ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​សាទរ​សេចក្តីសម្រេច​របស់​អាមេរិក​ក្នុង​ការ​ហៅ​កូរ៉េ​ខាង​ជើង​ថា​ជា «ក្តី​បារម្ភ​អំពី​ការ​លាង​លុយ​កខ្វក់​សាកលលោក»


លោក John Kirby ជាអ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក។
លោក John Kirby ជាអ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កូរ៉េ​ខាង​ត្បូង​សាទរ​ចំពោះ​សេចក្តីសម្រេច​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ហៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ថា​ជា «ក្តី​បារម្ភ​អំពី​ការ​លាង​លុយ​កខ្វក់​សាកលលោក» ដែល​មាន​គោលបំណង​ទុក​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ឲ្យ​នៅឯកោ​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាកលលោក។ លោក Cho June-Hyuck អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​របស់​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា ការណ៍​នេះ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​មោះមុត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​អនុវត្ត​ទៅ​តាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លេខ២២៧០ និង​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​ និង​មីស៊ីល​របស់​ប្រទេស​នេះ។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក John Kirby កាល​ពី​ថ្ងៃ​ពុធ​បាន​ប្រកាស​អំពី​ការ​ស្នើ​ចំណាត់ការ​ថ្មី​របស់​ក្រសួង​រតនាគារជាតិ​អាមេរិក ដែល​មាន​គោលបំណង​រារាំង​មិន​ឲ្យ​មាន​សកម្មភាព​ហិរញ្ញវត្ថុ​ដោយ​ផ្ទាល់​ និង​ប្រយោល​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​របស់​សហរដ្ឋអាមេរិក​នោះ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង​រូប​នោះ​បាន​និយាយ​ថា ចំណាត់ការ​ចុងក្រោយ​បង្អស់​របស់​សហរដ្ឋអាមេរិក​មួយ​នេះ​អាច​នឹង​ធ្វើ​បាន​ជោគជ័យ​ច្រើន​ជាង​ចំណាត់ការ​កាល​ពី​ឆ្នាំ​២០០៥​ទៅ​លើ​ធនាគារ Banco Delta Asia ដែល​មាន​មូលដ្ឋាន​នៅ​ម៉ាកាវ។ ចំណាត់ការ​នោះ​បាន​ធ្វើ​ឲ្យ​មាន​ការ​បង្កក​ប្រាក់​២៥​លាន​ដុល្លារ​នៅ​ក្នុង​គណនី​ធនាគារ​របស់​កូរ៉េ​ខាង​ជើង​មួយ​ចំនួន។ ការ​បង្កក​ប្រាក់​នោះ​បាន​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​សន្យា​ថា​នឹង​ដក​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ចេញ។

ខណៈ​ពេល​ជាមួយ​គ្នា​នោះ​ដែរ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ពុធ បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ថ្កោលទោស​ទៅ​លើ​ការ​សាកល្បង​គ្រាប់​មីស៊ីល​នា​ពេល​បច្ចុប្បន្ន​នេះ​របស់​កូរ៉េខាងជើង ដោយ​បាន​ហៅ​សកម្មភាព​នេះ​ថា​ជា​ការបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​លើក​មុន ដែល​ហាមឃាត់​រាល់​សកម្មភាព​ពាក់ព័ន្ធ​នឹង​គ្រាប់​មីស៊ីល​និង​នុយក្លេអ៊ែរ។ ក្រុមប្រឹក្សា​នេះ​បាន​ស្នើ​ឲ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ទ្វេដង ដើម្បី​អនុវត្ត​សេចក្តីសម្រេច​កាល​ពី​លើក​មុន និង​បាន​ព្រមាន​កូរ៉េខាងជើង​អំពី​ការចាត់​វិធានការ​ចាំបាច់​បន្ថែម​ទៀត៕

XS
SM
MD
LG