ព្រះសង្ឃនិងពលករខ្មែរក្នុងប្រទេសកូរ៉េខាងត្បូងមិនមានក្តីបារម្ភប៉ុន្មានទេ ទោះជាប្រទេសកូរ៉េខាងជើងគំរាមវាយប្រហារស.រ.អា.និងកូរ៉េខាងត្បូង ដោយប្រើប្រាស់អាវុធនុយក្លេអ៊ែប្រល័យលោកក្តី។
មានថេរដីកាប្រាប់VOA ផ្នែកខេមរភាសាក្នុងពេលដំណើរកម្សាន្ត ជាមួយ ព្រះសង្ឃ និង ពលករខ្មែរខ្លះនៅតំបន់អ៊ីមជីងកាក់(Imjingak) ក្រុងផាជូ (Paju) ជាប់នឹងទល់ដែនកូរ៉េខាងជើង កាលពីថ្ងៃសុក្រ ព្រះតេជគុណ រិន សារ៉ូ ប្រធានមជ្ឃមណ្ឌលពុទ្ធសានាខ្មែរនៅជាយក្រុងស៊ូវុន (Suwon) ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ដោយសង្ឃដីកាថាព្រះតេជគុណមិន សូវបារម្ភទេ ទោះជាឃើញថាអាមេរិកបញ្ជូននាវាចម្បាំងចូលមកដែនទឹក កូរ៉េ ក្រោយពីកូរ៉េខាងជើងគំរាមវាយប្រហារស.រ.អា.និងកូរ៉េខាងត្បូង ដោយប្រើប្រាស់អាវុធនុយក្លេអ៊ែប្រល័យលោកក្តី។
«ប៉ុន្តែម្តងនេះ ឃើញថា ស.រ.អា.ដឹកជញ្ជូនកប៉ាល់ផ្ទុកយន្តហោះតម្លើងក្បែរៗហ្នឹងចាប់ផ្តើមបារម្ភជាងមុនបន្តិច តែការគំរាមកំហែងនោះយើង ឃើញតាមដានតាមទូរទស្សន៍ឃើញថាញឹកញាប់ពេកទៅ វាជារឿងធម្មតាហើយ»។
ព្រះតេជគុណ សារ៉ូ ដែលតាមដានព័ត៌មានកូរ៉េជាប្រចាំ ហើយចេះភាសា កូរ៉េ ស្ទាត់ជំនាញនោះ បានបញ្ជាក់ដោយសង្ឃដីកាទៀតថាពលរដ្ឋកូរ៉េខាងត្បូងជា ទូទៅ ហាក់ដូចជាបន្តកិច្ចការប្រចាំថ្ងៃធម្មតា មិនមានការបារម្ភពេកដែរ។
យោធារបស់កូរ៉េខាងជើងកាលពីថ្ងៃសុក្របានធ្វើការឆ្លើយតបដោយផ្ទាល់ទៅនឹងការបន្តគំរាមកំហែងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលអះអាងថានឹងចាត់វិធានការចំពោះការគំរាមកំហែងនុយក្លែអ៊ែរបស់រដ្ឋាភិបាលក្រុងព្យូងយ៉ាង ស្របពេលដែលមានការរំពឹងទុកពីការសាកល្បងអាវុធនុយក្លែអ៊ែថ្មីដែលប្រហែលកើតមានឡើងនៅពេលឆាប់ៗនេះ។
បើយោងទៅតាមមន្ត្រីកងទ័ពប្រជាជនកូរ៉េបានប្រាប់ឲ្យដឹងថា៖ «ការវាយប្រហារតបតដ៏ខ្លាំងបំផុតរបស់យើងប្រឆាំងនឹងសហរដ្ឋអាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្តរបស់អាមេរិក នឹងត្រូវធ្វើឡើងដោយគ្មានត្រាប្រណីដើម្បី កុំឲ្យពួកឈ្លានពាននៅរស់រានមានជីវិត» ហើយមេដឹកនាំកូរ៉េខាងជើងគឺ ប្រធានាធិបតី គឺម ជុងអ៊ុនបានប្រកាសទម្លាក់ការទទួលខុសត្រូវរឿងភាព តានតឹងនេះទៅលើប្រធានាធិបតី ដូណាល់ ត្រាំ ហើយប្រាប់ថាសរអាត្រូវពិចារណាឡើងវិញពីជំហររបស់ខ្លួនក្រៅពីបញ្ជាក់ពីការត្រៀមខ្លួនរួចជា ស្រេចដើម្បីធ្វើសង្គ្រាមនុយក្លេអ៊ែជាមួយស.រ.អា.និងសម្ព័ន្ធមិត្តអាមេរិក។
លោក ហែម សំបូរ អាយុ៤៧ឆ្នាំដែលកំពុងធ្វើការជាពលករខ្មែរផ្នែកគ្រឿងអេឡិចត្រូនិចនៅចម្ងាយ៥០គីឡួម៉ែតពីព្រំដែនកូរ៉េខាងជើងបានថ្លែងថា លោកមិនសូវបារម្ភទេ ដោយសារលោកសម្តែងការទុកចិត្តលើប្រព័ន្ធការពាររបស់កូរ៉េខាងត្បូងនិងស.រ.អា។
«នៅកូរ៉េនេះខ្ញុំគិតថាជម្លោះគ្នាប្រទេសនឹងប្រទេសដូចជាមិនសូវបារម្ភដូច នៅស្រុកខ្មែរពីព្រោះថាយើងអ្នកធ្វើការគិតតែធ្វើការទៅ អ្នកការពារគេ ការពារផ្សេង។ អញ្ចឹងអត់ព្រួយទេ វាខុសពីស្រុកខ្មែរ បើថាប៉ាញ់គ្នាអញ្ចឹង ប្រជាជនពិបាករកស៊ី។ តែនៅកូរ៉េ(ខាងត្បូងនេះ)ជារឿងធម្មតា»។
លោកថាក្រុមហ៊ុនហាក់ដូចជាមិនបានប្រាប់ពីរឿងគំរាមកំហែងរបស់កូរ៉េ ខាងជើងទេ តែលោកថាបើច្បាប់គេឲ្យទៅផ្ទះវិញ លោកនឹងទៅវិញដែរ។
លោក ហែម សំបូរមានស្រុកកំណើតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ហើយមកធ្វើការនៅកូរ៉េ១១ឆ្នាំដើម្បីចញ្ចឹមកូន៥នាក់និងទ្រទ្រង់ជីវភាពគ្រួសារ។
ចំណែកលោកឃីម គឿន អាយុ៣៦ឆ្នាំ រស់នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែងក៏កំពុងធ្វើការនៅក្នុងរោងចក្រអេឡិចត្រនិច ជិតនឹងទល់ដែនកូរ៉េ ទាំងពីរនេះដែរ បានថ្លែងថាលោកមិនសូវបារម្ភប៉ុន្មានទេដោយសារថា ជនជាតិកូរ៉េដូចជាអ្នកគ្រប់គ្រងរបស់លោកក៏មិនសូវបារម្ភដែរ នៅពេលលោកសួរនាំពីការចង់វាយប្រហារអាវុធនុយក្លេអ៊ែនោះ។
«ជនជាតិកូរ៉េគាត់ថាមិនបាច់គិតទេរឿងហ្នឹង។ គាត់ថាកូនគាត់ និងឪពុកម្តាយគាត់ក៏នៅទីនេះទាំងអស់គ្នាដែរ ខំតែធ្វើការទៅបានហើយ ព្រោះអីនៅទីនេះ(ប្រទេសកូរ៉េ) គាត់ថាថ្នាក់ដឹកនាំប្រទេសខាងលើគេចេះដោះស្រាយហើយ គ្នាគេៗចេះនិយាយគ្នាហើយ មិនបាច់បារម្ភទេ។ យើងខំតែធ្វើការទៅ»។
លោកថាការមិនសូវព្រួយបារម្ភពេលនេះក៏ដោយសារថា វាបានកើតឡើង ច្រើនលើកច្រើនគ្រាជាច្រើនឆ្នាំកន្លងមកហើយចំពោះការគំរាមកំហែងស្រដៀងគ្នានេះ។ លោកបន្តថាលោកក៏ធ្លាប់ធ្វើដំណើរកម្សាន្តទៅតំបន់អ៊ីមជីងកាក់ជាតំបន់រមណីយដ្ឋាន ដែលមានស្តូបអនុស្សាវរីយនៃការបែកបាក់ ដោយសារសង្ក្រាមរវាងកូរ៉េទាំងពីរដែលអង្គការ UNESCO របស់សហប្រជាជាតិដាក់ជាបេតិកភណ្ឌពិភពលោក នៅជាប់ទល់ដែននោះដែរ ទោះជាមានការគំរាមកំហែងក្តី។
លោក វី សំណាង ជាពលករខ្មែរនៅកូរ៉េខាងត្បូងផ្នែកឩស្សាហកម្មបាន ថ្លែងប្រាប់ VOA ក្នុងពេលដំណើរកម្សាន្តនៅក្នុងរមណីយដ្ឋាន អ៊ីម ជីងកាក់ ជាប់ព្រំដែនកូរ៉េទាំងពីរថាទាំងប្អូននិងពលករដ៏ទៀតមិនទាន់ចង់វិលទៅប្រទេសកម្ពុជាវិញទេ ទោះជាមានការគំរាមកំហែងក្តី។ តែសំណាងបាន អះអាងថាមានការសួរនាំខ្លះតាមទូរសព្ទពីមិត្តភក្តិនិងក្រុមគ្រួសារនៅស្រុក ខ្មែរ។
«គាត់សួរនាំដែរ តែខ្ញុំឆ្លើយថា អត់ទាន់អីទេ ចាំមើលសភាពការណ៍បន្តិចទៀត»។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើការឆ្លើយតបទៅនឹងរបាយការណ៍ថាកូរ៉េខាងជើងបានប្រុងប្រៀបចុចបំផ្ទុះគ្រាប់បែកបរមាណូនៅក្រោមដីនៅ ព្រឹកថ្ងៃសៅរ៍ដើម្បីប្រារព្ធខួបកំណើតរបស់លោក Kim Il Sung បិតាបង្កើតមេដឹកនាំប្រទេសកូរ៉េខាងជើង។លោក ត្រាំ បានមានប្រសាសន៍នៅឯសេតវិមានថា៖
«ប្រទេសកូរ៉េខាងជើងជាបញ្ហា។ បញ្ហានេះនឹងត្រូវតែដោះស្រាយ»។
សេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងជើងដែលបានចេញផ្សាយកាលពី យប់ថ្ងៃសុក្រ នៅក្នុងទីក្រុងព្យូងយ៉ាង បានប្រកាសប្រឆាំងលោកប្រធានាធិបតី ត្រាំ ក្រោយពីស.រ.អា.បានបញ្ជូនកងនាវាចូលទៅក្នុងដែនសមុទ្រនៃឧបទ្វីបកូរ៉េនិងការតម្លើងប្រព័ន្ធទប់ស្កាត់អាវុធរបស់កូរ៉េខាងជើង ដោយនិយាយថា ការបង្ករឿងរបស់ប្រធានាធិបតីត្រាំមិនអាចអត់ឱនឲ្យបានឡើយ។
សេចក្តីថ្លែងការណ៍នោះបានព្រមានថា កងទ័ពកូរ៉េខាងជើង អាចបំផ្លាញមូលដ្ឋានយោធាសហរដ្ឋអាមេរិកក្នុងប្រទេសកូរ៉េខាងត្បូង ហើយនិងគេហដ្ឋានប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល ត្រឹមតែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ តែកូរ៉េខាងជើងបានផ្អាកការសាកល្បងអាវុធនុយក្លេអ៊ែ របស់ខ្លួនដែលប្រុងធ្វើកាលពីថ្ងៃសៅរ៍កន្លងទៅ។
ទោះជាយ៉ាងណាក្តីព្រះតេជគុណរិន សារ៉ូ ដែលជាបេក្ខជនបណ្ឌិត ផ្នែក សង្គមវិទ្យានៃសាកលវិទ្យាល័យ ឌុងហ្គុក (Dongguk University) ក្រុង សេអ៊ូលដែលគង់នៅប្រទេសកូរ៉េខាងត្បូងជាង១១ឆ្នាំហើយនោះ បាន មានថេរដីកាថាជម្រើសដ៏ល្អក្នុងដំណោះស្រាយនៃភាពតានតឹងនៃ ឧបទ្វីបកូរ៉េនេះគឺការចរចាដោយសន្តិវិធី ឈរលើសន្តិភាពនិងការអត់ឱនឲ្យគ្នា។
«បើថាចង់បានសន្តិភាព សេចក្តីសុខ ចង់បានការរួបរួមគ្នា លុះត្រា តែភាគី ទាំងពីរ ព្យាយាមខិតឱយជិតគ្នា ចរចាគ្នាខ្លះទៅ។ យើងពឹងកម្លាំងខាង ក្រៅក៏ពិតមែន តែយើងទាំងពីរ គូប្រជែងគ្នា គួរតែរកឱកាសខិតឲ្យជិតគ្នា»។
ព្រះតេជគុណបានបន្ថែមដោយសង្ឃដីកាថាប្រទេសទាំងពីរមិនត្រូវបង្រៀនប្រជាជនឱ្យស្អប់គ្នាទៅវិញទៅមកបន្តទៀតដែលនាំឲ្យប៉ះពាល់ដល់ការបង្រួបបង្រួមគ្នាដែលមានការបែកបាក់ដោយសង្គ្រាមជាច្រើន ទសវត្សរ៍មកហើយនោះទេ៕