ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនិងសាច់ញាតិរបស់ជនរងគ្រោះទាំង២៩៨នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍បាញ់ទម្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីជើងហោះហើរលេខ MH17 ក្នុងឱកាសគម្រប់ខួប៣ឆ្នាំ កាលពីថ្ងៃទី១៧ខែកក្កដានេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកស្រី Heather Nauertអ្នកនាំពាក្យរបស់ក្រសួងការបរទេសដែលទើបតែចេញផ្សាយ។
កាលពីបីឆ្នាំមុននៅថ្ងៃនេះ ជនស៊ីវិលចំនួន២៩៨នាក់ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍បាញ់ទម្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីជើងហោះហើរលេខ MH17។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនោះបន្តថា៖ «សហរដ្ឋអាមេរិកជាថ្មីម្តងទៀតសូមចូលរំលែកទុក្ខដល់ក្រុមគ្រួសារនិងសាច់ញាតិរបស់ជនរងគ្រោះ។»
សេចក្តីប្រកាសនោះបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារស៊ើបអង្កេតរួម និងជំរុញឲ្យប្រទេសដទៃទៀតសហការពេញទំហឹងដើម្បីធានាថា អ្នកដែលប្រព្រឹត្តរឿងនេះត្រូវទទួលទោសតាមច្បាប់។
សហរដ្ឋនិងក្រុមការងារស៊ើបអង្កេតរួមបានលើកឡើងថា កងកម្លាំងដែលដឹកនាំដោយរុស្ស៊ីនៅប៉ែកខាងកើតប្រទេសអ៊ុយក្រែនបានបាញ់គ្រាប់មីស៊ីល BUK ពីដីទៅលើអាកាស បានបាញ់ទម្លាក់យន្តហោះជើងហោះហើរលេខ MH17 នេះ។ សហរដ្ឋអាមេរិកស្វាគមន៍ចំពោះសេចក្តីសម្រេចក្នុងពេលថ្មីៗនេះរបស់ក្រុមការងារនេះក្នុងការផ្តល់យុត្តាធិការដល់តុលាការហូឡង់សម្រាប់បណ្តឹងចំពោះអ្នកដែលបានប្រព្រឹត្តរឿងដ៏សោកនាដកម្មនេះ។
សហរដ្ឋអាមេរិកបញ្ជាក់ថា ខ្លួនមានជំនឿយ៉ាងពេញទំហឹងទៅលើសមត្ថភាពរបស់ប្រព័ន្ធយុត្តាធិការព្រហ្មទណ្ឌរបស់ហូឡង់ក្នុងដំណើរការកាត់ក្តីដែលមានលក្ខណៈទូលំទូលាយ មិនលំអៀងនិងមានយុត្តិធម៌៕