មេដឹកនាំគណបក្សពលករអង់គ្លេស លោក Keir Starmer (ខៀរ ស្តារម័រ) បានក្លាយខ្លួនជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសជាផ្លូវការកាលពីថ្ងៃសុក្រ ប៉ុន្មានម៉ោងក្រោយពីគណបក្សពលកររបស់លោក បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី បន្ទាប់ពីបានស្ថិតនៅជាគណបក្សប្រឆាំងអស់ជាង ១០ ឆ្នាំ។
លោក Starmer បានក្លាយជាមេដឹកនាំប្រទេស ក្រោយពីពិធីជួបជាលក្ខណៈឯកជនជាមួយព្រះមហាក្សត្រ Charles ទី៣ របស់ចក្រភពអង់គ្លេស នៅក្នុងព្រះបរមរាជវាំង Buckingham រួចមក។
តាមបែបប្រពៃណីផ្ទេរអំណាចភ្លាមៗក្នុងនយោបាយអង់គ្លេស លោក Starmer បានចូលកាន់តំណែងភ្លាមៗក្នុងការិយាល័យនាយករដ្ឋមន្ត្រី 10 Downing St. មិនយូរប៉ុន្មានបន្ទាប់ពីមេដឹកនាំអភិរក្សនិយម លោក Rishi Sunak និងគ្រួសាររបស់លោក បានចាកចេញពីគេហដ្ឋានផ្លូវការរបស់លោក និងបន្ទាប់ពីព្រះមហាក្សត្រ Charles ទី ៣ បានទទួលការលាចេញពីតំណែងរបស់លោកនៅព្រះបរមរាជវាំង Buckingham រួចមក។
លោក Sunak បានថ្លែងនៅក្នុងសុន្ទរកថាលាចេញពីតំណែងរបស់លោកថា៖ «ថ្ងៃនេះជាថ្ងៃពិបាកមួយ ប៉ុន្តែខ្ញុំចេញពីតំណែងនេះ ដោយមានកិត្តិយសដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសដែលល្អប្រសើរជាងគេក្នុងពិភពលោក»។
លោក Sunak បានទទួលស្គាល់ថាលោកចាញ់ឆ្នោត នៅព្រលឹមថ្ងៃសុក្រ ដោយថ្លែងថា អ្នកបោះឆ្នោតបានធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់។
នៅក្នុងសុន្ទរកថាលាចេញពីតំណែងនៅកន្លែងដដែលដែលលោកបានអំពាវនាវឱ្យមានការបោះឆ្នោតមុនអាណត្តិកាលពី ៦ សប្តាហ៍មុន លោក Sunak បានជូនពរលោក Starmer ឱ្យមានជោគជ័យ ប៉ុន្តែក៏បានទទួលស្គាល់ថា លោកបានចាត់វិធានការខុសដែរ។
លោក Sunak បានថ្លែងថា៖ «ខ្ញុំបានដឹងឮអំពីការខឹងសម្បាររបស់លោកអ្នក អំពីការតូចចិត្តរបស់លោកអ្នក ហើយខ្ញុំទទួលខុសត្រូវចំពោះការចាញ់ឆ្នោតនេះ។ ចំពោះបេក្ខជនអភិរក្សនិយមទាំងអស់ និងអ្នកជួយធ្វើយុទ្ធនាការទាំងអស់ ដែលបានធ្វើការអស់ពីចិត្តពីថ្លើម ប៉ុន្តែមិនបានជោគជ័យ ខ្ញុំសូមទោសដែលយើងមិនបាននាំមកនូវលទ្ធផលដែលកិច្ចប្រឹងប្រែងរបស់លោកអ្នកគួរទទួលបាន»៕
វេទិកាបញ្ចេញមតិ