ចៅក្រមអេស្ប៉ាញពិចារណាថាតើនឹងចេញដីកាជាអន្តរជាតិចាប់ខ្លួនលោក Carles Puigdemont មេដឹកនាំតំបន់ Catalonia ដែលបាត់បង់តំណែង ទាក់ទងនឹងចលនាទាមទារឯករាជ្យសម្រាប់តំបន់នេះ។
លោក Puigdemont បានជិះយន្តហោះទៅក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិចជាមួយសមាជិក៤នាក់របស់ខុទ្ទកាល័យរបស់លោកនៅសប្តាហ៍នេះ ក្រោយពីអាជ្ញាធរអេស្ប៉ាញដកលោកចេញពីតំណែង និងដកតំណែងសមាជិក១៣នាក់ទៀតដែលជំរុញឲ្យមានការគ្រប់គ្រងដោយខ្លួនឯង។
បើមានដីកាចាប់ខ្លួនមែននោះ លោក Puigdemont នឹងត្រូវតតាំងជាមួយការបញ្ជូនខ្លួនលោក ដោយលោកនឹងមិនសុំសិទ្ធិជ្រកកោននយោបាយទេ។ នេះបើតាមមេធាវីអេស្ប៉ាញរបស់លោក។
លោក Puigdemont ត្រូវឡើងតុលាការជាតិអេស្ប៉ាញនៅថ្ងៃព្រហស្បតិ៍ដើម្បីឆ្លើយសំណួរអំពីករណីបះបោរ ចោទដោយរដ្ឋអាជ្ញាអេស្ប៉ាញ ប៉ុន្តែលោកមិនបង្ហាញខ្លួនទេ។ កាលពីថ្ងៃពុធ ចៅក្រមបានឃុំឃាំងសមាជិក៩នាក់របស់រដ្ឋាភិបាលបំបែកខ្លួននៅ Catalonia នៅពេលកំពុងស៊ើបអង្កេតបទចោទប្រកាន់រឿងបះបោរ ក្នុងការទាមទារឯករាជ្យ។ ក្រោយមកចៅក្រមឲ្យជនជាប់ចោទម្នាក់រួចពីការឃុំឃាំងដោយបង់ប្រាក់ធានា៥ម៉ឺន៨ពាន់៣រយដុល្លារ៕