ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិត្តិនាម​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ធ្លាក់​ចុះ ពេល​ដែល​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​រឿង​អាស្រូវ​នយោបាយ


បាតុករ​កូរ៉េខាងត្បូង​បាន​ស្រែក​នៅ​ពាក្យ​ស្លោក​ជា​ច្រើន​អំឡុង​ការ​ប្រមូល​ផ្តុំ​ទាមទារ​ឲ្យ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Park Geun-hye ចុះ​ចេញ​ពី​តំណែងកាល​ពី​ថ្ងៃទី ២៦ វិច្ឆិកា ២០១៦ ប្រទេស​កូរ៉េ​ខាង​ត្បូង​។
បាតុករ​កូរ៉េខាងត្បូង​បាន​ស្រែក​នៅ​ពាក្យ​ស្លោក​ជា​ច្រើន​អំឡុង​ការ​ប្រមូល​ផ្តុំ​ទាមទារ​ឲ្យ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Park Geun-hye ចុះ​ចេញ​ពី​តំណែងកាល​ពី​ថ្ងៃទី ២៦ វិច្ឆិកា ២០១៦ ប្រទេស​កូរ៉េ​ខាង​ត្បូង​។

ទោះបីជា​ប្រឈម​នឹង​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ទីក្រុង​សេអ៊ូល និង​ប្រឈម​នឹង​ការ​បោះ​ឆ្នោត​ចោទ​ប្រកាន់ ដែល​អាច​កើត​ឡើង​នៅ​ដើម​សប្ដាហ៍​នេះ​ក៏​ដោយ ក៏​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោកស្រី Park Geun-hye នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​ក្នុង​វិមាន​ប្រធានាធិបតី។

នៅ​ថ្ងៃ​ចន្ទ​នេះ មេធាវី​របស់​លោកស្រី លោក Yoo Young-ha បាន​បដិសេធ​សំណើ​មួយ​ផ្សេង​ទៀត​របស់​រដ្ឋអាជ្ញា​រដ្ឋាភិបាល ដើម្បី​សុំ​សាកសួរ​លោកស្រី Park Geun-hye នៅ​សប្ដាហ៍​នេះ អំពី​ឥទ្ធិពល​នៅ​ក្នុង​រឿង​អាស្រូវ​នយោបាយ​ពាក់ព័ន្ធ​នឹង​លោកស្រី Choi Soon-sil ដែល​ជា​មិត្តភក្ដិ​ជិតស្និទ្ធ​របស់​លោកស្រី។

អស់​រយៈពេល ៥ សប្ដាហ៍ ជាប់ៗ​គ្នា​មក​ហើយ ដែល​គេ​ឃើញ​មាន​ការ​តវ៉ា​ដោយ​សន្តិវិធី​ទ្រង់ទ្រាយ​ធំ​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដើម្បី​ទាមទារ​ទម្លាក់​លោកស្រី Park Geun-hye ចេញ​ពី​តំណែង។ អ្នក​រៀបចំ​ការ​តវ៉ា​ទាំង​នេះ បាន​បញ្ជាក់​ថា មាន​មនុស្ស​ប្រហែល​ជិត ២ លាន​នាក់ ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​នេះ​នៅ​ទូទាំង​ប្រទេស និង​មនុស្ស​ប្រហែល ១ លាន ៥ សែន​នាក់ ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​នេះ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល។ ចំណែក​ឯ​ប៉ូលិស​វិញ​ថា អ្នក​ចូលរួម​តវ៉ា​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​មាន​ចំនួន​តែ​ជិត ២ សែន ៧ ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ។

ការ​ស្ទង់​មតិ​នា​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ចំនួន ៨០ ភាគរយ គាំទ្រ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​លោកស្រី​ប្រធានាធិបតី Park Geun-hye។

លោកស្រី​ប្រធានាធិបតី Park Geun-hye បាន​ចេញ​សារ​សុំទោស​ជា​សាធារណៈ​ចំនួន​ពីរ​ដង​រួច​មក​ហើយ បន្ទាប់ពី​រឿង​អាស្រូវ​នយោបាយ​នេះ​បាន​ផ្ទុះ​ឡើង ហើយ​គេ​ឃើញ​មាន​ការ​រាយការណ៍​ថា លោកស្រី​អាច​នឹង​ចេញ​សារ​សុំទោស​ជា​សាធារណៈ​លើក​ទី ៣ នៅ​ក្នុង​សប្ដាហ៍​នេះ៕

XS
SM
MD
LG