ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រឆាំង​តវ៉ា​ដ៏កម្រ​កើតឡើង​នៅ​ប្រទេស​គុយបា ចំពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​និង​វីរុសកូរ៉ូណា


ក្រុមបាតុករ​ប្រឆាំង​​នឹង​រដ្ឋាភិបាល បាន​ប្រមូលផ្តុំគ្នា​នៅ​វិមាន Maximo Gomez នៅ​​រដ្ឋធានី​ឡាហាវ៉ាន​​​នៃ​ប្រទេស​គុយបា កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។
ក្រុមបាតុករ​ប្រឆាំង​​នឹង​រដ្ឋាភិបាល បាន​ប្រមូលផ្តុំគ្នា​នៅ​វិមាន Maximo Gomez នៅ​​រដ្ឋធានី​ឡាហាវ៉ាន​​​នៃ​ប្រទេស​គុយបា កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។

ប្រជាជន​គុយបា​រាប់ពាន់​នាក់​កាលពី​ថ្ងៃ​អាទិត្យ ​បាន​ធ្វើ​បាតុកម្ម​ធំ​បំផុត​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​ ខណៈ​ពួកគេ​បង្ហាញ​ពីការ​មិន​សប្បាយ​ចិត្ត​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​ និង​ការ​ឆ្លើយតប​មិន​គ្រប់គ្រាន់​របស់​រដ្ឋាភិបាល​ចំពោះ​ការ​រាតត្បាត​នៃ​វីរុសកូរ៉ូណា។​

ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​ពាក្យស្លោក​ទាមទារ​សេរីភាព​ និង​ឯកភាព ​នៅ​ពេល​ពួកគេ​បាន​ដើរ​តវ៉ា​នៅ​រដ្ឋធានី​ឡាហាវ៉ាន​រហូត​ដល់​ទីបំផុត​ប៉ូលិស​បាន​បំបែក​ការ​ហែក្បួន​និង​ចាប់​ខ្លួន​បាតុករ​មួយ​ចំនួន។​ ក្រុម​បាតុករ​បាន​ចេញ​តវ៉ា​នៅ​តំបន់​ផ្សេងៗ​ទៀត​រួមមាន​នៅ​ទីក្រុង​ San Antonio de los Banos​ ក្បែរ​រដ្ឋធានី​ឡាហាវ៉ាន​ដោយ​សម្តែង​ការ​ខឹង​សម្បា​អំពី​ការ​តម្រង់​ជួរ​ទទួល​អាហារ​យូរពេក​ការ​ដាច់​ចរន្ត​អគ្គិសនី ​និង​បញ្ហា​ក្នុង​ការ​ផ្គត់ផ្គង់​ថ្នាំ។​

ប្រទេស​គុយបា ​ក៏​កំពុង​ជួប​ប្រទះ​នូវ​ដំណាក់​កាល​ដ៏​អាក្រក់​បំផុត​នៃ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ​ដែល​មន្ត្រី​សុខាភិបាល​បាន​រាយ​ការណ៍​ពីការ​ឆ្លង​ថ្មី​ចំនួន​៦.៩២៣​នាក់​ និង​៤៧ នាក់​ បាន​ស្លាប់​កាលពី​ថ្ងៃ​អាទិត្យ។​

ប្រធានាធិបតី​គុយបា​លោក ​Miguel Díaz-Canel ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ San Antonio de los Banos​ កាល​ពីថ្ងៃ​អាទិត្យ​ ហើយ​បាន​ទទួល​ស្គាល់​ថា ប្រជាជន​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ ​ប៉ុន្តែ​លោក​បាន​ស្តី​បន្ទោស​ភាព​ចលាចល​នេះ​លើ​យុទ្ធនាការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ម៉ាហ្វីយ៉ា​អាមេរិក-គុយបា។​

លោក​ក៏​បាន​ស្តីបន្ទោស​សហ​រដ្ឋ​អាមេរិក​ដែល​ពេល​អតីត​ប្រធានាធិបតី​លោក​ Donald Trump ​បាន​ដាក់​ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​លើ​ប្រទេស​គុយបា​ឡើង​វិញ។ ​លោក ​Diaz-Canel ​បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រលោក​ប្រឈម​នឹង​«ការ​បង្កហេតុ»​នេះ​ ​តែ​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល​មាន​តិចតូច។​

ក្រុម​មន្ត្រី​សហ​រដ្ឋ​អាមេរិក​ បាន​សម្តែង​ការ​គាំទ្រ​ដល់​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ថ្ងៃ​អាទិត្យ​ និង​បាន​ព្រមាន​ប្រឆាំង​នឹង​អំពើ​ហិង្សា។​

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​Associated Press, AFP និង​ Reuters)

XS
SM
MD
LG