មន្ត្រីកូរ៉េខាងជើងបាននិយាយនៅថ្ងៃច័ន្ទនេះថា រដ្ឋាភិបាលទីក្រុងសេអ៊ូលនិងសហរដ្ឋអាមេរិក កំពុងពិភាក្សាគ្នាអំពី «សម្ភារៈយុទ្ធសាស្ត្រ» ផ្សេងៗទៀតរបស់អាមេរិក ដែលអាចយកទៅប្រើប្រាស់ឲ្យមានប្រសិទ្ធិភាពបំផុតនៅលើឧបទ្វីបកូរ៉េ។
ការលើកឡើងនេះកើតឡើងមួយថ្ងៃ ក្រោយពីសហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿង ដែលអាចទម្លាក់គ្រាប់បានចម្ងាយឆ្ងាយឲ្យហោះពីលើប្រទេសកូរ៉េខាងត្បូង ជាការឆ្លើយតបយ៉ាងច្បាស់ក្រឡែតចំពោះការសាកល្បងអាវុធបរមាណូចុងក្រោយបំផុតរបស់កូរ៉េខាងជើង។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Kim Min-seok, មានប្រសាសន៍ប្រាប់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters ថា «សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងកំពុងបន្តពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីការប្រើប្រាស់សម្ភារៈយុទ្ធសាស្ត្របន្ថែមទៀត»។ ប៉ុន្តែលោកបដិសេធមិនអធិប្បាយលម្អិតអំពីសម្ភារៈយុទ្ធសាស្ត្របន្ថែមនោះទេ។
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP និងទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍ថា សម្ភារៈយុទ្ធសាស្ត្រទាំងនោះ អាចរួមបញ្ចូលនាវាផ្ទុកយន្តហោះដែលដំណើរការដោយថាមពលបរមាណូរបស់អាមេរិកឈ្មោះ USS Ronald Reagan ដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសជប៉ុន និងយន្តហោះទម្លាក់គ្រាប់បែក B-2 ព្រមទាំងនាវាមុជទឹកដើរដោយថាមពលបរមាណូ ហើយយន្តហោះចម្បាំងឥតស្រមោល F-22 ផងដែរ។
ការហោះហើរនៃយន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិក កាលពីថ្ងៃអាទិត្យ តែប៉ុន្មានម៉ោងក្រោយពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយការពារការសាកល្បងអាវុធបរមាណូដែលគេសង្ស័យថាជាគ្រាប់បែកអ៊ីដ្រូហ្សែនកាលពីថ្ងៃពុធនោះ។
លោក Kim Jong Un បានចាត់ទុកការសាកល្បងនោះថាជា «សិទ្ធិស្របច្បាប់នៃរដ្ឋអធិបតេយ្យមួយ ហើយក៏ជាទង្វើដ៏ត្រឹមត្រូវដែលគ្មាននរណាម្នាក់អាចរិះគន់បានទេ»។
ប្រមុខដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានមានប្រសាសន៍បែបនេះ នៅពេលថ្លែងសុន្ទរកថាមួយ នៅឯក្រសួងកងកម្លាំងប្រដាប់អាវុធប្រជាជនរបស់កូរ៉េខាងជើង។
ប្រទេសកូរ៉េខាងត្បូងបានជំរុញឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាមួយប្រឆាំងនឹងកូរ៉េខាងជើង ចំពោះការសាកល្បងអាវុធបរមាណូនោះ ដែលជាការសាកល្បងអាវុធបែបនេះលើកទី៤ហើយរបស់ប្រទេសកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០០៦មក៕