីលីខន ត្រូវបានប្រើដើម្បីផលិត សឺម៉ៃខុនដាក់ទ័រ (Semiconductor) ដែលត្រូវបានប្រើក្នុងគ្រឿងអេឡិចត្រូនិកជារៀងរាល់ថ្ងៃ ដោយរាប់ចាប់តាំងពីម៉ាស៊ីនកុំព្យូទ័រ និងទូរស័ព្ទដៃ រហូតដល់ម៉ាស៊ីនថតរូបឌីជីថល និងទូហ្គេមជាដើម។ សូម្បីតែប្រព័ន្ធហ្វ្រាំងរថយន្ត និងប្រព័ន្ធចរន្តអគ្គិសនីនៅក្នុងរថយន្ត ក៏ត្រូវការបន្ទះស៊ីលីខននេះដែរ។ លោក ហ្វត បានឲ្យដឹងទៀតថា ឥទ្ធិពលនេះមានផលប៉ះពាល់ដល់ក្រុមហ៊ុនរថយន្តរួចទៅហើយ។ លោក ហ្វត បន្តទៀតថា៖
«មានរោងចក្រផលិតរថយន្ត ត្រូវបិទទ្វារ ដោយសារតែពួកគេមិនអាចទទួលបានការផ្គត់ផ្គង់គ្រឿងបន្លាស់ទាំងនោះគ្រប់គ្រាន់ ដែលចាំបាច់សម្រាប់ការផលិតគ្រឿងអេឡិចត្រូនិក ដើម្បីបញ្ចូលក្នុងរថយន្ត»។
ក្រុមហ៊ុនតូយ៉ូតា និងហុងដា នៅជប៉ុន និងសូម្បីតែរោងចក្រ General Motors នៅសហរដ្ឋអាមេរិក ក៏បានបិទទ្វារជាបណ្តោះអាសន្នដែរ។
លោក អ៊ែនឌី ខ័យល៍ (Andy Coyle) ជាអ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនហុងដានៅទីក្រុងឡូស អាន់ជឺឡេស (Los Angeles)។ លោក មានប្រសាសន៍ថា លោករំពឹងថា រថយន្ត និងគ្រឿងបន្លាស់រថយន្តអាចខ្វះខាតគ្រឿងផ្គត់ផ្គង់ ក្នុងពេលឆាប់ៗនេះ។ លោក ខ័យល៍ ថ្លែងដូច្នេះថា៖
«ការផ្គត់ផ្គង់តិចជាងមុន ប្រហែលជាមានន័យថា ប្រជាពលរដ្ឋ ប្រហែលជាមិនអាចរកពណ៌តាមជម្រើសរបស់ខ្លួនបានទេ»។
ចំណែកឯគ្រឿងអេឡិចត្រូនិកវិញ លោក ឌេល ហ្វត និយាយថា ខណៈដែលអតិថិជន អាចរង់ចាំយូរជាងមុនដើម្បីទទួលបានផលិតផលដ៏មានប្រជាប្រិយភាពនេះ ពួកគេមិនចាំបាច់ចំណាយប្រាក់ច្រើនជាងមុនទេ។ លោក បន្តថា៖
«នៅក្នុងបរិយាកាសសេដ្ឋកិច្ចបែបនេះ ក្រុមហ៊ុននឹងមានការស្ទាក់ស្ទើរក្នុងការដំឡើងតម្លៃសម្រាប់អតិថិជន»។
ក្រុមអ្នកវិភាគ និយាយថា ឥឡូវនេះ ក្រុមហ៊ុនអេឡិចត្រូនិក និងរោងចក្រផលិតរថយន្តជាច្រើន កំពុងព្យាយាមស្វែងរករោងចក្រ នៅតាមបណ្តាប្រទេសដទៃទៀត សម្រាប់គ្រឿងបន្លាស់ ដែលពួកគេត្រូវការ។ ទោះជានៅកន្លែងណាក៏ដោយ វានឹងត្រូវការពេលច្រើនថ្ងៃច្រើនខែ មុនពេលរោងចក្រមួយចំនួននៅជប៉ុន អាចដំណើការពេញសមត្ថភាពឡើងវិញ៕
ប្រែសម្រួលដោយ លី សុខឃាង