មនុស្សយ៉ាងតិច ១៥ នាក់បានរងរបួសនៅពេលដែលយន្តហោះចម្បាំងកូរ៉េខាងត្បូងពីរគ្រឿងច្រឡំទម្លាក់គ្រាប់បែកលើភូមិមួយដែលមានមនុស្សរស់នៅក្នុងអំឡុងការធ្វើសមយុទ្ធនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមមន្ត្រីកូរ៉េខាងត្បូងនិងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា។
យន្តហោះនីមួយៗក្នុងចំណោមយន្តហោះចម្បាំង KF-16 ទាំងពីរគ្រឿង «បានទម្លាក់ខុសប្រក្រតី» នូវគ្រាប់បែក MK-82 ទម្ងន់ប្រហែល ២២៦ គីឡូក្រាមចំនួន ៤ គ្រាប់នៅខាងក្រៅរង្វង់ហ្វឹកហាត់ដែលរៀបចំឡើងក្នុងតំបន់ Pocheon ក្នុងអំឡុងសមយុទ្ធបាញ់គ្រាប់ពិតនៅម៉ោងប្រមាណ ១០ ព្រឹកម៉ោងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង។
មន្ត្រីក្រសួងនោះបានបន្ថែមថា យន្តហោះចម្បាំងទាំងពីរគ្រឿងនេះបានចូលរួមនៅក្នុងសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនៅជិតព្រំដែនរវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើង។
មនុស្សយ៉ាងតិច ២ នាក់បានរងរបួសធ្ងន់ធ្ងរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង។ ទីភ្នាក់ងារនេះបានរាយការណ៍ថា គេរំពឹងថានឹងមានជនរងគ្រោះបន្ថែមទៀតដោយសារតែអ្នកភូមិនៅបន្តស្នើសុំការព្យាបាល។ ទីភ្នាក់ងារនេះបានបន្ថែមថាវិហារគ្រិស្តសាសនាមួយកន្លែងនិងអគារ ៧ ខ្នងផ្សេងទៀតបានរងការខូចខាត។
រូបភាពនៅក្នុងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានបង្ហាញនូវដំបូលបាក់បែក បង្អួចប្រេះស្រាំ និងកម្ទេចកំទីនានាធ្លាក់រប៉ាត់រប៉ាយនៅក្បែរនោះ។
មន្ត្រីផ្នែកការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា ឧប្បត្តិហេតុនេះកើតឡើងបណ្ដាលមកពីការកំណត់ទីតាំងមិនបានត្រឹមត្រូវ និងថាសមយុទ្ធបាញ់គ្រាប់ពិតនេះត្រូវបានផ្អាករង់ចាំការស៊ើបអង្កេតបន្ថែម៕
វេទិកាបញ្ចេញមតិ