រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសអាសន្នសម្រាប់បេសកកម្មការទូតចំនួន ៥ នៅក្រៅប្រទេសក្នុងនោះក៏មានស្ថានទូតកូរ៉េប្រចាំនៅកម្ពុជាផងដែរ ដោយព្រមានពីការវាយប្រហារដោយកូរ៉េខាងជើង។ មន្រ្តីក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ស្កាត់ការវាយប្រហារនានាដែលកើតឡើងនៅលើទឹកដីកម្ពុជា។
នេះជា «ការជូនដំណឹង» កម្រិតខ្ពស់បំផុតទីពីរនៅក្នុងប្រព័ន្ធបួនកម្រិត (a four-tier system ) ដែលបង្ហាញពី«លទ្ធភាពខ្ពស់នៃការវាយប្រហារភេរវកម្ម»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងត្បូងចុះថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤។
សេចក្តីថ្លែងការណ៍ដដែលនិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍របស់មជ្ឈមណ្ឌលប្រឆាំងភេរវកម្មរបស់ប្រទេសកូរ៉េខាងត្បូង។
មន្ត្រីកូរ៉េខាងត្បូងនាពេលថ្មីៗនេះបានទទួលព័ត៌មានសម្ងាត់ថា កូរ៉េខាងជើងដែលជាសត្រូវរបស់ខ្លួនរាប់ឆ្នាំមកហើយគ្រោងនឹងធ្វើឱ្យអន្តរាយដល់អ្នកការទូតកូរ៉េខាងត្បូង ដោយមិនបានបង្ហាញពីលក្ខណៈពិតប្រាកដនៃការគំរាមកំហែងនោះទេ។ នេះបើតាមសេចក្តីថ្លែងការណ៍។
បេសកកម្មការទូតដែលត្រូវបានប្រកាសអាសន្នទាំង ៥ នោះ រួមមានស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ឡាវ និងវៀតណាម ព្រមទាំងស្ថានកុងស៊ុលនៅទីក្រុងវ្លាឌីវ៉ូស្តុក ភាគខាងកើតនៃប្រទេសរុស្ស៊ី (Vladivostok) និងទីក្រុងសេនយ៉ាង ភាគឦសាននៃប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា រាជរដ្ឋាភិបាល រួមទាំងក្រសួងការបរទេសកម្ពុជាគិតគូរយ៉ាងហ្មត់ចត់ចំពោះព័ត៌មាននានា ទាក់ទងនឹងសន្តិសុខនៃបេសកកម្មបរទេសទាំងអស់នៅកម្ពុជា។
លោកបញ្ជាក់ថា៖ «ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយបេសកកម្មពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានេះ»។
បើតាមអ្នកនាំពាក្យរូបនេះ ជាគោលការណ៍មិនត្រូវមានការពិភាក្សាជាសាធារណៈចំពោះបញ្ហារសើបនេះ ឬវិធានការដែលអាជ្ញាធរត្រូវរៀបចំនោះទេ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាបាននៅឡើយទេ។
អ្នកយកព័ត៌មានវីអូអេបានចុះទៅដល់ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅទីក្រុងភ្នំពេញ ឃើញមន្រ្តីនគរបាលខ្មែរ ៦ នាក់ កំពុងយាមនៅខាងមុខស្ថានទូត ដែលខុសពីធម្មតា។ អ្នកយកព័ត៌មានវីអូអេត្រូវបានហាមមិនឱ្យថតរូបស្ថានទូត ដោយមន្រ្តីនគរបាលប្រាប់ថា៖ «ទាល់តែសុំការអនុញ្ញាតពីមេខាងលើសិន បានអាចថតបាន»។
ទីភ្នាក់ងារសារព័ត៌មាន AFP បានស្រង់សម្តីរបស់ភ្នាក់ងារចារកិច្ចរបស់កូរ៉េងខាងត្បូង ថ្មីៗនេះថា ខ្លួនបាន «រកឃើញសញ្ញាជាច្រើនដែលបង្ហាញថា កូរ៉េខាងជើងកំពុងរៀបចំសម្រាប់ការវាយប្រហារភេរវកម្មប្រឆាំងនឹងបុគ្គលិកស្ថានទូតរបស់យើង ឬប្រជាពលរដ្ឋនៅក្នុងប្រទេសផ្សេងៗដូចជាប្រទេសចិន ប្រទេសនៅអាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា។
កូរ៉េខាងជើងបានបញ្ជូនភ្នាក់ងារទៅប្រទេសទាំងនេះ ដើម្បីពង្រីកការឃ្លាំមើលស្ថានទូតកូរ៉េខាងត្បូងហើយក៏កំពុងចូលរួមក្នុងសកម្មភាពជាក់លាក់ ដូចជាការស្វែងរកពលរដ្ឋកូរ៉េខាងត្បូង ដែលជាគោលដៅភេរវករដ៏មានសក្តានុពល»។ នេះបើតាមសារព័ត៌មាន AFP៕
វេទិកាបញ្ចេញមតិ