កតិកាសញ្ញាយោធារវាងជប៉ុននិងកូរ៉េខាងត្បូងកំពុងរងការតវ៉ាពីសំណាក់ភាគីនៅក្នុងទីក្រុងសេអ៊ូល ដែលកំពុងប្រឆាំងតវ៉ាទៅលើកិច្ចព្រមព្រៀងនេះ ហើយថាកិច្ចព្រមព្រៀងត្រូវបានរៀបចំឡើងលឿនពេក។
ភាពខុសគ្នានៅក្នុងប្រវត្តិសាស្ត្រនៅតែបែងចែកប្រទេសទាំងពីរនេះយ៉ាងខ្លាំង ហើយមិនមានភាពច្បាស់លាស់ ថាតើកិច្ចព្រមព្រៀងយោធានេះនឹងជាសញ្ញាព្រមានជុំវិញទំនាក់ទំនងនយោបាយរវាងកូរ៉េខាងត្បូងដែលធ្លាប់ស្ថិតក្រោយអាណានិគមរបស់ជប៉ុន ជាមួយនិងជប៉ុនដែលធ្លាប់ជាប្រទេសដាក់អាណានិគមទៅលើកូរ៉េនោះ។
បច្ចុប្បន្ននេះ លោកស្រីប្រធានាធិបតី Park Geun-hye កំពុងតតាំងដើម្បីបន្តតំណែងរបស់លោកស្រី ក្រោយត្រូវបានជាប់ឈ្មោះនៅក្នុងរឿងអាស្រូវពុករលួយទាក់ទិននឹងការរំលោភអំណាចនិងការជំរិតយកប្រាក់។ ប្រសិនបើលោកស្រីអាចរួចផុតនៅក្នុងការប៉ុនប៉ងទម្លាក់លោកស្រី ក្រុមអ្នកវិភាគបានថ្លែងថា លោកស្រីទំនងនឹងបន្តគ្រប់គ្រងប្រទេសក្នុងនាមជាប្រធានាធិបតីដែលគ្មានអំណាចរហូតដល់ចប់អាណត្តិរបស់លោកស្រី។
ក្រោមកិច្ចព្រមព្រៀងសន្តិសុខព័ត៌មានយោធាទូទៅ រដ្ឋាភិបាលក្រុងសេអ៊ូលនិងរដ្ឋាភិបាលក្រុងតូក្យូ អាចចែករំលែកព័ត៌មានសម្ងាត់របស់យោធាទាក់ទិននឹងកូរ៉េខាងជើងដោយផ្ទាល់ជាមួយនឹងគ្នា៕