ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថា​នឹង​មិន​សម្របសម្រួល​ផ្នែក​សន្តិសុខ​នោះ​ទេ បន្ទាប់ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ


លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in (រូប​ឆ្វេង) ប្រកាស​ពី​គណៈរដ្ឋមន្ត្រី។
លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in (រូប​ឆ្វេង) ប្រកាស​ពី​គណៈរដ្ឋមន្ត្រី។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក Moon Jae In បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​កូរ៉េ​ខាង​ជើង «គួរ​តែ​បញ្ឈប់​ការ​បង្កហេតុ​ដោយសារ​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ខ្លួន​ជា​បន្ទាន់‍» បន្ទាប់​ពី​មាន​ការ​សាកល្បង​គ្រាប់​មីស៊ីល​ដែល​គេ​សង្ស័យ​ថា​ជា​គ្រាប់​មីស៊ីល​បាញ់​កប៉ាល់ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក Moon Jae In បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ដូច​ខ្ញុំ​បាន​បញ្ជាក់​ជា​ច្រើន​ដង​រួច​មក​ហើយ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​នឹង​មិន​រាថយ ឬ​ក៏​សម្របសម្រួល​ជា​ដាច់​ខាត ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ជាតិ និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ។ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​នឹង​ចាត់​វិធានការ​ដោយ​មិន​ងាករេ​ដើម្បី​បញ្ឈប់​ទាំង​ស្រុង​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង តាមរយៈ​ការ​ដាក់​ទណ្ឌកម្ម និង​ការ​ចរចា‍»។

នាយសេនាធិការ​ចម្រុះ​កូរ៉េ​ខាង​ត្បូង បាន​បញ្ជាក់​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ចេញ​ពី​ទីក្រុង Wonsan ដែល​ជា​ទីក្រុង​ជាប់​ឆ្នេរ​សមុទ្រ​ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស ហើយ​គ្រាប់​មីស៊ីល​ទាំង​នោះ​ហោះ​បាន​ចម្ងាយ​ប្រមាណ ២ រយ​គីឡូម៉ែត្រ មុន​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន។

ការ​សាកល្បង​គ្រាប់​មីស៊ីល​លើក​នេះ គឺ​ជា​ការ​សាកល្បង​លើក​ទី ៤ របស់​កូរ៉េ​ខាង​ជើង នៅ​ក្នុង​រយៈពេល​មួយ​ខែ និង​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​នៅ​សប្ដាហ៍​នេះ។

ការ​សាកល្បង​មីស៊ីល​កាល​ពី ៣ លើក​មុន នៅ​ក្នុង​រយៈពេល​មួយ​ខែ គឺ​ជា​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល ដោយ​កូរ៉េ​ខាង​ជើង​ទំនង​ជា​ប្ដូរផ្ដាច់​នៅ​ក្នុង​ការ​ផលិត​គ្រាប់​មីស៊ីល​មួយ ដែល​មាន​សមត្ថភាព​អាច​ដឹក​ជញ្ជូន​អាវុធ​នុយក្លេអ៊ែរ និង​អាច​ហោះ​ដល់​ដែនដី​របស់​សហរដ្ឋ​អាមេរិក​បាន៕

XS
SM
MD
LG