ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នយោបាយ​កម្ពុជា ចំណេញ​តែ​អ្នក​នយោបាយ ឯ​រាស្ត្រ​ភាគ​ច្រើន​ជា​អ្នក​រងទុក្ខ


រូបឯកសារ៖ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ កំពុង​​​ចាប់​​​ដៃ​​​គ្នា​​​ជាមួយ​​​លោក​​​​​​ សម​​​ រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​នៅ​​​មន្ទីរ​​​ព្រឹទ្ធ​​​សភា​​​​​​ នឹង​​​ឈាន​​​ដល់​​​ការ​​​បញ្ចប់​​​វិបត្តិ​​​ជាប់​​​គាំង​​​នយោបាយ​​​នៅ​​​កម្ពុជា​​​​​​ពី​​​ថ្ងៃ​​​ទី​ ២២​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤​​​។​​​ REUTERS/Stringer
រូបឯកសារ៖ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ កំពុង​​​ចាប់​​​ដៃ​​​គ្នា​​​ជាមួយ​​​លោក​​​​​​ សម​​​ រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​នៅ​​​មន្ទីរ​​​ព្រឹទ្ធ​​​សភា​​​​​​ នឹង​​​ឈាន​​​ដល់​​​ការ​​​បញ្ចប់​​​វិបត្តិ​​​ជាប់​​​គាំង​​​នយោបាយ​​​នៅ​​​កម្ពុជា​​​​​​ពី​​​ថ្ងៃ​​​ទី​ ២២​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤​​​។​​​ REUTERS/Stringer

បែប​ផែន​នយោបាយ​ខ្មែរ​ដែល​ធ្លាប់​បាន​កើត​មាន​កន្លង​មក​ អាច​នឹង​កើត​មាន​ម្ដង​ទៀត​ ហើយ​អ្នក​ចំណេញ​គឺ​អ្នកនយោបាយ​ មិនមែន​ជន​សាមញ្ញ​ទូទៅ​​ដែល​ជា​ម្ចាស់​ឆ្នោត។

ក្រុម​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា​ និង​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ សំដែង​ភាព​មិន​ប្រាកដប្រជា​នៃ​ការ​វិល​មក​វិញ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម​ រង្សី ដែល​កំពុង​និរទេសខ្លួន​នៅ​ក្រៅ​ប្រទេស។

ប៉ុន្តែ​ ពួកគេ​បាន​ថ្លែង​ថា បែប​ផែន​នយោបាយ​ខ្មែរ​ដែល​ធ្លាប់​បាន​កើត​មាន​កន្លង​មក​ អាច​នឹង​កើត​មាន​ម្ដង​ទៀត​ ហើយ​អ្នក​ចំណេញ​គឺ​អ្នកនយោបាយ​ មិនមែន​ជន​សាមញ្ញ​ទូទៅដែល​ជា​ម្ចាស់​ឆ្នោត។

​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ ត្រូវ​បង្ខំចិត្ត​និរទេស​ខ្លួន​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ ​ដោយលោកបានអះអាង​ថា​ លោក​បាន​បាត់​បង់​អភ័យឯកសិទ្ធិ ​ជា​តំណាង​រាស្ត្រ​ ដែល​លោក​អាច​ប្រើ​ប្រឆាំង​នឹងចំណាត់​ការផ្លូវ​ច្បាប់​ពី​មន្ត្រី​របស់​គណ​បក្ស​កាន់​អំណាច។​

យ៉ាង​ណា​ក៏​ដោយ​ មន្ត្រី​នៃ​គណបក្ស​កាន់​អំណាច​និយាយ​ថា​ ស្ថានភាព​បាន​ប្រែប្រួល​ មិន​ដូច​ស្ថាន​ភាព​នយោបាយ​ដែល​បាន​កើតឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​ក្នុង​ខែ​កក្កដា ​ឆ្នាំ​២០១៣។ នៅ​គ្រានោះ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ស្នើ​សុំព្រះមហាក្សត្រ​ខ្មែរ​សម្ដេច​ព្រះ​បាទ​បរមនាថ​ នរោត្តម​ សីហមុនី ឲ្យ​លើក​លែង​ទោស​ដល់​លោក​ សម រង្សី​ ដើម្បី​ឲ្យ​លោក​អាច​វិល​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ការ​ធ្វើ​និរទេស​ខ្លួន​អស់​រយៈពេល​ជិត​បួន​ឆ្នាំ។​

នៅ​មុន​ការ​លើក​លែង​ទោស​ លោក​ សម រង្សី​ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​១១ឆ្នាំ​ក្នុង​សំណុំ​រឿង​ដក​បង្គោល​ព្រំដែន​ និងផ្សព្វផ្សាយ​ឯក​សារ​ផែន​ទី​ដែល​អះអាង​ថាប្រទេស​វៀតណាម​ ​បាន​ទន្ទ្រាន​ចូល​ដី​ប្រទេស​កម្ពុជា។​ ​

លោក​ គល់​ ​បញ្ញា​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោតហៅ​ថា​ ខុមហ្វ្រែល​ បាន​ប្រាប់​ VOA​ ថា​ របត់​នយោបាយ​កម្ពុជា​ អាច​នឹង​វិល​ទៅ​រក​សភាពការណ៍​មុន​ការ​បោះ​ឆ្នោត​ ឆ្នាំ​ ២០១៣ ​គឺ​នៅពេល​លោក​ សម រង្ស៊ី​ ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះរាជទាន​ការ​លើកលែងទោស​ ហើយ​បើក​ផ្លូវ​ឲ្យ​លោក​វិល​ចូល​ប្រទេស​វិញ។

លោក​និយាយ​ថា​ ជា​ការ​ពិបាក​ក្នុង​ការ​សន្និដ្ឋាន​ថា ស្ថានការណ៍​នេះ​ អាច​នឹង​កើត​ឡើង​ម្ដង​ទៀត​ ព្រោះ​មាន​តែអ្នក​នយោបាយ​ទេ​ ដែល​អាច​ជ្រើសរើស​ពេល​សម្រាប់​ធ្វើ​ឲ្យ​ស្ថានការណ៍​ចាស់​ កើត​ជាថ្មី​ម្ដង​ទៀត​បាន។​

«យើង​ឃើញ​កន្លង​មក​កើត​ឡើង​ហ្នឹង​គឺ​ថា​ ឲ្យ​មាន​អ្នកនយោបាយ​ ឬក៏​អ្នក​ដែល​ទាក់​ទិន​នឹង​បញ្ហា​ដែល​កើត​ខាង​នយោបាយ ត្រូវ​បាន​ដោះលែង​ ក៏​ដោយសារ​តែ​ការ​លើក​លែង​ទោស»។

មុន​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ ឆ្នាំ​២០១៣​ សកម្មភាព​បង្ក្រាប​លើ​សង្គម​ស៊ីវិល​ ក៏​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់។

កម្លាំង​សន្តិសុខ ​បាន​វាយ​បំបែក​ ដោយ​ហិង្សាទៅ​លើ​ការ​ជួបជុំ​គ្នា​ដោយ​សន្តិវិធី​របស់​ក្រុម​សង្គម​ស៊ីវិល​ ជាពិសេស​ពួក​អ្នក​ប្រឆាំង​ការ​រឹប​អូស​ដីធ្លី។​

ការ​ប្រើ​ប្រាស់​កម្លាំង​ហួសហេតុ​ បាន​បណ្ដាល​ឲ្យ​ពួក​អ្នក​តវ៉ា​ខ្លះ​រង​របួស​ធ្ងន់។​ នេះ​បើ​យោង​ទៅតាម​របាយការណ៍​ចេញផ្សាយ​ដោយ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch​ កាល​ពី​ឆ្នាំ​២០១៤។​

ព្រឹត្តិការណ៍​ហិង្សានេះ​ បាន​កើតឡើង​មុន​ការ​វិល​ត្រឡប់​មកវិញ​របស់​ លោក​ សម រង្ស៊ី។ តែ​ការ​បង្ក្រាបហិង្សា​ បាន​បន្ត​កើត​មាន​ទៀត​ នៅ​ក្រោយ​ការ​បោះឆ្នោត។

របាយការណ៍​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ការ​បោះឆ្នោត​ អាជ្ញាធរ​សាសនា​ ដោយ​មាន​រដ្ឋាភិបាល​នៅ​ពីក្រោយ​ខ្នង​ បាន​គំរាម​កំហែង​ និង​ក្នុង​ករណី​ខ្លះ​ បាន​វាយប្រហារ​ព្រះសង្ឃ​ពុទ្ធសាសនា​ ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​ព្រះ​សង្ឃ​ចូលរួម​ការ​ធ្វើ​បាតុកម្ម​របស់​ពួក​ប្រឆាំង​ជាដើម។​

ហេតុ​ការណ៍​ទាំងអស់​នេះ​ ត្រូវ​អ្នក​ឃ្លាំ​មើល​នយោបាយ និយាយ​ថា​ បាន​និង​កំពុង​លេច​ឡើង​មក​សារ​ជាថ្មី​ម្ដង​ទៀត​ នៅ​មុន​ការ​មកដល់​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

ហេតុការណ៍​ស្រដៀងគ្នានោះ​ គឺ​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល​ ដែល​លើក​នេះ​ គឺ​សំដៅ​ចំៗ​ លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ ក៏ដូចជា​សកម្មជន​នយោបាយ​គណបក្ស​ជំទាស់។​

លោក​ កែម​ ឡី​ អ្នក​វិភាគ​សង្គម​ បាន​ប្រាប់​ VOA​ ថា​ ​នយោបាយ​ខ្មែរ​ ​មាន​ភាព​ប្រែ​ប្រួល​ច្រើន​ ​និងពិបាក​ប៉ាន់ស្មាន​ទុកជាមុន។

លោក​បញ្ជាក់​ថា​ ការ​លេងល្បែង​នយោបាយ​ខ្មែរ​ មិនមែន​លេង​ដោយ​ការ​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ​នោះ​ទេ​ ​គឺ​លេង​សម្រាប់​ប្រយោជន៍​អ្នក​នយោបាយ​តែប៉ុណ្ណោះ។

«នយោបាយ​ស្រុក​ខ្មែរ​ វា​ទៅ​មក​ វា​ទៅ​មក​ ហើយ​វា​ពិបាក​ទាយ​ត្រូវ​ណាស់​ ពីព្រោះ​កាល​ណា​ចំណេញ​ខាង​ផ្នែក​នយោបាយ​គឺ​ ទោះបី​មិន​ចំណេញ​ជាតិ​ មិន​ចំណេញ​ពលរដ្ឋ​ក៏ដោយ ​ឲ្យ​តែ​ចំណេញ​បក្ស​គាត់​ ឲ្យ​តែ​ចំណេញ​ផ្នែក​នយោបាយ​ គឺ​គាត់​ធ្វើ។​ អា​ហ្នឹង​ អីចឹង​ បាន​ការ​លើក​លែង​ទោស​ ឬមួយ​ក៏​ការ​បន្ធូរបន្ថយ​ទោ​ស​ ឬ​ក៏​ការ​ត្រឡប់​មក​ពី​ភាព​មិន​ប្រក្រតី​ឡើង​វិញ​ វា​មិនមែន​ដោយ​សារ​តែ​ពលរដ្ឋ​ មិន​មែន​ដោយសារ​តែ​សមាសភាព​សង្គម​ទេ​ គឺ​ដោយសារ​តែ​អ្នក​ដឹកនាំ​ ព្រោះ​អ្នក​ដឹកនាំ​គាត់​បង្កើត​ event ​[ព្រឹត្តិការណ៍]​ ទៅ គាត់​ដោះស្រាយ​ អា​ស្ថានការណ៍​ហ្នឹង​ទៅ​ ត្រូវ​គ្នា​ទៅ​ ឈ្លោះ​គ្នា​ទៅ​អា​ហ្នឹង​រឿង​របស់​គាត់»។

​លោកនិយាយ​ថា​ ​ការ​ប្រើ​យុទ្ធ​សាស្ត្រ​នយោបាយ​ចាប់ចង​ រួច​លើកលែង​ទោស​មក​វិញ​នេះ​ បាន​ផ្ដល់​ផល​ចំណេញ​ដល់​អ្នក​ធ្វើ​នយោបាយ​កំពូលៗ​ប៉ុន្មាន​នាក់​តែប៉ុណ្ណោះ​ រីឯ​ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​អំណាច​ បាន​ត្រឹម​ទទួល​រង​នូវ​សំពាធ​សង្គម​ និង​នយោបាយ​កាន់តែ​ខ្លាំង​ឡើងៗ។​

«ស្ថានភាព​ក្រី​ក្រ​ បើ​លេខ​វា​រាង​ល្អ​ ប៉ុន្តែ​បើ​មើល​ស្ថានភាព​ជាក់​ស្ដែង​ មិន​សូវ​ល្អ​ទេ​ ក្រ​ច្រើន​ណាស់​ ហើយ​ក្រ​ហ្នឹង​ មិន​ដូច​ [ឆ្នាំ] ៧៩​ទេ​ណាស់។ [ឆ្នាំ] ៧៩​ ចេញ​មក ទោះបី​ក្រ​មាន​ផ្ទះ​ មាន​ដី​ស្រែ​ មាន​ព្រៃ​ហូប​ មាន​ព្រៃ​ឈើ។​ ប៉ុន្តែ​ឥឡូវ​ ឥឡូវ​នេះ​ ក្រ​អស់ផ្ទះ អត់​មាន​ត្រី អត់​មាន​ព្រៃ វេទនា​ ហើយ​ចាក​ចោល​ស្រុក»។

យ៉ាង​ណា​ក៏​ដោយ​ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​នៃ​រដ្ឋាភិបាល​កម្ពុជា​ ថ្លែង​ថា​ ស្ថានភាព​អាច​នឹង​មិន​ដូច​មុន​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣នោះ​ទេ។

លោក​នាយឧត្ដម​សេនីយ៍​ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ ក្រសួង​មហាផ្ទៃ​ ថ្លែង​ថា​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នឹង​មិន​ផ្ដល់​ការ​ចុះហត្ថលេខា​ណា​មួយ​ ដើម្បី​សុំ​ឲ្យ​មាន​ការ​លើកលែង​ទោស​ទៅ​ដល់​លោក​ សម រង្ស៊ី​ ទៀត​ទេ ទោះ​បី​លោក​នាយក​រដ្ឋមន្ត្រី​ ធ្លាប់​ឲ្យ​ដឹង​ពី​តម្រុយ​នៃ​ការ​ស្នើ​សុំ​លើក​លែង​ទោស​ដល់​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ និងមន្ត្រី​ គ.ជ.ប​ ដែល​កំពុង​ជាប់​ឃុំ​ក៏​ដោយ។​

«សម្ដេច​តេជោ​ លោក​បាន​មាន​ប្រសាសន៍​ហើយ​ថា​ លោក​ដូចជា​អត់​មាន​ចុះ​ហត្ថលេខា​ដើម្បី​សុំ​លើក​លែង​ទោស​ឲ្យ​ លោក​សម រង្ស៊ី​ ជាថ្មី​ម្ដង​ទៀត​ទេ​បាទ»។

លោក​នាយ​ឧត្ដមសេនីយ៍​ ខៀវ សុភ័គ​ បាន​បញ្ជាក់​បន្ត​ថា ដរាប​ណា ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​នៅ​តែ​បន្ត​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ ការ​ស្នើ​សុំ​លើក​លែង​ទោស​ដល់​លោក​ សម​ រង្សី​ នឹង​មិន​មាន​តទៅទៀត​ទេ។​

​សាលា​ដំបូងរាជធានី​ភ្នំពេញ​ ​កាលពីដើម​ខែ​ឧសភា​នេះ​ ​បាន​សម្រេច​ចោទ​ប្រកាន់​មន្ត្រី​សិទ្ធិ​មនុស្ស៤​រូប​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ រួមមាន​លោក​ នី សុខា​ លោក​ យី សុខ សាន្ត​ លោក ណៃ​ វង់ដា​ និង ​លោក​ស្រី​ ​លឹម​ ​មុន្នី​ ពី​បទ​សូក​ប៉ាន់​សាក្សី​ និង​លោក ​នី ​ចរិយា​ អគ្គ​លេខាធិការ​រង​នៃ​ គ.ជ.ប​ ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី។​ ពួកគេ​ទាំង​ប្រាំ​នាក់​នេះ​ កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​បណ្ដោះ​អាសន្ន ​រង់​ចាំ​ការ​កាត់​ទោស។​

ការ​សម្រេច​ឃុំ​ខ្លួន​អ្នក​ទាំង​៥ បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស។

ពួកគេ បាន​ហៅ​ការ​ឃុំ​ខ្លួន​នេះ​ ថា​ជា​ការ​បំបិទ​សំឡេង​ក្រុម​សង្គម​ស៊ីវិល​ ដែល​ប្រាស​ចាក​ពី​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ។

បន្ទាប់​ពី​ការ​សម្រេច​ឃុំ​ខ្លួន​នេះ​មក ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​មួយ​ចំនួន​ បាន​ផ្ដើម​ធ្វើ​យុទ្ធនាការ​ «ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»​ ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លេង​អ្នក​ទាំង​៥​អ្នក​នោះ មក​វិញ។

រូបឯកសារ៖ ក្រុម​សកម្មជន​សហគមន៍​បុរីកីឡា បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​និង​អ្នក​សារព័ត៌មាន​រង់​ចាំ​នៅ​មុខ​អធិការដ្ឋាន​ប៉ូលិស​ខ័ណ្ឌ​ដង្កោ ក្នុង​អំឡុង​ពេល​មាន​ការ​សាកសួរ​អ្នកចូលរូម​យុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពី​ព្រឹក​ថ្ងៃច័ន្ទ​ទី​០៩​ឧសភា​នេះ។ (ឡេង ឡែន/VOA)
រូបឯកសារ៖ ក្រុម​សកម្មជន​សហគមន៍​បុរីកីឡា បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​និង​អ្នក​សារព័ត៌មាន​រង់​ចាំ​នៅ​មុខ​អធិការដ្ឋាន​ប៉ូលិស​ខ័ណ្ឌ​ដង្កោ ក្នុង​អំឡុង​ពេល​មាន​ការ​សាកសួរ​អ្នកចូលរូម​យុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពី​ព្រឹក​ថ្ងៃច័ន្ទ​ទី​០៩​ឧសភា​នេះ។ (ឡេង ឡែន/VOA)

យុទ្ធនាការ​នេះ​ បាន​រង​ការ​បង្ក្រាប​ ក្នុងរយៈពេល​ពីរ​សប្ដាហ៍​ជាប់ៗ​គ្នា ដោយ​មាន​មនុស្ស​ចំនួន​១៣​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ តែ​ត្រូវ​ដោះលែង​ដោយ​អាជ្ញាធរ​កម្ពុជា​វិញ។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ព្រមាន​ថា​ យុទ្ធនាការ​ពណ៌​អ្វី​ក៏ដោយ​ ឲ្យ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ខុសច្បាប់​ នឹង​ប្រឈម​មុខ​ការ​ចាប់​ខ្លួន។

យ៉ាង​ណា​មិញ​ លោក​ថ្លែង​ថា​ ប្រសិន​បើ​តុលាការ​ចេញ​សាល​ក្រម​ជា​ស្ថាពរ​ បញ្ជាក់​ពី​ពិរុទ្ធភាព​របស់​អ្នក​ទាំង​៥ លោក​នឹង​ ប្រើ​សិទ្ធិ​អំណាច​របស់​លោក​ ដែល​មាន​ចែង​ក្នុង​ច្បាប់​ពន្ធនាគារ​ ស្នើ​សុំ​ព្រះ​មហាក្សត្រ​លើកលែង​ទោស​ ឬ​បន្ធូរ​បន្ថយ​ទោស​អ្នក​ទាំង៥។​

នៅ​ពេល​ ​VOA​ ​សួរ​អំពី​គោល​ការណ៍​លើក​លែង​ទោស​នេះ​ ថា​អាច​នឹង​បន្ត​កើត​មាន​សម្រាប់​លោក​ ​សម រង្ស៊ី ​ទៀត​ដែរ​ឬ​ទេ លោក​ សុខ ឦសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ថា៖

«ចិត្ត​ខ្ញុំ​ ជា​អត្តនោម័តិ​របស់​ខ្ញុំ​ ខ្ញុំ​មិន​យល់​ដល់​ថ្នាក់​ហ្នឹងទេ​ ហើយ​ចំពោះ​សកម្មជន​សិទ្ធិមនុស្ស​ហ្នឹង ​ក៏​សម្ដេច​នាយករដ្ឋមន្ត្រី​ លោក​លើកឡើង​ពី​គោលការណ៍​ទេ។​ ចង់​ឲ្យ​មានការ​លើកលែង​ទោស​លុះ​ត្រាតែ​ សាមីជន​អនុវត្តន៍​ទោស​ បាន​យ៉ាង​តិច​២ភាគ៣​ដែរ»។

នៅ​ក្នុង​ពេល​អវត្តមាន​លោក​ សម រង្ស៊ី​ ​ សកម្មជន​ ​មន្ត្រី និង​អ្នកតំណាង​រាស្ត្រនៃ​គណបក្ស​ជំទាស់​នេះ បាន​រង​ការវាយ​ប្រហារ​តាមផ្លូវច្បាប់​ជា​បន្ត​បន្ទាប់​ពី​ស្ថាប័ន​តុលាការ​ ដែល​ក្រុម​សង្គម​ស៊ីវិល​នៅ​យល់​ថា​ មិន​ឯករាជ្យ​ និង​បម្រើ​ឲ្យ​ស្ថាប័ន​នីតិប្រតិបត្តិ​របស់​លោក​ ហ៊ុន ​សែន។

ក្រុម​អ្នក​តំណាង​រាស្ត្រនៃ​គណ​បក្សប្រឆាំង​នៅ​សភា​ ក៏​ត្រូវ​គេ​សង្កេត​ថា​ ​មាន​ការ​ចុះ​ថម​ថយ​សកម្ម​ភាព​នៅ​ក្នុង​ការ​កោះហៅ​មន្ត្រី​រដ្ឋាភិបាល​មក​ចោទ​សួរ​ អំពី​បញ្ហា​អសកម្ម​នានា​ ​ដែល​បាន​ធ្វើ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​បន្ត​រង​ទុក្ខ​សោក​ និង​ផ្ដើម​ការ​តវ៉ា។

អ្នកវិភាគ ​និយាយ​ថា​ ​ការ​វិលត្រឡប់​មក​វិញ​ របស់​លោក​ ​សម រង្ស៊ី​ នឹង​មិន​អាច​កែ​ប្រែ​បញ្ហា​សង្គម​បាន​ច្រើន​នោះ​ទេ។​ ​

​ពួក​គេ​ថា​ ​សង្គម​កម្ពុជា​ កំពុង​ជួប​បញ្ហា​ដែល​មិន​ងាយ​នឹង​ស្រាយ​បាន​ តួ​យ៉ាង​ដូចជា​ តុលាការ​ដែល​មិន​ឯករាជ្យ​ និង​ហ៊ុមព័ទ្ធ​ដោយ​អំពើ​ពុករលួយ​ ភាព​ក្រីក្រ​ដែល​ចេះ​តែ​រីក​ធំ​ដោយសារ​ការ​បាត់​បង់​ដីធ្លី​ និង​ធនធាន​ធម្មជាតិ​ សកម្មភាព​ប្លន់​កើន​ឡើង​មិន​អាច​ទប់​ស្កាត់​បាន​ ការ​រីក​សាយ​ភាយ​នៃ​ការ​ប្រើ​គ្រឿងញៀន​ពី​ទី​ក្រុង​ដល់​ទី​ជនបទ​ជា​ដើម។

​យ៉ាង​ណា​ក៏​ដោយ​ ការ​វិលត្រឡប់​របស់​លោក​ សម រង្ស៊ី មិន​អាស្រ័យ​តែ​លើ​បរិយាកាស​នយោបាយក្នុង​ស្រុក​ទេ​ តែ​ប្រទេស​ម្ចាស់​ជំនួយ​នឹង​អាច​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​ដាក់​សំពាធ​រដ្ឋាភិបាលកម្ពុជា​ ឲ្យ​មានការ​វិលត្រឡប់​របស់​មេ​បក្ស​ជំទាស់​រូប​នេះ​មក​កម្ពុជា ដូច​ដែល​បាន​កើត​ឡើង​មុនការ​បោះ​ឆ្នោត​ថ្ងៃ​២៨​ កក្កដា​ ឆ្នាំ​២០១៣។ នេះ​បើ​យោង​តាម​អ្នក​វិភាគ៕

XS
SM
MD
LG